ចិន​យក​ការតវ៉ា​​ដោយ​ហិង្សា​​នៅ​អឺរ៉ុប​​និង​អាមេរិក​ខាងត្បូង​​វាយបក​​លោកខាង​លិច​វិញ​

23-10-2019 11:11 am 350

​ក្រោយពី​ទទួលរង​នូវ​ការវាយប្រហារ​និង​ដាក់​សម្ពាធ​កាន់តែខ្លាំង​ពី​លោកខាងលិច ប្រទេស​ចិន​បាន​យក​ការតវ៉ា​ដោយ​ហិង្សា​នៅ​អឺរ៉ុប​និង​អាមេរិក​ខាងត្បូង ដើម្បី​ថ្កោលទោស​ដល់​លោកខាងលិច​វិញ​។ ការដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ជុំវិញ​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង ដែល​អូស​បន្លាយពេល​ជិត​៥​ខែ​មកហើយ​។ ប្រទេស​លោកខាងលិច​នាំ​គ្នា​ចោទប្រកាន់​ចិន​ថា បាន​គាបសង្កត់​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង ពិសេស​គឺ​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ក្រុម​តវ៉ា​ហុងកុង ទោះបីជា​ចិន​ព្យាយាម​ពន្យល់​ពី​វិធីសាស្ដ្រ​ដោះស្រាយ​យ៉ាងណាក៏ដោយ​។ 

​ដោយ​មើលឃើញថា​ការបកស្រាយ​របស់ខ្លួន​គ្មាន​ប្រយោជន៍​និង​គ្មាន​អ្នក​ស្ដាប់ ចិន​ក៏​យក​ការតវ៉ា​នៅ​អឺរ៉ុប​និង​អាមេរិក​ខាងត្បូង​ធ្វើជា​ឧទាហរណ៍​បង្ហាញ​ទៅ​លោកខាងលិច​វិញ​។ រដ្ឋមន្ដ្រីការបរទេស​ចិន​លោក​វ៉ាង យី​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា អំពើហិង្សា​ដូច​នៅ​ហុងកុង​កំពុង​កើត​មាននៅ​កន្លែង​ផ្សេង​ហើយ​។ ការប៉ះទង្គិច​នៅ​ក្នុង​ប្រទេសឈី​លី និង​ការប៉ះទង្គិច​នៅ​តំបន់​កាតា​ឡាន​ប្រទេស​អេ​ស្ប៉ា​ញ ជា​ភស្ដុតាង​បង្ហាញ​យ៉ាង​ពិតប្រាកដ​។ ក្រុម​តវ៉ា​នៅ​ទីនោះ​កំពុង​ព្យាយាម​យក​ការតវ៉ា​នៅ​ហុងកុង​ជា​គំរូ ដូច្នេះ​តើ​រដ្ឋាភិបាល​របស់គេ​ព្រងើយកន្ដើយ​ទេ​? តើ​ពួកគេ​ទុកឲ្យ​ភាពវឹកវរប​ន្ដ​កើតឡើង​ទៀតឬ​យ៉ាងណា​? ចម្លើយ​គឺថា​ពួកគេ​ក៏​ថ្កោលទោស​ចំពោះ​ការតវ៉ា​ដោយ​ហិង្សា​នោះគេ​ដែរ ប៉ុន្ដែ​បែរជា​មក​ចោទថា​មាន​បង្ក្រាប​យ៉ាងធ្ងន់ធ្ងរ​លើ​ក្រុម​តវ៉ា​នៅ​ហុងកុង​ទៅវិញ​។ 

​ប្រទេស​ចិន​បាន​សង្កត់ធ្ងន់​ទៀតថា អ្នក​នៅ​លោកខាងលិច​អស់នោះ​រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីនោះ​ផង ហាក់​គាំទ្រ​យ៉ាងខ្លាំង​ទៅលើ​ក្រុម​តវ៉ា​ហុងកុង​ដែល​កំពុង​លាក់​ពុត ស្របពេល​ពួកគេ​ក៏​កំពុង​ថ្កោលទោស​អំពើហិង្សា​ដែល​ផ្ទុះឡើង​នៅក្នុង​ផ្ទះ​របស់គេ​ដែរ​។ ដូច្នេះ​ករណីនេះ​ពិតជា​មិន​យុត្ដិធម៌​ឡើយ​សម្រាប់​ប្រទេស​ចិន​។ ចិន​ក៏​ប្រឆាំង​ដាច់ខាត​ការតវ៉ា​ដោយ​ហិង្សា ព្រោះ​មិន​ចង់​ធ្វើឲ្យ​ស្ថានភា​ពនៅ​ហុងកុង​ធ្លាក់ក្នុង​វិបត្ដិ​កាន់តែ​ធ្ងន់ធ្ងរ​នោះទេ​។​

​គួររម្លឹកថា ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង​ផ្ទុះឡើង​តាំងពី​ថ្ងៃទី​០៩​ខែមិថុនា​ឆ្នាំ​២០១៩ ដោយ​ដើមហេតុ​ដំបូង​ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​ចាត់ទុក​សេចក្ដីព្រាងច្បាប់​នេះ ផ្ដល់​សិទ្ធិអំណាច​កាន់តែខ្លាំង​រដ្ឋបាលក្រុ​ង​ប៉េកាំង និង​គាបសង្កត់​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង តាមរយៈ​ការបញ្ជូន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក​។ ពួកគេ​បាន​តវ៉ា​ទាមទារ​រហូត​ចុងក្រោយ​រដ្ឋាភិបាល​ហុងកុង​ស្ថិតក្រោម​ការត្រួតត្រា​របស់​ចិន ព្រម​លុប​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ចោល​។ ប៉ុន្ដែ​ក្រៅពី​តវ៉ា​រឿង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន បច្ចុប្បន្ន​ក្រុម​តវ៉ា​ហុងកុង​បាន​បន្ដ​ប្រមូលផ្ដុំ​ទាមទារ​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ​កាន់តែ​ទូលំទូលាយ ព្រមទាំង​ទាមទារ​ឲ្យ​ស៊ើបអង្កេត​លើ​ប៉ូលិស ករណី​ប្រើ​ហិង្សា​លើ​ក្រុម​តវ៉ា​បន្ថែមទៀត ដែល​កំពុង​ធ្វើឲ្យ​រដ្ឋាភិបាល​ក្រុង​ហុងកុង​និងក្រុង​ប៉េកាំង​ឈឺក្បាល​យ៉ាងខ្លាំង​។ ពេលនេះ​នៅ​ពុំទាន់​មាន​ដំណោះស្រាយ អាច​បន្ធូរបន្ថយ​ស្ថានការណ៍​យ៉ាប់យ៉ឺន​នៅ​ហុងកុង​បានទេ​៕

ព័ត៌មានផ្សេងទៀត