រដ្ឋមន្ដ្រី​​ពាណិជ្ជកម្ម​​ជប៉ុន​​សុំ​ចុះ​ចេញ​ពី​តំណែង​​ក្រោយ​មាន​​រឿង​អាស្រូវ​មួយ​

25-10-2019 9:13 am 424
​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​ជប៉ុន​លោក​Isshu Sugawara

​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​ជប៉ុន​លោក​Isshu Sugawara បានដាក់​លិខិត​សុំ​ចុះ​ចេញពី​តំណែង​បន្ទាប់ពី​មាន​ការចោទប្រកាន់ថា លោក​រំលោភ​លើ​ច្បាប់បោះឆ្នោត​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ថ្ងៃទី​២៥​តុលា​នេះ​។ លោក​Sugawara​កំពុង​ជួប​បញ្ហា​ធំ បន្ទាប់ពី​មាន​ទស្សនាវដ្ដី​មួយ​ចុះផ្សាយ​ថា លោក​ជាប់​សង្ស័យ​ករណី​ផ្ដល់ប្រាក់​ចំនួន​២​ម៉ឺន​យ៉េន​ស្មើនឹង​១៨៥​ដុល្លារ ជា​ប្រាក់​ចូលរួម​រំលែក​ទុក្ខ​ដល់​អ្នកបោះឆ្នោត​។ ទស្សនាវដ្ដី​The Shukan Bunshun​បាន​ចុះផ្សាយ​ដែរថា លោក​រដ្ឋមន្ដ្រី​ក៏បានផ្ដល់​អំណោយ​ដល់​អ្នកបោះឆ្នោត​ផ្សេងទៀត ស្ថិតក្នុង​ស្រុក​របស់លោក​ក្នុងអំឡុង​ឆ្នាំ​២០០៧​។​

​តាម​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ សមាជិកសភា​គណបក្ស​ប្រឆាំង​ចាត់ទុកថា​ជា​ទង្វើ​រំលោភ​លើ​ច្បាប់បោះឆ្នោត ដូច្នេះ​គួរតែមាន​ការត្រួតពិនិត្យ​ឡើងវិញ​។ ពួកគេ​បានប្រកាស​នឹង​ធ្វើពហិកា​រ​ក្នុង​កិច្ចពិភាក្សា​មួយ ប្រសិនបើ​លោក​រដ្ឋមន្ដ្រី​Sugawara មិន​ព្រម​ពន្យល់​ឲ្យបាន​ច្បាស់លាស់​។ លោក​Sugawara​បាន​ឆ្លើយតប​ថា លោក​នឹង​បកស្រាយ​បញ្ហា​នេះ​ឲ្យបាន​ច្បាស់​៕

ព័ត៌មានផ្សេងទៀត