ចិន​ច្រានចោល​​ការចុះផ្សាយ​​ព័ត៌មាន​ថា​​គ្រោង​ផ្លាស់ប្ដូរ​​មេដឹកនាំ​​ហុងកុង​

24-10-2019 8:48 am 144
  ស្តាប់
មេដឹកនាំហុងកុងបច្ចុប្បន្នលោកស្រីខារី ឡាម
ស្តាប់ជាសំឡេង

​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​បកស្រាយ​ថា ការចុះផ្សាយ​របស់​កាសែត​Financial Times ថា​ទីក្រុង​ប៉េកាំង​មាន​ផែនការ​ផ្លាស់ប្ដូរ​នាយក​ប្រតិ​ប​ត្ដិ​ប្រចាំ​នៅ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​ចេញពី​តំណែង គឺជា​រឿង​មិន​ពិត​ឡើយ​ហើយ​ការចេញផ្សាយ​ដូច្នេះ ហាក់​មានរឿង​សម្ងាត់​នៅ​ពីក្រោយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អ្នកស្រី​ហ័រ ឈុន​យី​ង​(Hua Chunying)​បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា រដ្ឋាភិបាលកណ្ដាល​ពិតជា​គាំទ្រ​ដល់​លោកស្រី​ខា​រី ឡា​ម ក្នុង​ការដោះស្រាយ​បញ្ចប់​អំពើហិង្សា​និង​ភាពចលាចល ដើម្បី​ស្ដារ​សណ្ដាប់ធ្នាប់​ឡើងវិញ​ឲ្យបាន​ឆាប់ ហេតុនេះ​គ្មាន​រឿង​កើតឡើង​ដូច​បាន​ចុះផ្សាយ​នោះទេ​។ 

​កាសែត​Financial Times​បាន​ចុះផ្សាយ​ថា ចិន​កំពុង​គូសវាស​ផែនការ​ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ​ហុងកុង​បណ្ដោះអាសន្ន ដោយ​ដកស្រង់​សម្ដី​របស់​ប្រជាជន​។ មេដឹកនាំ​ហុងកុង​ដែលមាន​ទំនោរ​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​ក្រុម​តវ៉ា បន្ទាប់ពី​ផ្ទុះ​ភាពចលាចល​ជិត​៥​ខែ​មកនេះ​។ រដ្ឋាភិបាលកណ្ដាល​ចិន​បានប្រកាស​គាំទ្រ​អាជ្ញាធរ​ហុងកុង​និង​មេដឹកនាំ​ហុងកុង ចាត់ទុក​ក្រុមបាតុករ​ជា​ក្រុម​កុបកម្ម និង​ថ្កោលទោស​ដាច់ខាត​អំពើហិង្សា​ដែល​កើតឡើង​។​

​តាម​ប្រភពព័ត៌មាន​រាយការណ៍​ដល់​កាសែត​Financial Times​ថា ផែនការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នេះ​នឹង​ពឹងផ្អែក​លើ​ស្ថានភាព​នៅក្នុង​ទីក្រុង​ជាមុនសិន ដូច្នេះ​រដ្ឋាភិបាលកណ្ដាល​មិន​ត្រូវបាន​គេ​មើលឃើញថា ជា​អ្នកបង្កឲ្យ​មាន​អំពើហិង្សា​ឡើយ​។ ចំពោះ​ការិយាល័យ​លោកស្រី​ខា​រី ឡា​ម​និយាយថា នឹងមិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​លើ​បញ្ហា​នេះ​។ បើតាម​កាសែត​ដដែល​ឲ្យដឹងថា ការផ្លាស់ប្ដូរ​លោកស្រី​ឡា​ម​អាច​នឹង​ធ្វើឡើង​ក្នុង​ខែមីនា​ឆ្នាំក្រោយ ប្រសិនបើ​លោកស្រី​ត្រូវបាន​ដក​ចេញពី​តំណែង​។​

​ចំណែក​សមាស​សភាព​ដែល​ត្រូវបាន​ពិចារណា​សម្រាប់​ជំនួស​តំណែង​លោកស្រី​ឡា​ម មាន​លោកន័​រមែន ចាន់​(Norman Chan) ជា​អតីត​ប្រធាន​អាជ្ញាធរ​រូបិយវត្ថុ​ហុងកុង និង​លោក​ហេន​រី ថែ​ង​(Henry Tang) ដែល​ធ្លាប់​បម្រើការ​ជា​លេខាធិការ​ហិរញ្ញវត្ថុ​និង​ជា​លេខាធិការ​រដ្ឋបាល​នៅ​ហុងកុង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត