​បក្ស​សេរីនិយម​លោក​Trudeau​ឈ្នះ​ការបោះឆ្នោត តែ​បាត់សំឡេង​ភាគច្រើន​

22-10-2019 3:10 pm 406
លោក Justin Trudeau និងភរិយាលោកស្រីSophie Grégoire Trudeau

​គណបក្ស​សេរីនិយម​របស់លោក Justin Trudeau រក្សាបាន​អំណាច​នៅក្នុង​ដៃ​ដដែល បន្ទាប់ពី​កាណាដា​បានរៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ ប៉ុន្តែ​គណបក្ស​សេរីនិយម បាន​បាត់បង់​សំឡេង​ភាគច្រើន ហេតុដូច្នេះ ត្រូវការ​ការចូលរួម​ពី​គណបក្ស​តូចៗ ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ ហើយ​លោក Justin Trudeau ត្រូវ​បង្ខំចិត្ត​ដឹកនាំ​រដ្ឋាភិបាល ដែលមាន​សំឡេង​ភាគតិច ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី អាណត្តិ​ទី​២​។ រដ្ឋាភិបាល​ភាគតិច​នៅក្នុង​សភា ដែលមាន​អាសនៈ​ចំនួន ៣៣៨ ត្រូវការ​ការគាំទ្រ​ពី​គណបក្សប្រឆាំង ដើម្បី​អនុម័ត​ច្បាប់ ដែល​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​លោក Trudeau ។​

​ពាក់ព័ន្ធ​ជ័យជម្នះ​របស់លោក Trudeau ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ផ្ញើ​សារ​អបអ​សាទរ ដោយ​ហៅ​ជ័យជម្នះ របស់​គណបក្ស​សេរីនិយម ថា​ជា​ជ័យជម្នះ​ដ៏​អស្ចារ្យ​និង​ជា​ជ័យជម្នះ ដែល​ទទួលបាន​ដោយ​ការតស៊ូ​យ៉ាង​លំបាក​។ លោក​ត្រាំ​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល លោក​Trudeau ដើម្បី​ប្រយោជន៍​ប្រទេស​ទាំងពីរ​។​

​លោក Trudeau ដែលមាន​វ័យ​៤៧​ឆ្នាំ បាន​ឡើងកាន់តំណែង​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០១៥​។ បន្ទាប់ពី​បាន​កាន់អំណាច​អស់​មួយ​អាណត្តិ ដែលមាន​រយៈពេល​៤​ឆ្នាំ លោក Trudeau បាន​ប្រឈមមុខ​នឹង​ការរិះគន់​។ ប្រជាប្រិយភាព​របស់លោក​បាន​ធ្លាក់ចុះ ដោយសារតែ​បញ្ហា​ក្រមសីលធម៌ ពាក់ព័ន្ធ​ការដោះស្រាយ​រឿងក្តី​ស៊ីសំណូក របស់​ក្រុមហ៊ុន​វិស្វកម្ម​យក្ស​មួយ និង​សកម្មភាព​ផ្សេងៗ​មួយចំនួនទៀត​​៕

ព័ត៌មានផ្សេងទៀត