លោក​ស៊ុន ចាន់ថុល ​​ស្នើ​ធនាគារ​​ចិន​​បន្ត​ជួយដល់​​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​​នៅ​កម្ពុជា ​​​

25-10-2019 11:19 am 108
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានស្នើ​ដល់ ធនាគារ​អភិវឌ្ឍន៍ របស់ ចិន (CDB) បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ ហេដ្ឋរចនាសម្ព័ន្ធ​ដូច​ជា​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ផ្លូវដែក កំពង់ផែ ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ទីក្រុង និង​ការ ដឹកជញ្ជូន​តាម​ផ្លូវទឹក​ជាដើម​។ ការស្នើ​ខាងលើនេះ ធ្វើឡើង​ក្នុងឱកាស​ជួបពិភាក្សា ការងារ​ជាមួយ គណៈ ប្រតិភូ​មកពី​ធនាគារ​អភិវឌ្ឍន៍​ចិន ដឹកនាំ​ដោយ​លោក Mei Shiwen នាយក​ចាត់ការ​ទូទៅ​សាខា ខេត្ត​ក្វាង​ស៊ី នៅ​ថ្ងៃទី​២៤ ខែតុលា​នេះ ។​

​ជាមួយគ្នានេះដែរ លោក​ស៊ុន ចាន់ថុល ក៏​បានស្នើ​បន្ថែមទៀត​ឱ្យ​ធនាគារ​CDB ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​លើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សាធារណៈ​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ពី​ផល​លំបាក​និង​ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ យុទ្ធនាការ​ចែក​មួកសុវត្ថិភាព​ចរាច​រណ៍ និង​យុទ្ធនាការ​ផ្សេងៗ​ថែមទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ស្របតាម​ប្រសាសន៍​របស់ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា “​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​”​។​

​គួរ​បញ្ជាក់ដែរថា ធនាគារ​អភិវឌ្ឍន៍​ចិន (CDB) ជា​ធនាគារឯកជនរ​បស់​រដ្ឋ​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី ក្រុមប្រឹក្សារដ្ឋ​ចិន បច្ចុប្បន្ន​ធនាគារ​CDB បានផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា​គឺ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​គម្រោង​ព្រលានយន្តហោះ​សៀមរាប​ថ្មី លើសពីនេះ​ទៀត CDB ក៏បាន​ចាប់អារម្មណ៍​ក្នុង​ការវិនិយោគ​លើ​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី និង​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត