ក្រោយ​ដកទ័ព​​អាមេរិក​​ទម្លាក់​គ្រាប់​​កម្ទេច​​មូលដ្ឋាន​​ខ្លួន​​កាន់កាប់​​​នៅ​ស៊ី​រី​​

21-10-2019 11:43 am 166

​តាម​ការចុះផ្សាយ​ព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​រី​សា​ណា​បានឲ្យដឹងថា កងទ័ព​ជើង​អាកាស​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​កម្ទេច​មូលដ្ឋាន​ទ័ព​របស់ខ្លួន​នៅ​ក្នុងប្រទេស​ស៊ី​រី ជា​ទីតាំង​ដែល​កងទ័ព​អាមេរិក​ធ្លាប់​កាន់កាប់​កាល​នៅ​ស៊ី​រី​។ មូលដ្ឋានទ័ព​ដែល​ត្រូវកម្ទេច​មានឈ្មោះ​Al-Qulaib ស្ថិតក្នុង​ខេត្ដ Al-Hasakah ដែល​មូលដ្ឋានទ័ព​នោះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទទួល​សម្ភារៈ​យោធា ដឹក​តាម​យន្ដហោះ​និង​ឧទ្ធម្ភាគចក្រ​ពី​អាមេរិក​ទៅ​។​

​មូលដ្ឋានទ័ព​នេះ​ទើប​ត្រូវបាន​កងទ័ព​អាមេរិក​បោះបង់ចោល ក្រោយពេល​ពួកគេ​ទទួលបញ្ជា​ពី​លោក​ដូណាល់ ត្រាំ​ឲ្យ​ផ្លាស់ប្ដូរ​ទៅ​ប្រទេស​អ៊ីរ៉ាក់​វិញ​ម្ដង​។ ការដក​ទ័ព​ចេញពី​ស៊ី​រី​ទៅ​អ៊ីរ៉ាក់​របស់​អាមេរិក ធ្វើឡើង ខណៈ​ទ័ព​តួ​ក​គី​កំពុង​វាយលុក​ចូល​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ក្នុង​គោលបំណង​បោសសម្អាត​ក្រុមឃឺ​ដដែល​កាន់កាប់​នៅទីនោះ​។ ក្រុមឃឺ​ដ​គឺជា​សម្ព័ន្ធមិត្ដ​របស់​កងទ័ព​អាមេរិ​ក ដែល​ចាប់ដៃគ្នា​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​កន្លងមក​។​

​ស្រប​ពេលដែល​ក្រសួង​ការពារជាតិ​អាមេរិក​មិនទាន់​ចេញ​បកស្រាយ​ករណីនេះ សារព័ត៌មាន​បាន​ចុះផ្សាយ​ថា​មូលហេតុ​ដែល​អាមេរិក​ទម្លាក់​គ្រាប់​កម្ទេច​មូលដ្ឋាន​ខ្លួន​កាន់កាប់​នៅ​ស៊ី​រី អាច​ដោយសារតែ​ខ្លាច​សម្ភារ​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​នោះ ធ្លាក់​ក្នុង​ដៃ​កងទ័ព​ស៊ី​រី​ឬ​រុស្ស៊ី​។ មូលដ្ឋាន​យោធា​ទាំងនោះ​មិន​ត្រូវបាន​គេ​បោសសម្អាត​ទាំងអស់​ភ្លាមៗ​ទេ ដូច្នេះ​ដើម្បី​ការពារ​ខ្លាច​កងទ័ព​ស៊ី​រី​ឬ​រុស្ស៊ី​ចូល​ទៅដល់ ហើយ​លូច​យក​ព័ត៌មាន​នៅ​មូលដ្ឋាន ទើប​អាមេរិក​សម្រេច​ទម្លាក់​គ្រាប់បែក​កម្ទេចចោល​តែម្ដង​។​

​គួរ​បញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន​ប្រកាស​ដកទ័ព​ចេញពី​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ហាក់ដូចជា​ការ​ផ្ដល់ឱកាស​ឲ្យ​កងទ័ព​តួ​ក​គី​វាយលុក​តំបន់​នោះ​ដូច្នេះ​ដែរ ទោះបី​អាមេរិក​បាន​បដិសេធ​មិន​អនុញ្ញាតឲ្យ​កងទ័ព​តួក​គី​ធ្វើ​បែបនេះក៏ដោយ​។ ប្រតិ​បត្ដិកា​រវាយ​លុករប​ស់​តួ​ក​គី​ធ្វើឡើង​ជាង​មួយ​សប្ដាហ៍ ទើប​តួ​ក​គី​និង​អាមេរិក​សម្រេចបាន​បទ​ឈប់​បាញ់​រយៈពេល​៥​ថ្ងៃ ផុតកំណត់​នៅ​ថ្ងៃទី​២២​តុលា​។ ប៉ុន្ដែ​ទោះជា​មាន​បទ​ឈប់​បាញ់ មាន​សេចក្ដីរាយការណ៍​ថា​នៅតែមាន​ការប៉ះទង្គិច​ក្នុង​តំបន់​មួយចំនួន​ដដែល​៕

ព័ត៌មានផ្សេងទៀត