ប្រវត្តិ​សង្ខេបនៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​២៣​តុលា​ឆ្នាំ​១៩៩១

23-10-2019 10:08 am 233

២៣ តុលា កិច្ចព្រមព្រៀង​ក្រុងប៉ារីស ជា​ព្រឹត្តិការណ៍ រំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពី​ទុក្ខវេទនា​ដោយសារ​តែ​ភ្លើងសង្គ្រាម និង​សារៈសំខាន់ នៃ​សុខសន្តិភាព ដែល​ត្រូវតែ​រួមគ្នា​ការពារ និង​រក្សា​ឲ្យបាន​។ មុន​នឹង​ទទួល​បាន​សន្តិភាព មកដល់​បច្ចុប្បន្ន​នេះ ប្រជាជន​កម្ពុជា បាន​ហែល​ឆ្លងកាត់​ភ្លើងសង្គ្រាម ដ៏​រ៉ាំរ៉ៃ​ជិត​២​ទស្សវត្សរ៍ រស់នៅ​ដោយ​ភាពភ័យខ្លាច​។ តើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​២៣​តុលា​ឆ្នាំ​១៩៩១ មាន​ប្រវត្តិ​យ៉ាងណា​ខ្លះ​នោះ​? 

​ថ្ងៃទី​២៣ តុលា ឆ្នាំ​២០១៩​នេះ គឺជា​ខួប​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ដែល​មាន​ភាគី​ជម្លោះ​កម្ពុជា​ចំនួន​៤ បាន​ចុះហត្ថលេខា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា ដែល​បាន​អូសបន្លាយ អស់​រយៈពេល​ជាង​២​ទសវត្សរ៍​មក​។​

​តាមរយៈ​កិច្ចព្រមព្រៀង ២៣ តុលា​នេះ ទើបបាន​ធ្វើឲ្យ​កម្ពុជា​មានលទ្ធភាព កសាង​នូវ​របប​មួយ​ថ្មី តាមរយៈ​ការបោះឆ្នោត មាន​រដ្ឋធម្មនុញ្ញ និង​បញ្ចប់​វត្ត​មាន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម លើ​ទឹកដី​កម្ពុជា ជា​ពិសេស​បាន​យាង​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ចូល​មាតុ​កម្ពុជា​វិញ និង​បង្កើត​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ គឺជា​របប​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ រហូតមកដល់​សព្វថ្ងៃ​។ 

​ស្មារតី​នៃ​កិច្ចព្រមព្រៀង ២៣ តុលា ត្រូវបាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​ប្រើប្រាស់ សព្វ​ថ្ងៃនេះ​ដែរ​។ កិច្ចព្រមព្រៀង ២៣ តុលា បាន​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា ស្គាល់​ការវិវឌ្ឍ​ដូច​សព្វថ្ងៃ​។​
​កិច្ចព្រមព្រៀង​សន្តិភាព ២៣ តុលា ១៩៩១ ត្រូវបាន​មតិ​ជាច្រើន​លើកឡើង​ខុសៗ​គ្នា ដោយ​មតិ​ខ្លះ បាន​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​លេច​វត្ត​មាន​ឡើង ដោយសារ​តែ​ការធ្លាក់ចុះ នៃ​ឥទ្ធិពល​សហភាពសូវៀត និង​ការ​រលាយ​រលត់ នៃ​សង្គ្រាមត្រជាក់ ក៏ដូចជា​ការដកថយ​របស់​ប្រទេស​ជា​បង្អែក​ភាគី​ជម្លោះ​របស់​ខ្មែរ​ជាដើម ហើយក៏​មាន​អ្នកនយោបាយ​មួយចំនួន បកស្រាយ​ក្នុង​រូបភាព​ផ្សេងៗ​គ្នា ក្នុង​ហេតុផល​កេងចំណេញ​នយោបាយ​។កន្លងមក អតីត​បក្សប្រឆាំង ធ្លាប់បាន​អះអាង​ថា ស្មារតី នៃ​កិច្ចព្រមព្រៀង ២៣ តុលា មិនទាន់​ត្រូវបាន​អនុវត្ត បាន​ល្អ​នៅឡើយ ជាពិសេស​ក្នុង​វិស័យ​នយោបាយ និង​សិទ្ធិ​សេរីភាព ក្នុង​ការបញ្ចេញមតិ ។​

​យ៉ាងណាមិញ កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​គោលដៅ​សំខាន់ៗ បី​យ៉ាង​រួមមាន​៖ ទី​១. រៀបចំ​ឲ្យមាន​សន្តិភាព​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្តន៍​បទ​ឈប់​បាញ់ និង​ការរំសាយ​អាវុធ​ក្នុង​ជួរ​កងទ័ព នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំង​៤ ទី​២. ចាក់គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​បោះឆ្នោត​សភាធម្មនុញ្ញ និង ទី​៣. ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាព​ពុំ​អាច​រំលោភ​បំពាន​បាន​ឡើយ​នូវ​ទឹកដី​អព្យាក្រឹតភាព និង ឯកភាព​ជាតិ​របស់​ប្រទេស​កម្ពុជា​។​

​ខាងក្រោម​នេះ ជា​ប្រវត្តិ​សង្ខេប នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ២៣ តុលា​៖

រដ្ឋប្រហារ ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ពី​ព្រះប្រមុខរដ្ឋ កាលពី​ថ្ងៃ​ទី​១៨ ខែ មីនា ឆ្នាំ​១៩៧០ បាន​បញ្ឆេះ​ភ្លើង សង្គ្រាមស៊ីវិល ឲ្យ​ឆាបឆេះ​យ៉ាង​រាលដាល​ពាសពេញ​ប្រទេស​កម្ពុជា​។ ដោយ​មាន​សម្តេច​ឳ នរោត្តម សីហនុ ជា​ព្រះ​ប្រមុខ របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម បាន​ចូល​កាន់កាប់ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង នៅ​ថ្ងៃ​ទី​២ ខែ ធ្នូ ឆ្នាំ​១៩៧៨ ហើយ​រណសិរ្ស ២ ធ្នូ បាន​ផ្តួល​រំលំ របប​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៧ ខែ មករា ឆ្នាំ​១៩៧៩ ដោយ​មាន​ការគាំទ្រ​ពី​កងទ័ព​ស្ម័គ្រចិត្ត វៀតណាម ។​

​ចាប់ពី​ពេល​នោះ​ទៅ សង្គ្រាម​នៅ​កម្ពុជា ហាក់​ដើរ​ដល់​របត់ ឬ​ដោយសារ ហេតុផល​ថ្មី​មួយទៀត គឺ​សង្គ្រាម​ពេលនោះ ដោយសារ​ជម្លោះ​របស់​ភាគី​ធំៗ​ចំនួន ៤ គឺ​ទី​១. ភាគី​រដ្ឋ​កម្ពុជា ឬ​របប​ក្រុងភ្នំពេញ របស់រ​ណ​សិរ្យ ២ ធ្នូ ដែល​មាន​ការ​ជ្រោមជ្រែង​ពី កងទ័ព​វៀតណាម​, ២.​ភាគី​ចលនា​អ្នកតស៊ូ​ខ្មែរ​រាជានិយម​ហ្វ៊ុន​ស៊ុន​ប៉ិច​របស់​សម្តេច សីហនុ​, ៣.​ភាគីរ​ណ​ស្សិ​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ របស់លោក សឺ​ន សាន និង ៤. ភាគី​កម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហម ។ ភាគី​ទាំង ៣ ឬ​ត្រីភាគី ហាក់​ឈរ​នៅ​លើ​ទស្សនៈ​ស្របគ្នា ដោយ​ពួកគេ លើក​ហេតុផល​ថា ពួកគេ​ធ្វើ​សង្គ្រាម​ប្រឆាំង​របប​ក្រុងភ្នំពេញ​គឺ​ដើម្បី​បណ្តេញ កងទ័ព​វៀតណាម ចេញពី​កម្ពុជា​។ ចំណែក​របប​ក្រុងភ្នំពេញ លើក​ហេតុផល​ថា ធ្វើ​សង្គ្រាម​ប្រឆាំង​ភាគី​ទាំង ៣ ដើម្បី​ទប់ស្កាត់​ការវិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យ ពូជសាសន៍ ។​

