លោក​ដូណាល់ ត្រាំ​​ប្រកាស​​នឹង​ដក​ទណ្ឌកម្ម​​ពី​តួ​ក​គី​​ឲ្យតែ​ធានា​បាន​បទឈប់​បាញ់​

24-10-2019 2:00 pm 140
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ថ្លែងថា អាមេរិក​នឹង​ដក​ទណ្ឌកម្ម​ដាក់​លើ​តួ​ក​គី​កាលពី​៩​ថ្ងៃមុន​ចេញ​។ ទណ្ឌកម្ម​នេះ​ដាក់​ក្រោយពេល​តួ​ក​គី​ចាប់ផ្ដើម​វាយលុក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ក្នុង​គោលបំណង​បោសសម្អាត​ក្រុមឃឺ​ដ និង​ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព​នៅ​ទីនោះ​។ ការសម្រេច​ដក​ទណ្ឌរ​បស់​លោក​ដូណាល់ ត្រាំ ធ្វើឡើង​បន្ទាប់ពី​តួ​ក​គី​និង​រុស្ស៊ី​ព្រមព្រៀង​នឹង​ដាក់ពង្រាយ​ទ័ព ដើម្បី​ជួយ​ពន្យារពេល​នៃ​បទ​ឈប់​បាញ់​នៅ​តំបន់​ព្រំដែន​កាន់តែ​យូរ​ជាង​មុន​។​

​លោក​ត្រាំ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ទណ្ឌកម្ម​នឹង​ដកចេញ​រហូតដល់​មានរឿង​មិនល្អ​កើតឡើង​ម្ដងទៀត ទើប​លោក​ពិចារណា​ដាក់ទណ្ឌកម្ម​ជាថ្មី​។ លោក​ថា​តួ​ក​គី​បាន​ចេញមុខ​ធានា​នឹង​ផ្អាក​ការប្រយុទ្ធ​នៅក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ហើយ​នឹង​ធ្វើឲ្យ​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន ក្លាយជា​បទ​ឈប់​បាញ់​អចិន្ដ្រៃយ៍​តែម្ដង​។​

​សូមបញ្ជាក់ថា តួ​ក​គី​ចង់បាន​តំបន់​ដែលមាន​ទំហំ​៣០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ធ្វើជា​តំបន់​សុវត្ថិភាព​ដែល​គ្មាន​វត្ដ​មាន​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​នៅ​ទីនោះ​។ តួ​ក​គី​ចង់ឲ្យ​ជនភៀសខ្លួន​ស៊ីរី​ប្រមាណ​២​លាន​នាក់​កំពុង​ស្នាក់​តួ​ក​គី ទៅ​រស់នៅក្នុង​តំបន់​សុវត្ថិភាព​ដែល​គ្រោង​នឹង​បង្កើត​នោះ​។ ប៉ុន្ដែ​ប្រតិ​បត្ដិកា​រវាយ​លុករប​ស់​តួ​ក​គី ក៏​ទទួលរង​ទណ្ឌកម្ម​ពី​រតនាគារ​អាមេរិក​កាលពី​ថ្ងៃទី​១៤​តុលា​។ អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រសួង​ពីរ​របស់​តួ​ក​គី រួមទាំង​មន្ដ្រីជាន់ខ្ពស់​តួ​ក​គី​បី​រូប​ផងដែរ​៕

ព័ត៌មានផ្សេងទៀត