ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយថា កងទ័ពអាមេរិកមួយចំនួន នៅតែរក្សាទុកនៅក្នុងប្រទេសស៊ីរី ផ្ទុយពីអ្វីដែលលោកទើបប្រកាសកាលពីពេលថ្មីៗនេះថា នឹងដកទ័ពចេញទាំងអស់ពីប្រទេសនេះ។ លោកត្រាំនិយាយថា កងទ័ពដែលនៅសេសសល់ មានបេសកកម្មការពារតំបន់ប្រេង និងខ្លះទៀតត្រូវដាក់ពង្រាយ នៅក្បែរព្រំដែនអ៊ីស្រាអែលនិងហ្សកដានី ទៅតាមការស្នើរបស់ប្រទេសទាំងពីរ។
ការផ្លាស់ប្តូរចិត្តភ្លាមៗរបស់លោកត្រាំធ្វើឡើង នៅពេលតួកគី លើកទ័ពទៅវាយលុកលើក្រុមឃឺដដែលជាសម្ព័ន្ធមិត្តអាមេរិក នៅភាគខាងជើងប្រទេសស៊ីរី។ បច្ចុប្បន្នកងទ័ពតួកគី កំពុងអនុវត្តបទឈប់បាញ់ដែលស្នើដោយអាមេរិក ដើម្បីអនុញ្ញាតឲ្យក្រុមឃឺដ ដកកងកម្លាំងរបស់ពួកគេចេញពីភាគខាងជើងប្រទេសស៊ីរី។ យ៉ាងណាក៏ដោយ បទឈប់បាញ់ត្រូវផុតកំណត់នៅយប់ថ្ងៃអង្គារនេះហើយ តែលោកត្រាំមិនទាន់ច្រានចោលលទ្ធភាព នៃការពង្រីកបទឈប់បាញ់នៅឡើយទេ។
គួរជម្រាបជូនថា កងទ័ពអាមេរិកប្រចាំនៅប្រទេសស៊ីរី បានចាប់ផ្ដើមដកចេញពីតំបន់ព្រំដែនជាមួយតួកគីនៅថ្ងៃទី៧តុលា ព្រោះទ័ពអាមេរិកបានធ្វើឲ្យក្រុមរដ្ឋអ៊ីស្លាមចុះចាញ់ហើយ។ តែការដកទ័ពចេញនេះ បានធ្វើឲ្យលោកត្រាំរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកនយោបាយនៅក្នុងជួរគណបក្សសាធារណរដ្ឋ ដែលកំពុងដឹកនាំប្រទេស។ ក្រោយដកទ័ពចេញ បានផ្តល់ឱកាសឲ្យតួកគីលើកកម្លាំងចូលវាយលុកក្រុមឃឺដ ដែលខ្លួនចាត់ទុកជាអ្នកគាំទ្រក្រុមឧទ្ទាម អុកឡុកក្នុងប្រទេសតួកគី។ មានការចោទប្រកាន់ផងដែរថា លោកត្រាំបានក្បត់កងកម្លាំងឃឺដ ដែលជាដៃគូសំខាន់របស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