​ដោយ​នឿយណាយ​នឹង​សង្គ្រាម ដែល​បាន​បំផ្លិចបំផ្លាញ និង​នាំមក​នូវ​ទុក្ខសោក​វិនាស ព្រាត់ប្រាស់ ហិនហោចខ្លោចផ្សារ ដល់​ប្រជាពលរដ្ឋ អស់​រយៈពេល​ជិត ២០ ឆ្នាំ​មក ក៏​មាន​ជំនួប​រវាង​សម្តេចឪ នរោត្តម សីហនុ តំណាង​ឲ្យ​រដ្ឋាភិបាល​ត្រី​ភាគី និង​លោក ហ៊ុន សែន តំណាង​ភាគី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ ១៩៨៧ នៅ​ទីក្រុង ហ្វែរ​អង់​តា​ដឺន័​រ ប្រទេស​បារាំង ។​

​ជំនួប​លើក​ទី​១ នោះ បាន​បើកផ្លូវ​ឲ្យមាន​ជំនួប​ជា​បន្ត​បន្ទាប់ទៀ​ត រវាង​ភាគី​ជម្លោះ​ទាំង ៤ ជាពិសេស​រវាង​លោក ហ៊ុន សែន ដែល​កាលណោះ កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ផង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​រដ្ឋ​កម្ពុជា​ផង និង សម្តេច​ឳ នរោត្តម សីហនុ ។​

​ក្រោយពី​ជួប​គ្នា​លើក​ទី​១ នៅ​ទីក្រុង ហ្វែរ​អង់​តា​ដឺន័​រ នោះមក កិច្ចចរចា​រវាង លោក ហ៊ុន សែន សម្តេច​ឳ នរោត្តម សីហនុ ត្រូវបាន​ធ្វើឡើង ជា​បន្តបន្ទាប់ រហូត​ឈានដល់​កិច្ចចរចា​រក​សន្តិភាព​ទីក្រុង​ប៉ារីស លើកដំបូង ចាប់ផ្តើម​ជា​ផ្លូវការ នៅក្នុង​ខែ​សីហា ឆ្នាំ​១៩៨៩ ។​

​មួយ​ខែ​ក្រោយ​មក គឺ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៨៩ ការដក​កងទ័ព​វៀតណាម​ចេញពី​កម្ពុជា ត្រូវបាន​ធ្វើឡើង ដែល​បាន​សេចក្តី​ថា ខាង​ត្រីភាគី គួរតែ​អស់​ហេតុផល​អ្វី ដើម្បី​ធ្វើ​សង្គ្រាម​ទៀតហើយ ពោល​គឺ​សង្គ្រាម​នៅ​កម្ពុជា គួរតែ​ត្រូវបាន​បញ្ចប់​នាពេលនោះ ។​

​ពេលនោះ ភាគី​ក្រុង​ភ្នំពេញ អះអាងថា កងទ័ព​វៀតណាម ដកចេញ​ពី​កម្ពុជា អស់ហើយ ប៉ុន្តែ​ភាគី ៣ ផ្សេងទៀត បាន​ទទូចថា កាលរ​លើក​ឡើង​របស់​របប​ក្រុងភ្នំពេញ គឺជា​ភាព មិន​ស្មោះត្រង់ ពោល​គឺ​ពួកគេ​អះអាងថា នៅតែ​មាន​វត្តមាន​កង​ទ័ព និង​អ្នកជំនាញ ការ​របស់​វៀតណាម នៅ​លើក​ទឹកដី​កម្ពុជា នៅឡើយ ។​

