អង្គការសង្គមស៊ីវិលបានអះអាងថា អាជ្ញាធរមូលដ្ឋានមួយចំនួន នៅតែមានការរារាំងនៅពេលដែលពួកគេចុះធ្វើសកម្មភាពនៅសហគមន៍មូលដ្ឋាន ជួបជាមួយប្រជាពលរដ្ឋ ក៏ប៉ុន្តែក៏មានអាជ្ញាធរមូលដ្ឋានមួយចំនួន បានសហការជាមួយពួកគេ ពេលចុះធ្វើសកម្មភាពម្ដងៗផងដែរ។
អាជ្ញាធរមូលដ្ឋានមួយចំនួននៅតែមិនសហការជាមួយអង្គការសង្គមស៊ីវិល ដែលចុះទៅមូលដ្ឋានសហគមន៍ជួបជាមួយប្រជាពលរដ្ឋ ដើម្បីសម្របសម្រួល ឬដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលប្រជាពលរដ្ឋជួបការលំបាក។ នេះបើតាមលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGOF) ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសិទថ្នាក់ជាតិលើកទី១២ ស្ដីពី អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ។
លោក តឹម វណ្ណារ៉ា ក៏បានបញ្ជាក់អំពីមូលហេតុដែលអាជ្ញាធរមូលដ្ឋានមួយចំនួន មិនសហការជាមួយអង្គការសង្គមស៊ីវិល ដោយសារតែខ្វះការទំនាក់ទំនង និងខ្វះការយល់គ្នាទៅវិញទៅមក អំពីគោលបំ ណងរបស់អង្គការសង្គមស៊ីវិល ដែលចុះទៅសហគមន៍មូលដ្ឋានប្រជាពលរដ្ឋ។ ក៏ប៉ុន្តែលោកក៏បានអះ អាងថា អាជ្ញាធរមូលដ្ឋានមួយចំនួនក៏បានសហការយ៉ាងល្អជាមួយអង្គការសង្គមស៊ីវិលផងដែរ………
សំឡេង៖
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជារូបនេះ ក៏បានឱ្យដឹងផងដែរថា កន្លងមកចំពោះបញ្ហាដែលអាជ្ញាធរមិនសហការជាមួយនេះ អង្គការសង្គមស៊ីវិល ក៏បានលើកឡើងក្នុងវេទិការអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល ដែលរៀបចំដោយក្រសួងមហាផ្ទៃ ក្រោយមកក៏មានជជែកគ្នា និងមានសំណើរពីអង្គការសង្គមស៊ីវិល ទើបក្រសួងមហាផ្ទៃ ក៏សម្រេចបង្កើតគណៈកម្មការសម្របសម្រួលមួយ ធ្វើការដោះស្រាយភ្លាមៗ នៅពេលដែលមានករណីនេះកើតឡើង។
សូមបញ្ជាក់ថា កន្លងមកអង្គការសង្គមស៊ីវិលមួយចំនួនតែងត្អូញត្អែរថា អាជ្ញាធរមូលដ្ឋានមិនសហការជាមួយពួកគេ នៅពេលដែលពួកគេចុះទៅសហគមន៍មូលដ្ឋានជួបជាមួយប្រជាពលរដ្ឋ។ អង្គការសង្គមស៊ីវិលអះអាងថា អាជ្ញាធរខ្លះបានមករារាំងសកម្មភាពរបស់ពួកគេ បើទោះបីជាពួកគេបញ្ជាក់អំពីសកម្មភាព ដែលចុះទៅក៏ដោយ៕