កម្ពុជា​ស្នើ​ចិន​​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​​លើ​ផលិតផល​កសិកម្ម​​

23-10-2019 12:40 pm 145
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បានស្នើ​ដល់​ភាគី​ចិន ឲ្យជួយ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម និង​ផ្លាស់ប្តូរ​បេសកកម្ម​ពាណិជ្ជកម្ម​ទៅវិញទៅមក រវាង​ប្រទេស​កម្ពុជា និង​ខេត្ត​សាន់​ស៊ី ដើម្បី​ជំរុញ​ឱ្យ​ពាណិជ្ជករ និង​អ្នកវិនិយោគ មាន​ទំនាក់ទំនង​ដោយផ្ទាល់ និង​មានឱកាស​បាន​ចាប់​ដៃគូ​ពាណិជ្ជកម្ម លើ​វិស័យ​មួយ​នេះ​បន្ថែមទៀត​។ ការស្នើរ​នេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​បាន​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម ផ្លែឈើ​អន្តរជាតិ​លើក​ទី​៤ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២១-២៤ ខែតុលា នៅ​ទីក្រុង​យុន​ឆឹង ខេត្ត​សាន់​ស៊ី ប្រទេស​ចិន​។ 

​ឆ្លៀត​ក្នុងឱកាស​នោះ ប្រធាន​ប្រតិភូ​កម្ពុជា​បាន​រំលេច​ពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន ក្នុង​គន្លង​ខ្សែក្រវាត់ និង​ផ្លូវ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន ឡើងដល់​កម្រិត​ដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ចង់បាន​។ ក្នុងនេះ​ចិន​នៅតែ​ឈរ​ក្នុង​លំដាប់​ឈានមុខ​គេ​នៃ​ការធ្វើ​វិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា​។​

​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​បន្ត​លើកឡើង​ពី​កាលានុវត្តភាព សក្តានុពល​វិនិយោគ វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​គោលនយោបាយ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ជាពិសេស​គឺ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ដូចជា​ការកែច្នៃ​កសិផល​ទៅជា​ផលិតផល​សម្រេច​ផ្សេងៗ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ផង និង​ជំរុញ​ការនាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ផង ខណៈដែល​កម្ពុជា​នៅតែមាន​ឧត្តមភាព និង​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​នៅឡើយ​។​

​ជា​ការឆ្លើយតប​លោក​លា​វ ចឺហុង មានប្រសាសន៍ថា លោក​គាំទ្រ​តាម​សំណើ​របស់​ប្រធាន​គណៈប្រតិភូ​កម្ពុជា ហើយ​ភាគី​ចិន​មាន​គម្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​ពាណិជ្ជកម្ម ធុរជន និង​វិនិយោគគិន ខេត្ត​សាន់​ស៊ី ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ឆ្នាំ​ក្រោយនេះ​៕

 

ព័ត៌មានផ្សេងទៀត