ហុងកុង​បញ្ចេញ​កញ្ចប់​ថវិកា​២៥៥​លាន​ដុល្លារ ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​

22-10-2019 5:39 pm 131

​លោក Paul Chan រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ហុងកុង បានប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី​២២​ខែតុលា​នេះ ថា វិធានការណ៍​ផ្តល់ជំនួយ​ថ្មីៗ​ចំនួន ២៥៥ លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​សេដ្ឋកិច្ច ខណៈ​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង កំពុង​ជំរុញឲ្យមាន​វិបត្តិ​សេដ្ឋកិច្ចជាលើក​ដំបូង​ក្នុងមួយ​ទសវត្សរ៍​។ វិធានការ​ហិរញ្ញវត្ថុ​នេះ បាន​ធ្លាក់​មក​បន្ទាប់ពី​ហុងកុង​កាលពី​ខែ​សីហា បាន​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន​២,៤ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​។​

​ទីក្រុង​ហុងកុង​កំពុងតែ​ឈានដល់​វិបត្តិ​សេដ្ឋកិច្ច​លើកដំបូង​របស់ខ្លួន ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ នៅពេលដែល​ការតវ៉ា​កាន់តែខ្លាំង​ឡើងៗ ធ្វើឲ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ដោយសារតែ​ភ្ញៀទេសសចរ​ភ័យខ្លាច លែង​ហាន​មក​កម្សាន្ត និង​ឈានទៅ​ប៉ះពាល់​ដល់​ការ​លក់រាយ នៃ​ទំនិញ​នៅលើ​ទីផ្សារ ដែល​ពេញនិយម​បំផុត​មួយ​របស់​ពិភពលោក​។​

​សេដ្ឋកិច្ច​ហុងកុង​បាន​ធ្លាក់ចុះ​ស្រាប់​ហើយ​ចំនួន ០,៤ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ពីរ ពី​ខែមេសា ដល់​មិថុនា ហើយ​លក្ខខណ្ឌ​នានា​កាន់តែ​យ៉ាប់យ៉ឺន ចាប់តាំងពី​ពេល​នោះមក នៅពេល​បាតុកម្ម​រីក​រាលដាល​កាន់តែ​ធំ ដោយ​ក្រុមបាតុករ​បាន​ទៅ​អុកឡុក​រហូតដល់​មាន​ការផ្អាក​ប្រតិបត្តិ​ការហោះហើរ នៅ​អាកាសយានដ្ឋាន និង​ធ្វើឲ្យ​រាំងស្ទះ ដល់​ការលក់ដូរ​នៅ​ផ្សារ​ទំនើប​ឈានមុខ​គេ​ផងដែរ​។ ម្យ៉ាងទៀត មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី ដែលមាន​កំពង់ផែ​ដ៏​មមាញឹក​ជាងគេ​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ បាន​រង​សម្ពាធ​យ៉ាងខ្លាំង​រួចទៅហើយ ពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន - អាមេរិក​។ មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam បាន​និយាយ​កាលពី​ខែសីហា​ថា ផលប៉ះពាល់​សេដ្ឋកិច្ច​លើ​ទីក្រុង បាន​គំរាមកំហែង​ដែល​នឹង​អាក្រក់​ជាង​ការ​ផ្ទុះឡើង​នៃ​ជំងឺ SARS ឆ្នាំ ២០០៣ ឬ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨​។ 

​គួរ​ជម្រាបជូន​ថា ហុងកុង​បាន​ញ៉ាំ​ញី​ដោយ​មហា​បាតុកម្ម​តាំងពី​ខែមិថុនា បង្កឡើង​ដោយ​ក្រុមបាតុករ​វ័យក្មេងៗ ដែល​មិន​ពេញចិត្ត​និង​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​។ ការតវ៉ា​ដែលមាន​ផ្ទុះ​ជា​អំពើហិង្សា​ផង​នោះ បាន​បណ្តាលឲ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស និង​មនុស្ស​ចំនួន​២៦០០ នាក់ ត្រូវបាន​ចាប់ខ្លួន ដែល​ភាគច្រើន​មាន​អាយុ​ក្រោម ១៨​ឆ្នាំ​៕ 

 ពាក្យគន្លឹះ  ហុងកុងសេដ្ឋកិច្ច

ព័ត៌មានផ្សេងទៀត