ចក​បាយ​ទា ដំណាំ​ដ៏​មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម​

23-10-2019 7:35 pm 257
  ស្តាប់
ស្តាប់ជាសំឡេង

​ចក​បាយ​ទា ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Duckweed គឺជា​ប្រភេទ​រុក្ខជាតិ​ដុះ​ក្នុង​ទឹក ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​មនុស្សជាតិ ពិសេស​គេ​និយម​ប្រើប្រាស់​វា​សម្រាប់​ជា​ចំណី មាន់ ទា ត្រី និង​ធ្វើ​ជា​ជី​ធម្មជាតិ ។ 

​គេ​អាច​ប្រើ​ចក​បាយ​ទា ជា​ចំណី​ស្រស់ ឬ​ហាល​ឱ្យ​ស្ងួត ធ្វើ​ជា​ម្សៅ​ជាដើម ។ យោង​តាម​ការចុះផ្សាយរ​បស់​គេហទំព័រ សហគមន៍​សម្បូរ​សប្បាយ​បានឱ្យដឹងថា ចក​បាយ​ទា​ស្ងួត មាន​ប្រូតេអ៊ីន​រហូតដល់​ទៅ​ជាង​៤០% ដែល​ជួយ​ឱ្យ​សត្វ​ចិញ្ចឹម​យក​សាច់ និង​ស៊ុត ឆាប់​លូតលាស់​បាន​លឿន ។​

​ជាងនេះទៅទៀត ចក​បាយ​ទា ក៏​ត្រូវបាន​ប្រើ​ជា​ជីធម្មជាតិ​ដែរ ដោយសារ​តែ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​អា​ហ្ស៊ូ​ត ដែល​ជា​សារធាតុ​មួយ អាច​ជួយ​ឱ្យ​ដំណាំ​លូតលាស់​បានល្អ ។​

​ចក​បាយ​ទា គឺជា​ប្រភេទ​រុក្ខជាតិ​ដុះ​ឯង​លក្ខណៈ​ធម្មជាតិ ពិសេស​នៅ​រដូវវស្សា តែ​ដើម្បី​ទទួលបាន​ផល​ច្រើន​និង​ទទួលបាន​ផល​គ្រប់​រដូវ គេ​ត្រូវ​ដាំ​ដុះ​វា​នៅ​ក្នុង​ស្រះ ឬ​ក្នុង​ប្រឡាយ ។ កន្លែង​ដែល​ដាំ​ដុះ​ចក​បាយ​ទា ត្រូវមាន​ម្លប់​ខ្លះៗ ហើយ​ទឹក​មិន​ត្រូវ​ជ្រៅ​ពេក​ទេ ជម្រៅ​ដែល​សមស្រប​បំផុត គឺ​ចាប់ពី​៣​ទៅ​៤​តឹក ។​

​ម្យ៉ាងទៀត ដើម្បី​ជា​ជំនួយ​ឱ្យ​ចក​បាយ​ទា​លូតលាស់​បាន​ច្រើន គេ​ត្រូវ​ប្រើ​ជីធម្មជាតិ ដូចជា លាមក​សត្វ​ដែល​ពុកផុយ ឬ​កាច់​ល្អ ឬ​អាច​បន្ថែម​កំបោរ​កសិកម្ម​ខ្លះ ដើម្បី​ឱ្យ​ទឹក​មាន​អាស៊ី​ត ក៏​រឹតតែ​ល្អ ។​

​សម្រាប់​អ្នក​ចិញ្ចឹម​មាន់ ទា ការ​មាន​ស្រះ​ដាំ​ចក​បាយ​ទា នឹង​ជួយ​កាត់បន្ថយ​ចំណាយ​លើ​ចំណី​សត្វ​យ៉ាងច្រើន ។ គេ​ក៏​ប្រើ​ចក​បាយ​ទា ជា​ចំណី​សត្វ ដោយ​លាយ​ជាមួយ​កន្ទក់ ហើយ​លាមក​សត្វ​ដែល​ចិញ្ចឹម​នោះ នឹង​ត្រូវ​ប្រើ​ជា​ជី​សម្រាប់​ចិញ្ចឹម​ចក​បាយ​ទា​វិញ ដែល​នេះ នឹង​បង្កើត​ជា​ប្រព័ន្ធ​ចិញ្ចឹម​គ្នា​ទៅវិញទៅមក​តាម​លក្ខណៈ​ធម្មជាតិ ៕

 ពាក្យគន្លឹះ  កសិកម្មចកបាយទា

ព័ត៌មានផ្សេងទៀត