រុស្ស៊ី​និង​ស៊ី​រី​​ចាប់ផ្ដើម​​ពង្រាយ​ទ័ព​កាន់តែច្រើន​​ទៅ​តំបន់​​ព្រំដែន​​ជាមួយ​តួ​ក​គី​

26-10-2019 8:31 am 156

ស៊ី​រី​និង​រុស្ស៊ី​កាលពី​ថ្ងៃទី​២៥​តុលា​នេះ បាន​បញ្ជូន​ទ័ព​បន្ថែម​ទៅកាន់​តំបន់​ព្រំដែន​ស៊ី​រី​ក្បែរ​ប្រទេស​តួ​ក​គី ខណៈដែល​សហរដ្ឋអាមេរិក​បានប្រកាស​ដែរថា នឹង​បន្ដ​រក្សាទុក​កងទ័ព​ខ្លះ​វិញ​នៅក្បែរ​តំបន់​ប្រេង​សំខាន់ៗ​របស់​ស៊ី​រី​។ សហរដ្ឋអាមេរិក​កាលពីដើម​ខែតុលា បានប្រកាស​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ជា​ទីតាំង​កាន់កាប់​ដោយ​ក្រុម​ជីវពល​ឃឺ​ដ បង្កឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង ហើយ​ក៏ដូចជា​ការបើក​ផ្លូវ​ឲ្យ​តួ​ក​គី​ចូល​វាយលុក​ដូច្នេះ​ដែរ​។ 

​តួ​ក​គី​បានចាប់ផ្ដើម​ប្រតិ​បត្ដិកា​រវាយ​លុ​កនៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃទី​០៩​ខែតុលា​ក្នុង​បំណង​បោសសម្អាត​ក្រុមឃឺ​ដ ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​អង្គការ​ភេរវកម្ម​។ តួ​ក​គី​ក៏​ចង់បាន​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ទំហំ​៣០​គីឡូម៉ែត្រ បង្កើតជា​តំបន់​សុវត្ថិភាព​ឲ្យ​ជនអន្ដោប្រវេសន៍​ស៊ី​រី​ប្រមាណ​២​លាន​នាក់​កំពុងស្នាក់នៅ​តួ​ក​គី ចូលទៅ​តាំង​ទីលំនៅ​ក្នុង​តំបន់​សុវត្ថិភាព​នោះ​។ ប៉ុន្ដែ​ប្រតិ​បត្ដិកា​ររបស់​តួក​គីធ្វើឡើង​មិនបានប៉ុន្មាន​ផង ក៏​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​អន្ដរជាតិ ហើយ​ទីបំផុត​ក៏មាន​ការព្រមព្រៀង​លើ​បទ​ឈប់​បាញ់​មួយ​ជាមួយ​អាមេរិក​។ 

​តួ​ក​គី​ក៏​ទើប​ព្រមព្រៀង​ជាមួយ​រុស្ស៊ី ជុំវិញ​ផែនការ​ជម្លៀស​ទ័ព​ក្រុមឃឺ​ដ​ចេញពី​តំបន់ភាគ​ខាងជើង​ប្រទេស​ស៊ីរី​ផងដែរ​។ ក្នុង​កិច្ច​ជំនួប​រវាង​ថ្នាក់ដឹកនាំ​តួ​ក​គី​និង​រុស្ស៊ី មេដឹកនាំ​រុស្ស៊ី​បាន​សន្យា​និង​បញ្ជូន​ទ័ព​ទៅ​ជួយ​សម្រួល​ដល់​ការជម្លៀស​ទ័ព​ក្រុមឃឺ​ដ ចេញពី​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ ការប្ដេជ្ញាចិត្ដនេះ​តួក​គី​គាំទ្រ​យ៉ាង​ពេញទំហឹង ហើយ​ប្រទេស​ទាំងពីរ​សន្យា​នឹង​សហការ​ល្បាត​រួមគ្នា​នៅ​តំបន់​ព្រំដែន​ស៊ី​រី​ថែមទៀត​។ រុស្ស៊ី​គឺជា​សម្ព័ន្ធមិត្ដ​ចាក់ទឹកមិនលិ​ច​របស់​ស៊ីរី ដែល​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​រដ្ឋាភិបាល​ស៊ី​រី​តាំងពី​ឆ្នាំ​២០១៥​។​

​ក្រោយ​បាន​ព្រមព្រៀង​ក្នុង​កិច្ច​ជំនួប​នៅ​រុស្ស៊ី រុស្ស៊ី​ក៏​ចាប់ផ្ដើម​បញ្ជូន​ទ័ព​របស់ខ្លួន​ប្រចាំការ​នៅ​ស៊ី​រី រួម​ដំណើរ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ចូល​ទៅកាន់​តំបន់​ព្រំដែន​ជាមួយ​តួ​ក​គី​។ តាម​ការបញ្ជាក់​ពី​ក្រុម​តាមដាន​សិទ្ធិមនុស្ស​មាន​មូលដ្ឋាន​នៅ​ស៊ី​រី មាន​រថយន្ដយោធា​ចំនួន​១៨០​គ្រឿង​បាន​ចូល​ទៅដល់​ទីក្រុង​កូបា​ណេ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ ទីក្រុង​ម៉ូស្គូ​បាន​និយាយ​ដែរថា បាន​បញ្ជូន​កងទ័ព​បន្ថែម​របស់ខ្លួន​ប្រមាណ​៣០០​នាក់​ទៀត ធ្វើដំណើរ​ទៅដល់​ប្រទេស​ស៊ី​រី​រួចហើយ ដើម្បី​ជួយ​ធានា​ដល់​ការ​ដកទ័ព​ក្រុមឃឺ​ដ​ចេញពី​តំបន់​ទំហំ​៣០​គីឡូម៉ែត្រ ដែល​តួ​ក​គី​ចង់បាន​ធ្វើជា​តំបន់​សុវត្ថិភាព​៕

ព័ត៌មានផ្សេងទៀត