នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​ស្នើឲ្យ​រៀបចំ​​ការបោះឆ្នោត​​មុនកំណត់​​នៅ​ថ្ងៃទី​១២​ធ្នូ​

25-10-2019 2:56 pm 346

នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី ច​ន​សុន​បាន​និយាយថា លោក​នឹងដាក់​ញត្ដិ​មួយ​ទៅ​សភា ស្នើសុំ​ឲ្យមាន​ការបោះឆ្នោតជាសកល​នៅ​ថ្ងៃទី​១២​ខែ​ធ្នូ​។ ប៉ុន្ដែ​សំណើ​នេះ​ក៏​ពាក់ព័ន្ធ​នឹង​ការសម្រេចចិត្ដ​របស់​សហភាព​អឺរ៉ុបដែរ ថា​ព្រម​ពន្យារពេល​ឲ្យ​អង់គ្លេ​សបាន​ប៉ុន្មាន​ខែ ដើម្បី​ពិភាក្សា​រឿង​ដើរ​ចេញពី​សមាជិក​សហ​ភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​និង​ប្រកាស​ពី​ការសម្រេចចិត្ដ​របស់​ខ្លួន​ក្នុង​សប្ដាហ៍​នេះ បន្ទាប់មក​លោក​ច​ន​សុន​នឹងដាក់​ញត្ដិ​នៅ​ថ្ងៃច​ន្ទ​ដើម​សប្ដាហ៍​ក្រោយ​។​

​លោក​ច​ន​សុន​បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​មេដឹកនាំ​គណបក្សប្រឆាំង គឺ​បក្ស​ពលករ​លោកជេរេ​មី ខ័រ​ប៊ីន​(Jeremy Corbyn) និង​ជំរុញ​ឲ្យ​លោក​ឯកភាព​ក្នុង​ការរំលាយ​សភា​នៅ​ខែ​ក្រោយនេះ​។ លោក​នាយករដ្ឋមន្ដ្រី​សង្កត់ធ្ងន់ថា លោក​នឹងធ្វើ​គ្រប់យ៉ាង​ទាំងអស់​ដើម្បីឲ្យ​សមាជិកសភា ពិនិត្យ​និង​ពិចារណា​ឡើងវិញ​លើ​ច្បាប់​ដែល​ចាំបាច់​បំផុត សម្រាប់​ការចាកចេញ​របស់​អង់គ្លេស​ពី​សមាជិក​សហភាព​អឺរ៉ុប​។ 

​កាលពី​ថ្ងៃ​អង្គារ​សភា​បាន​ច្រានចោល​ផែនការ​របស់លោក​ច​ន​សុន ទាក់ទង​នឹង​ការដើរ​ចេញ​របស់​អង់គ្លេស ដោយ​សមាជិកសភា​គណ​បក្សប្រឆាំង នាំគ្នា​តវ៉ា​ថា​ពួកគេ​ត្រូវការ​ពេលវេលា​បន្ថែម​។ តាមពិត​សមាជិកសភា​បក្សប្រឆាំង បាន​បោះឆ្នោត​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ចេញពី​អឺរ៉ុប​ហើយ ដែល​នេះ​គឺជា​លើកដំបូង​បើ​គិត​តាំងពី​មាន​ការបោះឆ្នោត​ប្រជាមតិ​ក្នុង​ឆ្នាំ​២០១៦​។ ប៉ុន្ដែ​ពួកគេ​មិនទាន់​ចង់​ចាកចេញ​តាម​កំណត់​នៅ​ថ្ងៃទី​៣១​ខែតុលា​នោះទេ ព្រោះ​វា​ឆាប់​ពេក​ដូច្នេះ​ទើប​ស្នើឲ្យ​ពន្យារពេល​បន្ថែម​។ ដោយ​គ្មាន​ជម្រើស​លោក​ច​ន​សុន ក៏​សម្រេច​ស្នើសុំ​សហភាព​អឺរ៉ុប​ពន្យារពេល​បី​ខែ​។ 

ក្រោយពី​បាន​ស្នើសុំ​អឺរ៉ុប​ពន្យារពេល​ចេញពី​អឺរ៉ុប លោក​ច​ន​សុន​ក៏​នឹកឃើញ​ការទាមទារ​ឲ្យ​រៀបចំ​ការបោះឆ្នោត​មុន​កំណត់ ដូច​អ្វីដែល​លោក​ធ្លាប់​និយាយ​ពីមុន​។ កាលនោះ​លោក​ថាបើ​ការចាកចេញ​របស់​អង់គ្លេស​ត្រូវ​ជាប់គាំង​ទៀត លោក​នឹង​ស្នើឲ្យ​មាន​ការបោះឆ្នោតជាសកល​មួយ​។ ប៉ុន្ដែ​សំណើ​សុំឲ្យ​រៀបចំ​ការបោះឆ្នោត​នេះ​នៅតែ​ពុំទាន់​ជាក់លាក់​នៅឡើយ ព្រោះ​ត្រូវការ​សំឡេងគាំទ្រ​ពី​សមាជិកសភា​រហូតដល់​ពីរភាគបី​។ ដោយឡែក​មាន​គណបក្ស​ប្រឆាំង​មួយចំនួន​បាន​បដិសេធ​រួចទៅហើយ ចំពោះ​សំណើសុំ​រៀបចំ​ការបោះឆ្នោត​មុន​កំណត់​នេះ​៕

ព័ត៌មានផ្សេងទៀត