នាយក​ប្រតិ​ប​ត្ដិ​​ក្រុមហ៊ុន​Nike​​ប្រកាស​​ចុះ​ចេញពី​​តំណែង​

23-10-2019 9:00 am 145
នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Nike លោក​Mark Parker

​យោងតាម​សេចក្ដីថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានឲ្យដឹងថា នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Nike លោក​Mark Parker​បានប្រកាស​នឹង​ចុះ​ចេញពី​តំណែង បន្ទាប់ពី​ការដឹកនាំ​នៅ​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​កីឡា​មួយ​នេះ​ជាង​១០​ឆ្នាំ​។ លោក​Parker​បាន​ចូលធ្វើការ​នៅក្នុង​ក្រុមហ៊ុន​Nike​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​លោក​ត្រូវបានតែងតាំង​ជា​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០០៦​។ លោក​នឹង​ចុះ​ចេញពី​តំណែង​ផ្លូវការ​នៅ​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២០ ប៉ុន្ដែ​លោក​នឹងមិន​ទៅណា​ទេ លោក​នៅ​បន្ដ​គ្រប់គ្រង​ក្រុមប្រឹក្សាភិបាល​ក្នុងនាម​ជា​ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​។ 

​ក្រុមហ៊ុន​ក៏បាន​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាភិបាល​ម្នាក់​របស់ខ្លួន គឺ​លោក​John Donahoe​ឲ្យ​ជំនួស​តំណែង​លោក​Parker ដែល​បច្ចុប្បន្ន​លោក​Donahoe​គឺជា​នាយក​ប្រតិ​ប​ត្ដិ​ផ្នែក​សេវាកម្ម​របស់​ក្រុមហ៊ុន​។ លោក​Donahoe​បាន​ចូល​បម្រើការ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៅ​ក្រុមហ៊ុន​Nike​តាំងពី​ឆ្នាំ​២០១៤ ហើយ​លោក​ក៏​នៅតែ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​PayPal​ដដែល​។ លោក​Donahoe​ធ្លាប់បាន​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​eBay​ជាច្រើន​ឆ្នាំ​ផងដែរ​។​

​សូមបញ្ជាក់ថា ចន្លោះពេល​កំពុង​មានកា​រ​រីកចម្រើន​ដូច្នេះ ក្រុមហ៊ុន​Nike​ក៏​ប្រឈម​នឹង​ភាពចម្រូងចម្រាស​ជាច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​Parker​។ កាលពី​ដើមខែ​នេះ​លោក​Parker​ត្រូវបាន​រកឃើញថា មាន​ទំនាក់ទំនង​ដោយផ្ទាល់​ទៅនឹង​រឿងអាស្រូវ​គ្រឿងញៀន​។ ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​អាមេរិក​បានឲ្យដឹងថា លោក​Parker​បាន​ទាក់ទង​តាម​អ៊ីមែល​ជាមួយ​គ្រូ​ប​បង្វឹក​ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន និង​ជាមួយ​វេជ្ជបណ្ឌិត​ម្នាក់ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ថ្នាំ​បង្កើន​ប្រសិទ្ធភាព ដែល​ថ្នាំ​នោះ​មិនអាច​ធ្វើតេស្ដ​រកឃើញថា​មាន​សារធាតុ​ញៀន​ឡើយ​។ ក្រៅពីនេះ​ក៏មាន​ករណី​ចម្រូងចម្រាស​កើតឡើង​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​៕

ព័ត៌មានផ្សេងទៀត