Huawei​​ប្រកាសថា​​Mate X​​បត់​បាន​​លក់​នៅ​ចិន​​តម្លៃ​ជាង​​២,៤០០​ដុល្លារ​

24-10-2019 2:50 pm 151
រូបភាពទូរស័ព្ទMate X​ ជាទូរស័ព្ទស៊េរីថ្មីរបស់​Huawei​

​ក្រុមហ៊ុន​Huawei​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ទទួល​ការ​កុម្មង់​ទិញ​ទូរស័ព្ទ​បត់​អេក្រង់​បាន​របស់ខ្លួន​ហើយ ដូច្នេះ​អតិថិជន​ដែល​ចាប់អារម្មណ៍​អាច​បញ្ជា​ទិញ​បាន​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​ស្របពេល​ក្រុមហ៊ុន​កំពុង​ព្យាយាម​បង្កើន​ការលក់​នៅ​ក្រៅប្រទេស ចន្លោះពេល​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។​

​ការចេញលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូន​5G Mate X​របស់​Huawei បាន​ពន្យារពេល​ពីរដង​ហើយ​ក្នុងឆ្នាំនេះ​។ ពន្យារពេល​ដោយសារតែ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​លំដាប់​កំពូល​ទី​ពីរ​ក្នុង​លោក​មួយ​នេះ ត្រូវ​បង្ខំចិត្ដ​ដោះស្រាយ​បញ្ហារំខាន ក្រោយពេល​អាមេរិក​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជីខ្មៅ​កាលពី​ខែឧសភា​។ ចំណាត់ការ​របស់​អាមេរិក បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការលក់​ទូរស័ព្ទ​Huawei​នៅ​អឺរ៉ុប ដែលជា​ទីផ្សារ​ក្រៅ​ស្រុក​ដ៏​សំខាន់​មួយ​។​

Mate X 5G​របស់​Huawei គឺជា​គូប្រជែង​របស់​ទូរស័ព្ទ​Galaxy Fold​ក្រុមហ៊ុន​Samsung ដែល​ចេញលក់​កាលពី​ខែ​មុន​។ Mate X 5G​របស់​Huawei​នឹង​ចាប់ផ្ដើម​ចេញលក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥​វិច្ឆិកា​នៅ​ក្នុងប្រទេស​ចិន ក្នុងតម្លៃ​ចាប់ពី​១៦,៩៩៩​យ័ន ស្មើនឹង​២,៤០៣​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រុមហ៊ុន​Huawei៕

ព័ត៌មានផ្សេងទៀត