លោក​អាបេ ទូល​ព្រះមហាក្សត្រ​ថា ជប៉ុន​គាំទ្រ​ចំពោះ​អភិវឌ្ឍន៍​នៅ​កម្ពុជា​

24-10-2019 9:56 am 342

តាមរយៈទំព័រហ្វេសប៊ុករបស់ ព្រះបរមរាជវាំងបានឲ្យដឹងថា ​ក្នុង​ព្រះរាជដំណើរ​យាង​ចូលរួម ព្រះរាជ​ពិធី​គ្រងរាជ្យសម្បត្តិ របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​ទី​២២ ខែតុលា ទ្រង់​បាន​សព្វ​ព្រះរាជ យាង​ទទួល​ជួប​ព្រះរាជសវនាការ​ជាមួយ លោក ស្ស៉ី​ន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន​។​

​ក្នុង​ព្រះរាជសវនាការ​នេះ លោក​ស្ស៊ីន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន បានលើកឡើង​ពី​វីរៈភាព​របស់ ព្រះមហាវីរក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ មិន​ត្រឹមតែ​បាន​នាំមក​ជូន​កម្ពុជា នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ព្រះអង្គ បាន​បង្កើតឡើង​នូវ​ទំនាក់ទំនង​សាមគ្គីភាព រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន​ផង​ដែរ​។​

​លោក​ស្ស៊ីន​ហ្សូ អាបេ បាន​បន្តថា ប្រទេស​ជប៉ុន និង​កម្ពុជា មាន​ការអភិវឌ្ឍន៍​គួរឲ្យកត់សម្គាល់ ក្នុងនាម​ជា​ដៃគូរ​យុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ​២០១៣ ហើយ​ប្រទេស​ជប៉ុន តែងតែ​ឈរ​នៅ​ជាមួយ​ប្រទេស​កម្ពុជា លើ​ការអភិវឌ្ឍន៍​ប្រជាធិបតេយ្យ​។ ប្រទេស​ជប៉ុន និង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ក្រោម​ការឯកភាព​របស់​ប្រជាជន ។ 

​ប្រទេស​ជប៉ុន ក៏​បាន​គាំទ្រ​ដល់​ការអភិរក្ស​ប្រាសាទ​អង្គរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​នឹង​បន្ត​គាំទ្រ​ការផ្លាស់ប្តូ​រលើ​វិស័យ​វប្បធម៌ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​រីកចម្រើន​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ ក៏​បាន​ថ្លែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការ​ទទួលរង​គ្រោះធម្មជាតិ ក្នុង​ប្រទេស​ជប៉ុន កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​។​
​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះអង្គ បាន​សម្តែង​ការកោតសរសើរ ចំពោះ​ការគាំទ្រ​របស់​ប្រទេស​ជប៉ុន សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក និង​បាន​អបអរសាទរ​ចំពោះ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​ឈាន ទៅ​មុខ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត