អង់គ្លេស​​ចាប់ខ្លួន​​មនុស្ស​បីនាក់​ទៀត​​សង្ស័យ​​ពាក់ព័ន្ធ​​នឹង​​សាកសព​​៣៩​នាក់​

26-10-2019 11:28 am 317

​ប៉ូលិស​អង់គ្លេស​ដែល​ស៊ើបអង្កេត​ករណី រកឃើញ​សាកសព​៣៩​នាក់​ក្នុង​រថយន្ដ​ដឹកទំនិញ បាន​បញ្ជាក់ថា​ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​បីនាក់​ទៀត​កាលពី​ថ្ងៃ​សុក្រ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស​។ ស្របពេល​ដែល​អ្នកជំនាញ​កំពុងធ្វើការ​ដើម្បី​កំណត់​អត្ដ​សញ្ញាណ​ជនរងគ្រោះ ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​អង់គ្លេស​បាន​បញ្ជាក់ថា ក្រុមគ្រួសារ​ជនជាតិ​វៀតណាម​ជាច្រើន​ក៏​កំពុង​ព្រួយបារម្ភ ព្រោះ​ក្នុងចំណោម​អ្នកស្លាប់​អាចមាន​សមាជិកគ្រួសារ​របស់គេ​ដែរ​។ ពួកគេ​ក៏​បាត់​សមាជិក​របស់ខ្លួន ក្នុងករណី​ស្រដៀង​គ្នា​នេះ​។ បច្ចុប្បន្នកំពុង​មាន​ក្ដីបារម្ភ​ថា យ៉ាងហោចណាស់​មាន​ជន​ជាតិ​វៀតណាម​ចំនួន​១០​នាក់ អាច​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​៣៩​នាក់​។​

​ប៉ូលិស​អង់គ្លេស​ដើមឡើយ​អះអាងថា សាកសព​រកឃើញ​ទាំងអស់​គឺជា​ជន​ជាតិចិន ប៉ុន្ដែ​ស្ថានទូត​ចិន​ប្រចាំ​អង់គ្លេស​ថា មិនទាន់​បានទទួល​ការបញ្ជាក់​ពី​អត្ដ​សញ្ញាណ​នៅឡើយ​។ ដូច្នេះ​ពេលនេះ​គ្រប់យ៉ាង​ស្ថិតក្នុង​មន្ទិលសង្ស័យ​។ ប៉ូលិស​ក្នុង​តំបន់​កើតហេតុ​របស់​អង់គ្លេស​បាន​និយាយថា អាជ្ញាធរ​សុំ​ជំពាក់​ព័ត៌មាន​ជុំវិញ​អ្នកស្លាប់​សិន ដោយ​ពេលនេះ​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​ប្រមូល​ភស្ដុតាង​ឲ្យបាន​ច្បាស់លាស់​។​

​ចំណែក​មនុស្ស​បីនាក់​ដែល​ទើប​ចាប់ខ្លួនបាន មាន​បុរស​ម្នាក់​និង​ស្ដ្រី​ម្នាក់​អាយុ​៣៨​ឆ្នាំ​ដូចគ្នា រស់នៅក្នុង​ទីក្រុង​Warrington​ភាគ​ពាយព្យ​ប្រទេស​អង់គ្លេស​។ រីឯ​បុរស​ម្នាក់ទៀត​អាយុ​៤៨​ឆ្នាំ​មកពី​អៀរ​ឡង់​ខាងជើង ហើយ​ពួកគេ​ទាំងបី​នាក់​ជាប់​សង្ស័យ​ពីបទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​និង​ការធ្វើ​ចរាចរ​សាកសព​។​

​គួរ​បញ្ជាក់ថា រថយន្ដ​កុងតឺន័រ​ដឹក​សាកសព​ត្រូវ​ប៉ូលិស​អង់គ្លេស​ឃាត់​បាន​កាលពី​ថ្ងៃទី​២៣​តុលា នៅ​ភាគ​ខាងកើត​ទីក្រុង​ឡុង​ដ៍ បន្ទាប់ពី​ធ្វើដំណើរ​តាម​ស្រឡាង​មកពី​ប្រទេស​បែលហ្ស៊ិក​។ ក្នុងចំណោម​សាកសព​ទាំង​៣៩​នាក់ មាន​៨​នាក់​ជា​ស្ដ្រី​និង​៣១​នាក់​ជា​បុរស ក្នុងនោះ​មាន​ក្មេង​ជំទង់​ម្នាក់​ផងដែរ​។ យ៉ាងណាមិញ​មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ករណីនេះ ពុំទាន់​មាន​ការបញ្ជាក់​ឲ្យដឹង​ទេ ដោយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ថែម​។ ប៉ុន្ដែ​វា​បាន​ធ្វើឲ្យមាន​ក្ដីបារម្ភ​កើតឡើង​ជាថ្មី ជុំវិញ​បញ្ហា​ជួញដូរ​មនុស្ស​៕

ព័ត៌មានផ្សេងទៀត