អ្វី​ជា​ដំណាក់កាល​​បន្ទាប់​​នៃ​​​កំណែទម្រង់​​ដោយ​បើកចំហរ​​របស់​ចិន​?

22-10-2019 2:33 pm 427
រូបភាពថ្ងៃរម្លឹកខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

​ក្នុង​រយៈពេល​បួន​ទសវត្ស​ចុងក្រោយ​នេះ ប្រទេស​ចិន​បានធ្វើ​សមាហរណកម្ម​ចូលទៅក្នុង​បណ្ដាញ​ពាណិជ្ជកម្ម​ពិភពលោក ហិរញ្ញវត្ថុ ទិន្នន័យ និង​វប្បធម៌ រួមបញ្ចូល​ទាំង​តម្លៃ​សង្គម សាសនា ជំនឿ និង​នយោបាយ​។ ប៉ុន្ដែ​នៅពេល​សហរដ្ឋអាមេរិក​ប្រកាន់យក​គោលការណ៍​គាំពារ​និយម ការបន្ដ​វឌ្ឍនភាព​លើ​ការធ្វើសមាហរណកម្ម​ពិភពលោក នឹង​ទាមទារ​ឲ្យ​ចិន​កែសម្រួល​វិធីសាស្ដ្រ​របស់ខ្លួន​។ តើ​ចិន​នឹង​ធ្វើកំណែទម្រង់​យ៉ាងណា​បន្ដទៀត ដើម្បី​អាចឈរជើង​លើ​ឆាក​អន្ដរជាតិ​បាន​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​បទពិសោធន៍​និង​ការ​អនុវត្ដ​

​ចាប់តាំងពី​ទសវត្ស​ឆ្នាំ​១៩៨០ វិធីសាស្ដ្រ​អភិវឌ្ឍ​របស់​ចិន​បាន​ផ្ដោតទៅលើ​ការពិសោធន៍​និង​ការ​អនុវត្ដ​ជា​ដំណាក់កាល​។ ចិន​ក៏​អរគុណ​ចំពោះ​យុទ្ធសាស្ដ្រ​សាកល្បង​និង​ពង្រីក​ក្នុង​ឆ្នាំ​២០១៣ ពោលគឺ​១២​ឆ្នាំ​បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) ចិន​បាន​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីក​ធំធាត់​ដោយសារ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អន្ដរជាតិ​។ ក្នុង​ឆ្នាំ​២០១៨​សមាមាត្រ​ពាណិជ្ជកម្ម​និង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន មាន​ចំនួន​៣៨​ភាគរយ​ខ្ពស់ជាង​សហរដ្ឋអាមេរិក​ទៅទៀត​។ 

​ទាក់ទង​នឹង​ទីផ្សារ​ហិរញ្ញវត្ថុ​មេដឹកនាំ​ចិន​បាន​ប្រកាន់ខ្ជាប់​នូវ​ការ​ធានាថា ការធ្វើ​សេរីភាវូបនីយកម្ម​នឹង​កើតឡើង​នៅពេល​មាន​ការផ្លាស់ប្ដូរ​ក្នុងស្រុក និង​ក្របខណ្ឌ​បទប្បញ្ញត្ដិ​ដ៏​រឹងមាំ​អាច​ជឿ​ទុកចិត្ដបាន ដើម្បី​គ្រប់គ្រង​ហា​នី​ភ័យ​ដែល​ពាក់ព័ន្ធ​។ ដូច្នេះ​អ្នកធ្វើ​គោលនយោបាយ​បាន​អនុវត្ដ​យុទ្ធសាស្ដ្រ​ដែលមាន​ពីរ​ជាន់ ដែល​ផ្ដល់​ប្រយោជន៍​ដល់​គោលជំហរ​ពិសេស​របស់​ហុងកុង​នៅក្នុង​ទីផ្សារ​ចិន​និង​អន្ដរជាតិ​។​

​ការចុះបញ្ជី​នៅ​ហុងកុង

​ក្នុង​រយៈពេល​២០​ឆ្នាំ​ចាប់តាំងពី​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន បានចាប់ផ្ដើម​ចុះបញ្ជី​ភាគហ៊ុន​និង​រៃអង្គាស​មូលនិធិ​នៅ​ទីក្រុង​ហុងកុង ជា​ទីក្រុង​ដែលមាន​ពន្ធ​ទាប​និង​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​សម្រាប់​ការ​អនុវត្ដ​ច្បាប់ ទីក្រុង​នេះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​។ នៅក្នុង​ដំណើរការ​នេះ​ហុងកុង​បាន​ដើរតួ​ជា​កតា​លី​ករ​និង​អន្ដរការី សម្រាប់​ការធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុងប្រទេស​ចិន ដោយ​ផ្ដល់នូវ​ការការពារ​សម្រាប់​ការពិសោធន៍​ជាមួយ​អន្ដ​រកម្ម រវាង​ទីផ្សារ​ហិរញ្ញវត្ថុ​យ័ន​ដីគោក​និង​ដែន​កោះ​។​