ហេតុនេះ ទើប​ខាង​ត្រីភាគី មិន​បាន​បញ្ឈប់​សង្គ្រាម​ប្រឆាំង​របប​ក្រុងភ្នំពេញ​ឡើយ ទើប​សង្គ្រាម​នៅ​កម្ពុជា នៅតែ​បន្ត ហើយ​ខាង​ភាគី​ក្រុង​ភ្នំពេញ លើកឡើងថា ខាង​ត្រីភាគី ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា​ខ្លួនឯង ហើយ​ថា ខាង​ត្រីភាគី​ប៉ុនប៉ង​នាំ​យក​របប ប្រល័យ​ពូជសាសន៍ មក​កម្ពុជា​វិញ ។​

​បន្ទាប់​ពី​ការធ្វើ​សង្គ្រាម​ប្រឆាំង​គ្នា ទៅវិញទៅមក មិន​ឈ្នះ​មិន​ចាញ់​មួយ​រយៈ​ទៀត​មក ភាគី​ជម្លោះ​ទាំង ៤ បាន​ព្រម​គ្នា វិល​ចូល​តុ​ចរចា​រក​សន្តិភាព​ម្តងទៀត​នៅ​ឆ្នាំ​១៩៩១ ដោយ​មាន​ការជំរុញ​ពី​មហាអំណាច​ទាំង ៥ និង មាន​ប្រទេស​ផ្សេងៗ ជា​សាក្សី​។ 

​ទីបំផុត ភាគី​ជម្លោះ​ទាំង ៤ បាន​ឈាន​ដល់​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដោយ​មាន​អគ្គលេខាធិការ នៃ​អង្គការ​សហប្រជាជាតិ រួម​នឹង​តំណាង​ប្រទេស​ហត្ថលេខី​ចំនួន ១៧ ផ្សេងទៀត ធ្វើ​ជា​សាក្សី ក្នុង​នោះ​ប្រទេស​បារាំង និង ឥណ្ឌូនេស៊ី ធ្វើ​ជា​សហប្រធាន នៃ​សន្និសីទ​នោះ​។​

​ជា​ការពិត​ណាស់ ការសម្រេចបាន​នូវ​ដំណោះស្រាយ​ជម្លោះ នៅ​កម្ពុជា នាពេលនោះ ត្រូវបាន​គេ​ពណ៌នា​ថា មាន​ការលំបាក​យ៉ាងខ្លាំង និង បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ ហើយ​ការសម្រេច​បាន​ពេលនោះ គឺ​ដោយសារ​កត្តា​ប្រែប្រួល​ក្នុង​បរិបទ​អន្តរជាតិ​។ 

​លោក ហ៊ុន សែន បាន​ដង្ហែ​សម្តេចព្រះ នរោត្តម សីហនុ ចូល​មាតុប្រទេស​វិញ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ហើយ​កម្ពុជា បាន​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ រៀបចំ​ដោយ​អង្គការសហប្រជាជាតិ បើទោះបីជា​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម មិនបាន​ចូលរួម​ក៏ដោយ ។​

​ស្មារតី ឬ​ខ្លឹមសារ​សំខាន់ៗ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ ការអនុវត្ត​កិច្ច​ឈប់​បាញ់​គ្នា និង​ការរំសាយ​អាវុធ នៅក្នុង​ជួរ​ទ័ព នៃ​ភាគី​ជម្លោះ​ទាំងអស់ ហើយ​ក៏​ដើម្បី​ការពារ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ពេញ​សិទ្ធិ​មួយ​តាមរយៈ ការធានា​នូវ​អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព​ដែនដី និង​ភាព​ពុំ​អាច​រំលោភ បំពាន​បាន​ឡើយ នូវ​ទឹកដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ នៃ​ប្រទេស​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត