EU​​នឹង​សម្រេច​​នៅសប្ដាហ៍​ក្រោយ​វិញ​លើ​ការសុំ​ពន្យារពេល​​ដើរចេញ​​របស់​អង់គ្លេស​

26-10-2019 9:06 am 163
ទង់ជាតិអឺរ៉ុប(ឆ្វេង)​និងទង់ជាតិអង់គ្លេស

​សហភាព​អឺរ៉ុប​បានឲ្យដឹងថា ការសម្រេចចិត្ដ​លើ​សំណើ​របស់​អង់គ្លេស ដែល​សុំ​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប​នោះ នឹងត្រូវ​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ​វិញ​។ តាមពិត​សហភាព​អឺរ៉ុប​ត្រូវ​សម្រេចចិត្ដកាល​ពីថ្ងៃ​សុក្រ ប៉ុន្ដែ​មាន​ការបោះឆ្នោត​ជា​ឯកច្ឆន្ទ​ពី​បណ្ដា​ប្រទេស​សមាជិក គឺ​ចាំបាច់​ត្រូវ​ពន្យារពេល​អនុម័ត​លើ​សំណើ​របស់​អង់គ្លេស​។ តាម​ការបញ្ជាក់​ពី​មន្ដ្រី​នៃ​សហភាព​អឺរ៉ុប ការសម្រេចចិត្ដ​អាចនឹង​ប្រកាស​នៅថ្ងៃចន្ទ​ឬ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​។​

​សូមបញ្ជាក់ថា អង់គ្លេស​បាន​ដាក់សំណើ​ទៅ​សហភាព​អឺរ៉ុប ដើម្បី​សុំ​ពន្យារពេល​ដើរ​ចេញពី​អឺរ៉ុប បន្ទាប់ពី​ការបោះឆ្នោត​នៅ​សភា​មិន​គាំទ្រ​កាលបរិច្ឆេទ ដែល​កំណត់​យក​ថ្ងៃទី​៣១​ខែតុលា​នេះ​ដើម្បី​ចាកចេញ​។ សមាជិក​សភា​​អង់គ្លេស​បាន​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប​ហើយ ប៉ុន្ដែ​មិន​ឯកភាព​លើ​ពេលវេលា​នៃ​ការចាកចេញ ហើយ​បានទាមទារ​ឲ្យ​ពន្យារពេលសិន​។ ទីបំផុត​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ក៏​សម្រេច​ដាក់​លិខិត​ទៅ​អឺរ៉ុប ដើម្បី​សុំ​លើក​ពេល​បី​ខែ​ទៀត តែ​តាមពិតចិ​ត្ដ​លោកមិន​ចង់​នោះទេ​។ លោក​នាយករដ្ឋមន្ដ្រី​អង់គ្លេស​បូរី​ស ច​ន​សុន ក៏​គ្រោង​នឹងដាក់​ញត្ដិ​ទៅ​សភា ដើម្បី​សុំឲ្យ​រៀបចំ​ការបោះឆ្នោត​មុនកំណត់​មួយនៅ​ថ្ងៃទី​១២​ខែធ្នូ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត