ឥណ្ឌា​-​និង​ប៉ា​គី​ស្ថាន​​បាញ់ប្រហារ​​ដាក់គ្នា​ជាថ្មី​​នៅ​តំបន់​ព្រំដែន​​កា​ស្មៀ​

21-10-2019 4:26 pm 146

​ប្រទេស​ឥណ្ឌា​និង​ប៉ាគី​ស្ថានបាន​បន្ទោស​គ្នា​ជាថ្មី​ម្ដងទៀត ជុំវិញ​ការបាញ់ប្រហារ​ឆ្លងកាត់​តំបន់​ព្រំដែន​កា​ស្មៀ​ជា​តំបន់​ជម្លោះ​រ៉ាំរ៉ៃ​។ ភាគី​ទាំង​ពីរបាន​និយាយថា ការវាយប្រហារ​សងសឹក​គ្នា​ទៅវិញទៅមក​ដូច្នេះ កើតឡើង​ក្រោយពី​មាន​ភាគី​ម្ខាង​រំលោភ​លើ​បទ​ឈប់​បាញ់​ឆ្នាំ​២០០៣​។ ប្រទេស​នុយក្លេអ៊ែរ​ទាំងពីរ​បានធ្វើ​សង្គ្រាម​ជាមួយគ្នាជាច្រើនលើក​មកហើយ និង​បានកំណត់​ពី​ជម្លោះ​នៅ​តំបន់​ព្រំដែន​កា​ស្មៀ​ផងដែរ​។ ប៉ុន្ដែ​ភាព​តានតឹង​ក្នុងឆ្នាំនេះ បាន​ផ្ទុះឡើង​កាន់តែខ្លាំង​ជាង​មុន​។​

​កាលពី​ខែកុម្ភៈ​ឥណ្ឌា​បាន​បើក​ការវាយប្រហារ​តាម​អាកាស ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន ឆ្លើយតប​នឹង​ការវាយប្រហារ​ក្នុង​តំបន់​កា​ស្មៀ​ដែល​សម្លាប់​ទាហាន​ឥណ្ឌា​៤០​នាក់​។ ក្រុម​សកម្មប្រយុទ្ធ​មួយ​មាន​ឈ្មោះថា​Jaish-e-Mohammad​មាន​មូលដ្ឋាន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន បាន​ចេញមុខ​អះអាងថា​ពួកគេ​ជា​អ្នក​វាយប្រហារ​លើ​កងទ័ព​ឥណ្ឌា​។ 

​ដោយឡែក​នៅក្នុង​ខែសីហា​ឥណ្ឌា​បាន​ដកហូតយក​ផ្នែក​ខ្លួន​កាន់កាប់​នៅ​តំបន់​កា​ស្មៀ មក​ធ្វើជា​តំបន់​ស្វ័យភាព​របស់ខ្លួន​បង្កឲ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ពី​ប៉ាគី​ស្ថាន​។ តាំងពី​នោះមក​នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​លោក​Imran Khan បាន​បញ្ចុះបញ្ចូល​ស្វែងរក​ការគាំទ្រ​ពី​អន្ដរជាតិ​ប្រឆាំង​ឥណ្ឌា ចំពោះ​អ្វីដែល​លោក​ចាត់ទុកជា​ទង្វើ​ខុសច្បាប់​។ នៅ​តំបន់​កា​ស្មៀ​ភាគី​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​អះអាងថា ជា​កម្មសិទ្ធិ​របស់គេ​រៀងៗ​ខ្លួន ប៉ុន្ដែ​គ្រប់គ្រង​បានតែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​មិនបាន​ទាំងមូល​ទេ​។​

​ការប៉ះទង្គិច​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ព្រំដែន​កា​ស្មៀ​ក្នុង​ឆ្នាំនេះ បាន​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​បទ​ឈប់​បាញ់​ឯកភាព​ក្នុង​ឆ្នាំ​២០០៣​។ ចំពោះ​ការប៉ះទង្គិច​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ ទាំង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​បកស្រាយ​ខុសៗ​គ្នា​។ ឥណ្ឌា​ចោទថា​ប៉ា​គី​ស្ថាន​បាន​វាយប្រហារ​លើ​ជន​ស៊ីវិល បានសម្លាប់​បុរស​ម្នាក់​និង​បណ្ដាលឲ្យ​មនុស្ស​បីនាក់​របួស​។ ឥណ្ឌា​ក៏​សងសឹក​វិញ​ដោយ​វាយប្រហា​រលើ​គោលដៅ​ក្រុម​សកម្ម​ប្រយុទ្ធ និង​បានសម្លាប់​ទាហាន​ប៉ា​គី​ស្ថាន​យ៉ាងតិចណាស់​៦​នាក់ ព្រមទាំង​បាន​បំផ្លាញ​ជំរំ​ចំនួន​៣​ផងដែរ​។​

​រីឯ​ភាគី​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់ថា ឥណ្ឌា​ជា​អ្នករំលោភ​លើ​បទ​ឈប់​បាញ់ គឺ​បាន​វាយប្រហារ​លើ​ជន​ស៊ីវិល​ដោយ​ចេតនា​។ មាន​ទាហាន​ឥណ្ឌា​ចំនួន​៩​នាក់​ត្រូវ​បានសម្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​នៅពេល​កងទ័ព​ប៉ា​គី​ស្ថាន​បាញ់​សងសឹក​។ ការបកស្រាយ​ប្រកាន់យក​ត្រូវ​រៀងៗ​ខ្លួន ធ្វើឲ្យ​ស្ថានកា​រណ៍នៅ​ពុំទាន់​ធូរស្បើយ​ទេ​។ បើតាម​ការបញ្ជាក់​ពី​ឥណ្ឌា មាន​ការរំលោភ​លើ​បទ​ឈប់​បាញ់​កើតឡើង​ជាង​២​ពាន់​លើក​ហើយ​ក្នុងឆ្នាំនេះ ដែល​បង្កឡើង​ដោយសារតែ​ភាគី​ប៉ា​គី​ស្ថាន បណ្ដាលឲ្យ​ប្រជាជន​ឥណ្ឌា​ស្លាប់​២១​នាក់​។ ប៉ា​គី​ស្ថាន​បញ្ជាក់ថា​មាន​ប្រជាជន​ជាង​៤០​នាក់​ស្លាប់ ក្នុងនោះ​មាន​ទាហាន​១៤​នាក់ ដោយសារតែ​ការបាញ់ប្រហារ​ពី​ឥណ្ឌា​ឆ្លងកាត់​តំបន់​ព្រំដែន​គិត​ក្នុង​ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត