សាកសព​​ទាំង​៣៩​នាក់​​រកឃើញ​​ក្នុង​រថយន្ដ​​នៅ​អង់គ្លេស​​ជឿជាក់ថា​​ជា​ជន​ជាតិចិន​

25-10-2019 7:52 am 547
រថយន្ដដឹកសាកសពដែលប៉ូលិសអង់គ្លេសឃាត់បាន

​ប៉ូលិស​អង់គ្លេស​បានបញ្ជាក់​កាលពី​ថ្ងៃទី​២៤​តុលា​ថា សាកសព​មនុស្ស​ទាំង​៣៩​នាក់​ដែល​រកឃើញ​នៅក្នុង​រថយន្ដ​កុងតឺន័រ នៅ​ភាគ​ខាងកើត​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ជឿជាក់ថា​ជា​ជន​ជាតិចិន​។ ប៉ូលិស​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ក្នុងចំណោម​សាកសព​ទាំង​៣៩​នាក់ មាន​៨​នាក់​ជា​ស្ដ្រី​និង​៣១​នាក់​ជា​បុរស​ក្នុងនោះ​មាន​ក្មេង​ទំ​ជង់​ម្នាក់​ផងដែរ​។ ពេលនេះ​ប៉ូលិស​នៅក្នុង​តំបន់​កំពុងធ្វើការ​ជាមួយ​មន្ដ្រី​អន្ដោប្រវេសន៍ ហើយ​រឿង​ចម្បង​នៅពេលនេះ​គឺកំណត់​អត្ដ​សញ្ញាណ​ជនរងគ្រោះ​ទាំងអស់​។​

​ចំណែក​ភាគី​ចិន​ក្រោយ​ទទួល​ព័ត៌មាន​នេះ​ភ្លាម បាន​បញ្ជា​ឲ្យ​មន្ដ្រី​ទូត​នៅក្នុង​ប្រទេស​អង់គ្លេស​ចុះទៅ​កន្លែងកើតហេតុ​ដើម្បី​បញ្ជាក់​ព័ត៌មាន​។ ក្រសួងការបរទេស​ចិន​និយាយ​នៅក្នុង​បណ្ដាញ​សង្គម​វៃ​ប៉ូ​ថា បុគ្គលិក​នៃ​ស្ថានទូត​ចិន​ប្រចាំ​ចក្រភព​អង់គ្លេស បាន​ធ្វើដំណើរ​ទៅ​កន្លែងកើតហេតុ​រួចហើយ​ដើម្បី​បញ្ជាក់​ការពិត ជាមួយនឹង​អារម្មណ៍​តក់ស្លុត​យ៉ាងខ្លាំង​។ មន្ដ្រី​ចិន​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប៉ូលិស​អង់គ្លេស ដើម្បី​ស្វែងរក​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​។​

​គួរ​បញ្ជាក់ថា រថយន្ដ​កុងតឺន័រ​ដឹក​សាកសព​ត្រូវ​ប៉ូលិស​ឃាត់​បាន​កាលពី​ថ្ងៃទី​២៣​តុលា បន្ទាប់ពី​ធ្វើដំណើរ​តាម​ស្រឡាង​មកពី​ប្រទេស​បែលហ្ស៊ិក​។ យ៉ាងណាមិញ​មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ករណីនេះ ពុំទាន់​មាន​ការបញ្ជាក់​ឲ្យដឹង​ទេ ដោយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ថែម​។ ប៉ុន្ដែ​វា​បាន​ធ្វើឲ្យមាន​ក្ដីបារម្ភ​កើតឡើង​ជាថ្មី ជុំវិញ​បញ្ហា​ជួញដូរ​មនុស្ស​៕

 ពាក្យគន្លឹះ  អង់គ្លេសរថយន្ដដឹកសព

ព័ត៌មានផ្សេងទៀត