នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​​​ចង់ស្នើ​ឲ្យបោះឆ្នោត​​​ជា​សកល​​

23-10-2019 2:15 pm 621
នាយករដ្ឋមន្ដ្រីអង់គ្លេស​លោកBoris Johnson

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន​កាលពី​ថ្ងៃ​អង្គារ បាន​ទទួលរង​បរាជ័យ​ក្នុង​ការបោះឆ្នោត​លើ​ការកំណត់​ពេល​នាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​។ សមាជិក​រដ្ឋសភា​បាន​បោះឆ្នោត​៣០៨​ទល់នឹង​៣២២​ប្រឆាំង​ផែនការ​របស់លោក ដូច្នេះ​មានន័យថា​រដ្ឋាភិបាល​អាច​នឹង​ជំរុញឲ្យមាន​ការបោះឆ្នោ​ត​ជា​សកលមួយ​។ ជា​លទ្ធផល​លោក​ច​ន​សុន​ត្រូវ​ផ្អាក​សេចក្ដីព្រាងច្បាប់​ស្ដីពី កិច្ចព្រមព្រៀង​លើ​ការដក​អង់គ្លេស​ចេញពី​អឺរ៉ុប​។ 

​បន្ទាប់ពី​ការបោះឆ្នោត​លោក​នាយករដ្ឋមន្ដ្រី​លើកឡើងថា លោក​ត្រូវ​បង្ហាញ​ពី​ការមិនពេញចិត្ដ​របស់​លោក ដោយ​សភា​បាន​បោះឆ្នោត​ចង់​ពន្យារពេល ជាជាង​កំណត់ពេល​ចាកចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី​៣១​ខែតុលា​។ ពេលនេះ​អង់គ្លេស​កំពុង​ប្រឈម​នឹង​ភាពស្រពិចស្រពិល​កាន់តែខ្លាំង ហើយ​សហភាព​អឺរ៉ុប​ត្រូវតែ​សម្រេចចិត្ដ ដើម្បី​ឆ្លើយតប​នឹង​សំណើសុំ​ពន្យារពេល​។ 

​លោក​ច​ន​សុន​បន្ថែមថា ផលវិបាក​ទីមួយ​គឺ​រដ្ឋាភិបាល​ត្រូវតែ​ប្រកាន់យក​នូវ​ការទទួលខុសត្រូវ​តែមួយ​គត់ និង​ពន្លឿន​ការរៀបចំ​សម្រាប់លទ្ធ​ផល​ដែល​គ្មាន​កិច្ចព្រមព្រៀង​។ គោលនយោបាយ​របស់​អង់គ្លេស​នៅតែមាន គឺ​មិនត្រូវ​ពន្យារពេល​ឡើយ​គួរតែ​ដើរចេញ​នៅ​ថ្ងៃទី​៣១​ខែតុលា​តាម​កំណត់​។ នោះ​គឺជា​អ្វីដែល​លោក​បាន​និយាយ​ទៅកាន់​សហភាព​អឺរ៉ុប​។ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​លោក​បាន​ប្រាប់​ក្នុង​កិច្ចពិភាក្សា​នៅ​សភា​ថា លោក​នឹង​ដកចេញ​សេចក្ដីព្រាងច្បាប់​ចាកចេញ​ពី​អឺរ៉ុប ហើយ​ជំរុញឲ្យមាន​ការបោះឆ្នោ​ត​ជា​សកលមួយ ប្រសិនបើ​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវ​សមាជិកសភា​បោះឆ្នោត​ប្រឆាំង​។​

​លោក​នាយករដ្ឋមន្ដ្រី​ឲ្យដឹងទៀតថា ប្រសិនបើ​សភា​មិន​អនុញ្ញាតឲ្យ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ទេ វា​ក៏​គ្មាន​កាលៈ​ទេសៈណា​ដែល​រដ្ឋាភិបាល​អាច​បន្ដ​រឿងនេះ​បានដែរ​។ ជាមួយនឹង​អ្វី​ដែលជា​រឿង​សោកស្ដាយ​បំផុត​នោះ លោក​ចាំបាច់​ត្រូវតែ​និយាយថា​ដក​សេចក្ដីព្រាងច្បាប់​ចេញ ហើយ​​ស្នើឲ្យមាន​ការបោះឆ្នោតជាសកល​តែម្ដង​។ ប៉ុន្ដែ​ប្រសិនបើ​សមាជិកសភា​គាំទ្រ​សេចក្ដីព្រាងច្បាប់ ស្ដីពី​កិច្ចព្រមព្រៀង​លើ​ការដកខ្លួន នោះ​ការចាក​ចេញពី​អង់គ្លេស​នឹង​អាច​ធ្វើបាន​ដោយ​ជោគជ័យ​។​

​សូម​រម្លឹកថា ទីក្រុង​ឡុង​និង​ទីក្រុង​ព្រុច​សែ​ល បាន​ឈានដល់​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប ស្គាល់​ថា​ជា​កិច្ចព្រមព្រៀង​នៃ​ការដកខ្លួន កាលពី​សប្ដាហ៍​មុន​។ កិច្ចព្រមព្រៀង​នេះ​ចាំបាច់​ត្រូវការ​ការអនុម័ត​ដោយ​សភា​អង់គ្លេស ដើម្បី​ក្លាយជា​កិច្ចព្រមព្រៀង​ស្របច្បាប់ មុនពេល​អង់គ្លេស​ត្រូវ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​៕

ព័ត៌មានផ្សេងទៀត