​កម្ពុជា​និង​អាមេរិក​​ថា​នឹង​ពង្រឹង​ទំនាក់ទំនង​​ជាមួយគ្នា​ឡើងវិញ​​

24-10-2019 10:16 am 509

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ប្រាប់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ក្នុងជំនួប​ពិភាក្សា នា​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ ថា អ្វីដែល​ប្រទេស​ទាំងពីរ​បន្តធ្វើ​នោះ គឺ​ការបន្ត​ពង្រីក និង​ពង្រឹង​នូវ​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។ លោក​បន្តថា កន្លងមក​កម្ពុជា និង​សហរដ្ឋអាមេរិក មានការ​សហការគ្នា​លើ​គ្រប់​វិស័យ ពិសេស​កន្លងមក​មាន​ចំណុច ដែល​បាន​ឯកភាព​គ្នាច្រើន ហើយ​យើង​នឹង​បន្ត​ពេលវេលា ដើម្បី​ធ្វើការ​សហការគ្នា​ជា​បន្តបន្ទាប់​ទៀត​។​​

នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា កម្ពុជា និង​អាមេរិក​ក៏មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ផងដែរ មាន​ទាំង​វិស័យ​អប់រំ វិស័យ​សុខាភិបាល​ជាដើម ហើយ​យើង​នឹង​បន្តធ្វើ​ការងា​រលើ​វិស័យ​សំខាន់ៗ​នេះ​ជា​បន្តទៀត​។ លោក ហ៊ុន សែន ក៏បាន​ជំរុញ​ដល់​ឯកអគ្គរដ្ឋទូត​អាមេរិក​ផងដែរ ទាក់ទង​ទៅនឹង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​កម្រិត​អន្តរជាតិ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ និង​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​សហរដ្ឋអាមេរិក​ផងដែរ​។ លោក ហ៊ុន សែន បាន​បញ្ជាក់ទៀតថា កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ដូច្នេះ​លោក​ចង់ឃើញ​អាមេរិក និង​អាស៊ាន​មានការ​សហការគ្នា​។ 

​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​នេះ​ផងដែរ លោក ហ៊ុន សែន បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ​ក្រោយនេះ​គឺជា​ខួប​ទី​៧០ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​អាមេរិក ដូច្នេះ​កម្ពុជា និង​ទូត​អាមេរិក នឹង​សហការគ្នា​ក្នុង​ការធ្វើ​កម្មវិធី​មួយចំនួន​នៅ​ខួប​នៃ​ទំនាក់ទំនង​នេះ​។ លោក ហ៊ុន សែន បន្តថា ជំនួប​រវាង​លោក និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា គឺជា​លើកដំបូង​ក្នុង​ការជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​បន្ថែមទៀត​។​

​ក្នុងជំនួប​រវាង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត​អាមេរិក W. Patrick Murphy  ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏បាន​អះអាង​ក្នុង​ហ្វេ​សប៊ុក​របស់ខ្លួន​ថា ក្នុងជំនួប​នោះ អ្នក​ទាំងពីរ បាន​ពិភាក្សា​ពី​កិច្ច​គាំទ្រ​ដ៏​យូរអង្វែង​របស់​សហរដ្ឋអាមេរិក ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​កម្ពុជា មាន​ភាពរុងរឿង ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព ។ លោក​ឯកអគ្គរដ្ឋទូត Murphy បានបញ្ជាក់​ពី​ក្តីសង្ឃឹម​របស់លោក​ថា ជំហាន​បន្តបន្ទាប់ អាច​ត្រូវធ្វើឡើង​ក្នុង​រយ​:​ពេល​ប៉ុន្មាន​សប្តាហ៍ និង​ខែ​ខាងមុខនេះ ដើម្បី “​ពង្រឹង​ចំណងទាក់ទង​ដ៏​សំខាន់​នេះ រវាង​ប្រទេស​ទាំងពីរ និង​ប្រជាពលរដ្ឋ​” ផងដែរ​។​

​គួរ​បញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក ត្រូវបាន​គេ​សង្កេតឃើញថា មាន​ភាព​រកាំរកូស​នឹង​គ្នា ដោយ​រដ្ឋាភិបាល​កម្ពុជា មិន​ពេញចិត្ត​នូវ​ទង្វើ​អាមេរិក ដែល​ចេញមុខ​រិះគន់​រឿង​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា តែង​ចាត់ទុក​ការរិះគន់​នេះ​ថា ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត