សង្គមស៊ីវិលប្រារព្ធពិធីរំលឹកខួបលើកទី២៨ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

23-10-2019 10:59 am 428

ក្រុមអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងសហជីពចំនួន១៣ស្ថាប័ន បានរួមគ្នាប្រារព្ធពិធីរំលឹកខួបលើកទី២៨ នៃកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលបានធ្វើឡើងនៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ។ ពិធីនេះប្រារព្ធឡើងក្រោមប្រធានបទ”២៣ តុលា នាំមកនូវការរួបរួមជាតិ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍”ហើយមានការចូលរួមពីសមាជិកស្ថាប័នទាំង១៣ខាង លើ និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជា៥០០នាក់ ក្រោយពីមានការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលាកន្លងទៅនេះ។

ជាដំបូងនៃការប្រារព្ធពិធីនេះ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហានយោបាយ បានឡើងថ្លែងអំពីប្រវត្តិនៃការបង្កើតឲ្យមាន កិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនេះឡើង ហើយលោកស្នើឲ្យបន្តគោរពនូវស្មារតីនៃកិច្ចព្រមព្រៀងនេះផងដែរ។ ចំណែកលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងដែរ ថា ក្នុងថ្ងៃប្រារព្ធពិធីរំលឹកខួបលើកទី២៨ នៃកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស២៣ តុលានេះ គឺប្រជាពលរដ្ឋត្រូវការសន្តិភាព ការអភិវឌ្ឍន៍ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ចំពោះការប្រារព្ធពិធីនេះ អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតក្រុមអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងសហជីពទាំង១៣ស្ថាប័ន ធ្វើការហែរក្បួនដាក់ញាត្តិទៅកាន់ស្ថាប័នណាមួយនោះទេ ហើយជាការកត់ សម្គាល់ការប្រារព្ធពិធីនេះ ក៏មានការចូលរួមស្ដាប់ និងឃ្លាំមើលពីសំណាក់មន្ត្រីស្ថានទូតអាមេរិក,មន្ត្រីស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងអតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិផងដែរ៕ 

ព័ត៌មានផ្សេងទៀត