លោក​ហ៊ុន សែន សម្រេច​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​អគ្គិសនី​

23-10-2019 10:45 am 183

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​២២ ខែតុលា បាន​សម្រេច​តាម​សំណើ​របស់ អគ្គិសនី​កម្ពុជា ដោយ​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​របស់ ក្រុមហ៊ុន ស៊ិន​ទ្រី ចេញពី​វិក្កយបត្រ​ថ្មី​របស់​អគ្គិសនី​កម្ពុជា ដែល​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០ តទៅ​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​នៅ​លើ Facebook​ថា ៖ «​ដោយ​ក្តាប់បាន​នូវ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ អំពី​ការដាក់​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា ល្ងាច​ថ្ងៃនេះ ខ្ញុំ​បាន​សម្រេច​តាម​សំណើ​របស់​អគ្គិសនី​កម្ពុជា​ដោយ​ដក​ថ្លៃ សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ថ្មី​របស់​អគ្គិសនី​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០ តទៅ​»​។​

​ប្រមុខ​រដ្ឋាភិបាល បាន​បន្តថា «​យន្តការ​យក​ថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃមុខ នឹង​ត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ ដែល​កិច្ចការ​នេះ ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​ការប្រជុំ និង​ដោះស្រាយ​។ សូម​បងប្អូន​ប្រជា ពលរដ្ឋ​ជា​ទីស្រឡាញ់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​»​។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង​៤​ពាន់​នាក់ មកពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU) នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​តុលា​នេះ លោក ហ៊ុន សែន បានប្រកាស​ដកហូត​សិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី ដើម្បី​ឲ្យ​រដ្ឋ​កាន់កាប់​សិន ហើយ​លោក​បញ្ជាក់ថា ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ ត្រូវដាក់​ឱ្យ​ដេញថ្លៃ​ជាថ្មី ដោយ​ត្រូវមាន​ក្រុមហ៊ុន ៣ ឬ​៤​ក្រុមហ៊ុន សម្រាប់​ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​។​
​លោក ហ៊ុន សែន បាន​ថ្លែងថា ក្រុមហ៊ុន​ស៊ិន​ទ្រី​តែមួយ មិន​អាច​ប្រមូល​សំរាម នៅ​ភ្នំពេញ​មាន​ប្រសិទ្ធភាព​នោះឡើយ ត្រូវ​មាន​ក្រុមហ៊ុន​យ៉ាងតិច​៣ ឬ​៤​ជា​ការល្អ ប្រតិបត្តិការ​ក្នុង​ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត