អ្នកនាំពាក្យ៖ ករណីស្លាប់របស់ឈ្មោះឡឹង រិន មិនមែនជាការធ្វើអត្តឃាតទេ

23-10-2019 4:18 pm 438

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញមុខបដិសេធ ថា ករណីស្លាប់របស់ឈ្មោះឡឹង រិន មិនមែនជាការធ្វើអត្តឃាត ក្រោយអាជ្ញាធរចុះរុះរើកម្ទេចផ្ទះដូចសារព័ត៌មាន និងបណ្ដាញសង្គមប៊ុកមួយចំនួនចុះផ្សាយនោះទេ ពោលគឺជនរងគ្រោះស្លាប់ ដោយសារខ្យល់គរគាំងបេះដូង និងធ្លាក់ពីលើទូកចូលទឹក។ សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹង ថា បន្ទាប់ពីមានការផ្សព្វផ្សាយអំពីករណីខាងលើគឺអាជ្ញាធរ និងសមត្ថកិច្ចបានចុះស៊ើបអង្កេតស្រាវជ្រាវ ដល់ទីតាំងកើតហេតុ ដែលស្ថិតនៅចំណុចដីក្រុមហ៊ុនអេវឺហ្គ្រីន ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះសមត្ថកិច្ច ក៏បានទទួលការបំភ្លឺពីឈ្មោះសុខ ធី ភេទស្រី ជនជាតិវៀតណាម ជាប្រពន្ធជនរងគ្រោះផងដែរ។ ឈ្មោះសុខ ធី បានរៀបរាប់ប្រាប់សមត្ថកិច្ច ថា ប្ដីរបស់ខ្លួនមានជំងឺបេះដូងប្រចាំកាយ ហើយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មុនពេលកើតហេតុ ជនរងគ្រោះមានអាការៈចុករោយឆ្អឹងខ្នង ក៏បានឲ្យប្រពន្ធកោសខ្យល់ រួចធ្វើការធ្ងន់ធ្ងរមិនបានសម្រាក ដោយបានទៅរាយរនងដាក់នុយត្រី និងបន្តជួសជុលម៉ាស៊ីនដែលខូច។ រហូតដល់វេលាទៀបភ្លឺឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ទើបប្រាប់ឲ្យប្រពន្ធរបស់ខ្លួនចូលសម្រាក លុះដល់វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ទើបប្អូនជីដូនមួយរបស់ជនរងគ្រោះ ប្រទះឃើញដេកស្លាប់ក្នុងទឹកតែម្ដង។

បន្ទាប់ពីបានចុះត្រួតពិនិត្យស្រាវជ្រាវ និងស្ដាប់ការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះរួចមក សមត្ថកិច្ចជំនាញ បានសន្និដ្ឋាន ថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ប្រហែលវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ជនរងគ្រោះឈ្មោះឡឹង រិន ភេទប្រុស ជនជាតិខ្មែរ មុខរបរចាំដី ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានស្រុកកំណើតនៅខេត្តកោះកុង បានស្លាប់ដោយសារខ្យល់គរគាំងបេះដូង រួចធ្លាក់ពីលើទូកចូលទឹកព្រែកទឹកសាប ខណៈពេលដែលជនរងគ្រោះ បានចេញទៅមើលសន្ទូចរនងដាក់ត្រីនៅទីនោះ។ ដូច្នេះករណីស្លាប់របស់ឈ្មោះឡឹង រិន មិនមែនជាការធ្វើអត្តឃាតដូចបណ្ដាញសារព័ត៌មាន និងទំព័រហ្វេសប៊ុកមួយចំនួនចុះផ្សាយនោះទេ៕ 

ព័ត៌មានផ្សេងទៀត