​ចិន​ក៏​អរគុណ​ចំពោះ​វិធីសាស្ដ្រ​នេះ ដោយ​ភាគហ៊ុន​របស់​ចិន​ចាប់ផ្ដើម​មាន​ក្នុង​បំណុល​ពិភពលោក ហើយ​ទី​ផ្សារភាគហ៊ុន​បាន​កើនឡើង​យ៉ាងខ្លាំង​។ នៅ​ឆ្នាំ​២០០៤​ចិន​មាន​ចំណែក​ទីផ្សារ​មូល​ប​ត្រ​ពិភពលោក​ចំនួន​១.២​ភាគរយ ប្រៀបធៀប​នឹង​សហរដ្ឋអាមេរិក​មាន​៤២.២​ភាគរយ សហភាព​អឺរ៉ុប​មាន​២៦.៥​ភាគរយ និង​ជប៉ុន​មាន​១៨.៧​ភាគរយ​។ នៅ​ចុងឆ្នាំ​២០១៨​ទីផ្សារ​មូល​ប​ត្រ​របស់​ចិន​បាន​កើនឡើង​រហូតដល់​១២.៦​ភាគរយ​នៃ​ចំនួន​សរុប​ពិភពលោក ខណៈ​អាមេរិក​បាន​ធ្លាក់ចុះ​មក​ត្រឹម​៤០.២​ភាគរយ សហភាព​អឺរ៉ុប​ធ្លាក់​ដល់​២០.៩​ភាគរយ និង​ជប៉ុន​ធ្លាក់​ដល់​១២.២​ភាគរយ​។​

​ស្រដៀង​គ្នា​នេះដែរ ចំណែក​មូលធននីយកម្ម​របស់​ចិន​ក្នុង​ទីផ្សារ​ភាគហ៊ុន​សកល បាន​កើនឡើង​ពី​១.២​ភាគរយ​ក្នុង​ឆ្នាំ​២០០៤​ដល់​៨.៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។ បើ​បន្ថែម​លើ​ចំណែក​ភាគហ៊ុន​ហុងកុង​ទៀត ចំនួន​ភាគហ៊ុន​សរុប​របស់​ចិន​បាន​កើនឡើង​រហូតដល់​១៣.៦​ភាគរយ​។ ក្នុង​រយៈពេល​ដូចគ្នា​ចំណែក​មូលធននីយកម្ម​អាមេរិក​ក្នុង​ទីផ្សារ​ភាគហ៊ុន​សកល បាន​ធ្លាក់ចុះ​ពី​៤៥.៤​ភាគរយ​ទៅ​៤០.៨​ភាគរយ ខណ​សហភាព​អឺរ៉ុប​ធ្លាក់ចុះ​ពី​១៦.៣​ភាគរយ​ទៅ​១០.៨​ភាគរយ និង​ជប៉ុន​ធ្លាក់ចុះ​ពី​១៦.៣​ភាគរយ​ទៅ​៧.១​ភាគរយ​។​

ការចូលរួម​វិភាគទាន​បន្ថែម​ដែលជា​តម្រូវការ​ចាំបាច់​

​ទោះជា​យ៉ាងណាក៏ដោយ​ប្រទេស​ចិន​នៅតែមាន​ការងារ​ច្រើន​ត្រូវធ្វើ ដើម្បី​ធ្វើ​សមាហរណកម្ម​។ ដូចដែល​របាយការណ៍​បាន​ចេញផ្សាយ​ថ្មីៗ​នេះ​បង្ហាញថា ប្រាក់ចំណូល​ជាង​៨០​ភាគរយ​រកបាន​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​បរទេស​ដែល​គ្រប់គ្រង​ធនាគារ សន្ដិសុខ និង​ទីផ្សារ​មូល​ប​ត្រ​នៅ​ចិន នៅតែមាន​ក្រោម​៦​ភាគរយ​ដដែល​។ លើសពីនេះទៅទៀត​ឧបសគ្គ​ចំពោះ​ការបន្ដ​រីកចម្រើន ពិតជា​សំខាន់​ក្នុង​ការដោះស្រាយ​។ 

ដើម្បី​បន្ដ​ការធ្វើសមាហរណកម្មរ​បស់​ចិន​នៅក្នុង​បណ្ដាញ​សកលលោក អាជ្ញាធរ​ចិន​ចាំបាច់​ត្រូវតែ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ធំៗ​យ៉ាងហោចណាស់​៤៖ 

ទី​១ គឺ​ការ​សងបំណុល ដែល​បាន​កើនឡើង​ច្រើនជាង​៥​ដង​នៃ​សេដ្ឋកិច្ច​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ ហើយ​លើសពី​៣០០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ប្រហាក់ប្រហែល​នឹង​កម្រិត​ប្រទេស​ជឿនលឿន​។ ស្របពេល​ចិន​អាច​មានលទ្ធភាព​ធ្វើឲ្យមាន​ភាពរឹងមាំ​និង​វិនិយោគ​បន្ថែម  ដោយសារ​អត្រា​ប្រាក់​សន្សំ​ក្នុងស្រុក​ខ្ពស់  ចិន​ក៏​ចាំបាច់​ត្រូវ​ធ្វើឲ្យ​ទី​ផ្សារភាគហ៊ុន​រីក​កាន់តែខ្លាំង​ជាង​មុន ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​បំណុល​រយៈពេល​វែង​។​

​ទី​២ ចិន​ត្រូវតែ​រក​វិធី​ជំរុញ​អន្ដរ​ជាតូបនីយកម្ម​ប្រាក់​យ័ន​។ ចាប់តាំងពី​ឆ្នាំ​២០០៩​មក​រដ្ឋាភិបាល​ចិន​បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​ពង្រីក​ការប្រើប្រាស់​រូបិយប័ណ្ណ​អន្ដរជាតិ​។ ប៉ុន្ដែ​យោងតាម​ធនាគារ​សម្រាប់​ការទូទាត់​ជា​អន្ដរជាតិ ប្រាក់​យ័ន​មាន​ចំនួន​តែ​២.១​ភាគរយ​ប៉ុណ្ណោះ នៃ​ការដោះដូរ​រូបិយប័ណ្ណ​បរទេស​សរុប​ប្រចាំ​ថៃ គិត​ក្នុង​ខែមេសា​ឆ្នាំ​២០១៩​។ ចំនួន​នេះ​គឺ​ស្ថិតនៅ​ទាប​ជាង​ប្រាក់​ដុល្លារ​អាមេរិក​ដែលមាន​៤៤​ភាគរយ ប្រាក់​អឺរ៉ូ​មាន​១៦​ភាគរយ និង​ប្រាក់​យ៉េន​ជប៉ុន​មាន​៨.៥​ភាគរយ​។​

ទី​៣ ប្រទេស​ចិន​ត្រូវតែ​សម្រប​ខ្លួន​ទៅនឹង​គណនី​ចរន្ដ​ដែលមាន​តុល្យភាព​ទូលំទូលាយ បន្ទាប់ពី​ក្លាយជា​ប្រទេស​មាន​អតិរេក​ធំធេង​ជាច្រើន​ទសវត្ស​កន្លងមក​។ ដើម្បី​រក្សា​ត​ល្យ​ភា​ពនៃ​ការទូទាត់​ឲ្យបាន​ល្អប្រសើរ និង​ចៀសវាង​ហា​នី​ភ័យ​ខ្ពស់ ចិន​ពេលនេះ​ត្រូវតែ​ធានាថា​លំហូរ​មូលធន​របស់ខ្លួន មាន​តុល្យភាព​ជាមួយនឹង​លំហូរ​ចូល​មូលនិធិ​បរទេស​។​

​ទី​៤ បញ្ហា​ប្រឈម​ដែល​ចិន​ជួបប្រទះ​ក្នុង​ការសម្រេច​ឲ្យបាន​នូវ​សមាហរណកម្ម​ជា​សកល គឺ​ការ​ស្ថិតក្នុង​បរិយាកាស​ខាងក្រៅ​ដែល​មិន​រាក់ទាក់ បង្កើតឡើង​ដោយសារតែ​ក្ដី​ព្រួយបារម្ភ​ជុំវិញ​លំហូរ​ទំនិញ មូលធន ទិន្នន័យ ប្រជាជន និង​វប្បធម៌​។ គ្មានអ្វី​ច្បាស់​ជាង​រដ្ឋបាល​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ពេលនេះ​ទេ រួម​នឹង​ការវាយប្រហារ​របស់​អា​មេរិក​ទៅលើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល ក្នុងនោះ​រាប់បញ្ចូល​ទាំង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​កំពុង​កើតឡើង​ជាមួយ​ចិន​ផងដែរ​។ វាស​បញ្ជាក់ថា​ចិន​កំពុង​ជួប​ស្ថានភាព​ដែល​កំបាក​ខ្លាំង និង​ពុំ​សូវ​ជា​រាក់ទាក់​ពី​អាមេរិក​នោះទេ​។ ជាមួយនឹង​ការចរចា​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ត្រូវ​បរាជ័យ រួមទាំង​មាន​ទស្សនៈ​ពិភពលោក​ខុសគ្នា​ផង​នោះ រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បានធ្វើ​គ្រប់យ៉ាង​ដើម្បី​តែ​ឈ្នះ​។​

​ថ្មីៗ​នេះ​មាន​ការស្នើ​នូវ​បទប្បញ្ញត្ដិ​ថ្មី​អាច​ពង្រីក​សិទ្ធិអំណាច​របស់​រដ្ឋាភិបាល​អាមេ​រិក តាមរយៈ​គណៈកម្មាធិកា​រ​វិនិយោគ​បរទេស​នៅ​អាមេរិក ដើម្បី​រារាំង​ប្រតិ​បត្ដិកា​រទាក់​ទងនឹង​បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ទិន្នន័យ​ផ្ទាល់ខ្លួន និង​អចលនទ្រព្យ​ឈរលើ​មូលដ្ឋាន​សន្ដិសុខ​ជាតិ​។ ច្បាប់​នេះ​នឹង​ជះឥទ្ធិពល​ដល់​តួអង្គ​សំខាន់ៗ​ដូចជា​ប្រទេស​ចិន ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជា​គោលដៅ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ចរ​បស់​អាមេរិក​។ ការកើនឡើង​ជម្លោះ​ជាមួយ​អាមេរិក​បានដាក់​សម្ពាធ​យ៉ាងខ្លាំង ទៅលើ​យុទ្ធសាស្ដ្រ​សាកល្បង​និង​ពង្រីក​របស់​ចិន​។​

​ដើម្បីឲ្យ​ប្រាកដប្រជា ប្រទេស​ចិន​បាន​ពង្រីក​វិធីសាស្ដ្រ​ទ្វេភាគី​របស់ខ្លួន ក្នុង​ការធ្វើសមាហរណកម្ម​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ ដោយ​បញ្ចូល​ខេត្ដ​ដែល​កំពុងមាន​សន្ទុះ​មួយចំនួន ចូលទៅក្នុង​គម្រោង​សាកល្បង​ដូចជា​តំបន់​ពាណិជ្ជកម្ម​សេរី​សៀង​ហៃ​។ ចិន​សង្ឃឹមថា​ទីក្រុង​សាកល្បង​ទាំងនេះ​នឹង​ដូចជា​ទីក្រុង​ហុងកុង អាច​ទ្រទ្រង់​សន្ទុះ​សមាហរណកម្ម​របស់ខ្លួន ដោយ​ជួយ​សម្របសម្រួល​ស្របតាម​ច្បាប់​និង​បទប្បញ្ញត្ដិ ជាមួយ​ក្របខណ្ឌ​ពិភពលោក​ដើម្បី​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ពន្ធ​គយ និង​ប្រតិ​ប​ត្ដិ​ការផ្សេងៗ​ទៀត​។​

​ប៉ុន្ដែ​ចិន​នឹងត្រូវ​ពង្រីក​និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ប្រសិនបើ​មាន​គោលដៅ​ចង់​ការពារ​ការផ្សារភ្ជាប់​របស់ខ្លួន​ទៅនឹង​ហិរញ្ញវត្ថុ ទិន្នន័យ និង​បណ្ដាញ​ចំណេះដឹង​សកលលោក​។ មានតែ​អ្នកធ្វើ​គោលនយោបាយ​ប្រកបដោយ​ភាពក្លាហាន វៃ​ឆ្លាត និង​ច្នៃ​ប្រតិដ្ឋ​ប៉ុណ្ណោះ ដែល​អាច​ធានាថា​ទីក្រុង​សាកល្បង​របស់​ចិន បន្ដ​ដឹកនាំ​ឆ្ពោះទៅរក​អនាគត​បើកចំហរ ការធ្វើសមាហរណកម្ម​ដោយ​សន្ដិភាព​និង​វិបុលភាព​៕

ព័ត៌មានផ្សេងទៀត