រដ្ឋាភិបាល​បង្ហាញ​តួលេខ​ប្រាក់ខែ​មន្ត្រីរាជការ ដែល​ត្រូវ​ដំឡើង​សម្រាប់​ឆ្នាំ​២០២០

25-10-2019 12:39 pm 2078

​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បើកចំហរ នា​ថ្ងៃ​ទី​២៥ ខែ​តុលា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពី​ខែ​មេសា ឆ្នាំ​២០២០ តទៅ រាជរដ្ឋាភិបាល បានសម្រេច​ដំឡើង​ប្រាក់បៀវត្សរ៍ អប្បបរមា​ដល់​មន្ត្រីរាជកា​រ​គ្រប់​ប្រភេទ​។ ក្នុងនោះ សម្រាប់​មន្ត្រីរាជការ នឹង​ឡើង​ដល់​១,១៧២,៥០០​រៀល​។ គ្រូបង្រៀន និង​គ្រូពេទ្យ ដល់​១,២៧២,៥០០​រៀល​។ នគរបាលជាតិ ពលបាលត្រី ដល់ ១,២៥៦,៩៧៧​រៀល និង​យោធិន ថ្នាក់​ពល​ទោល ចំនួន ១,១៨១,៥០០​រៀល ។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ បញ្ជាក់ថា ការដំឡើងប្រាក់បៀវត្សរ៍​អប្បបរមា​នេះ ត្រូវ​ឡើង​ដល់​ពិ​ដាន នៃ​ការ​ជាប់ពន្ធ​លើ​ប្រាក់ខែ​។ តែ​រាជរដ្ឋាភិបាល បាន​កែសម្រួល​ច្បាប់ ដោយ​ដាក់បញ្ចូល ក្នុង​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២០ ពោល​គឺ​ប្រាក់បៀវត្សរ៍​អប្បបរមា ដែល​នឹង​ត្រូវ​ដំឡើង ចាប់ពី​ខែ​មេសា ឆ្នាំ​២០២០ តទៅ មិន​ត្រូវ​ជាប់​ពន្ធ​លើ​ប្រាក់ខែ​ឡើយ​។ សម្រាប់​នៅ​ឆ្នាំ​២០២០ អត្រា​ជាប់​ពន្ធ​លើ​ប្រាក់បៀវត្សរ៍ នឹង​ត្រូវ​ដំឡើង​ពី ១​លាន ២​សែន​រៀល ទៅ ១​លាន ៣​សែន​រៀល​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្តថា កម្រិត​អប្បបរមា នៃ​ប្រាក់​បៀវត្សរ៍ ដែល​ត្រូវ​ជាប់ពន្ធ ត្រូវបាន​ធ្វើ​វិសោធនកម្ម ៣​លើក រួចមកហើយ ដើម្បី​កុំឲ្យ​ជាប់ពន្ធ​។ លើក​ទី​១ នៅ​ឆ្នាំ​២០១៥ កែសម្រួល​ពី ៥០​ម៉ឺន​រៀល ទៅ ៨០​ម៉ឺន​រៀល​។ លើក​ទី​២ ពី ៨០​ម៉ឺន​រៀល ដល់ ១​លាន​រៀល នៅ​ឆ្នាំ​២០១៧ និង​លើក​ទី​៣ ពី ១​លាន​រៀល ដល់ ១​លាន ២​សែន​រៀល នៅ​ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត