លោកហ៊ុន សែនផ្ដាំលោកសម រង្ស៊ី ថា”ជង់មិនភ្លេចកុកទេ”

22-10-2019 10:43 am 917

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយចំនួនជា៤ពាន់នាក់នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ថា រូបលោកគ្មានការចាំបាច់និយាយអ្វីច្រើនទៀតទេ ចំពោះគម្រោងនៃការវិលត្រឡប់មកកម្ពុជា របស់អតីតមេបក្សបក្សប្រឆាំង ដោយលោកគ្រាន់តែផ្ដាំថា ជង់មិនដែលភ្លេចកុកទេ មានតែកុកទេដែលភ្លេចជង់។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៏បានជំរុញដល់លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិប្រញ៉ាប់មកកម្ពុជាមក មិនចាំបាច់ដល់ថ្ងៃទី៩ ខែវិច្ឆិកានោះទេ។ បើតាមលោកហ៊ុន សែន សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានត្រៀមរួចរាល់ហើយ ដើម្បីអនុវត្តបទបញ្ជារាជរដ្ឋាភិបាល។

លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានបញ្ជាក់ ថា គម្រោងនៃការវិលត្រឡប់របស់លោកមកម្ពុជាវិញ មិនមែនការផ្លាស់ប្ដូរទេ ពោលគឺលោកនឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ អតី តមេប្រឆាំងរូបនេះ បានថ្លែងប្រាប់វិទ្យុបរទេសផ្សាយជាភាសាខ្មែរ ថា លោកជឿជាក់១០០ភាគរយ ថា នឹងអាចវិលត្រឡប់មកកម្ពុជាវិញ ដោយមានការត្រួសត្រាយផ្លូវពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

សូមជម្រាប ថា លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតបក្សសង្រ្គោះជាតិ បានប្រកាសវិលត្រឡប់កម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលចំថ្ងៃបុណ្យឯករាជ្យជាតិ និងគៀកថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ លោកសម រង្ស៊ី បានបំផុសឲ្យប្រជាពលរដ្ឋនាំគ្នាទៅព័ទ្ធផ្ទះរបស់ភូមិ និងផ្ទះស្នងការប៉ូលីស តាមបណ្ដារាជធានី-ខេត្ត នៅថ្ងៃដែលលោកវិលចូលស្រុក ដោយលោកជឿថា អ្នកទាំងនោះអាចនឹងរត់ចោលការងាររបស់ខ្លួន ឬក៏អាចចូលរួមជាមួយអតីតគណបក្សប្រឆាំង។

ប៉ុន្តែត្រូវបានលោកគឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការបំផុសនេះ គឺជាផែនការមួយ នៃផែនការជាច្រើនទៀតរបស់លោកសម រង្ស៊ី និងក្រុមរបស់អតីតគណបក្សប្រឆាំង ក្នុងការធ្វើឲ្យកើតមានរដ្ឋប្រហារ ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ លោកគឹម សន្តិភាព បានបញ្ជាក់បន្ថែម ថា សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននឹងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមជនទាំងឡាយណា ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ៕ 

ព័ត៌មានផ្សេងទៀត