ស្ត្រីសកម្មជនអតីតបក្សប្រឆាំងឈ្មោះងឹម គាថា និងឈ្មោះសៅ ឧសភា ហៅសភាមយូរ៉ាបានចេញមុខបដិសេធ ថា ខ្លួនមិនបានធ្វើអ្វីទាល់តែសោះ បែរជាត្រូវសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់ពីបទ”រួមគំនិតក្បត់”។ ការចេញមុខបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែតុលា បានសម្រេចធ្វើការចោទប្រកាន់អតីតមន្ត្រី និងសកម្មជនអតីតបក្សសង្រ្គោះជាតិ ចំនួន៣នាក់ពី បទ”រួមគំនិតក្បត់”ដែលពាក់ព័ន្ធនឹងសកម្មភាពកៀងគរ និងបំផុសបំផុលឲ្យមហាជន ចូល រួមក្នុងផែនការផ្ដួលំរំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា”ផែនការនៃការវិលត្រឡប់មកម្ពុជាវិញ របស់លោកសម រង្ស៊ី”។ ជនត្រូវចោទទាំងនោះរួមមានឈ្មោះ ញឹម គឹមញ៉ុល,ឈ្មោះងឹម គាថា និងឈ្មោះសៅ ឧសភា ហៅស្រីមុំ ហៅ សភាមយូរ៉ា។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ ថា ជនត្រូវចោទទាំង៣នាក់នេះ បានធ្វើសកម្មភាពញុះញង់ប្រឌិតព័ត៌មានមិនពិតជាច្រើន ដោយចេតនាកៀងគរ ប្រមូលផ្តុំប្រជាពលរដ្ឋ និងសមាជិករបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ ប៉ុន្តែស្ត្រីឈ្មោះងឹម គាថា បានសរសេរនៅលើទំព័រហ្វេសប៊ុក ថា រូបខ្លួនមិនអាចទទួលយកបានទេ ចំពោះការចោទប្រកាន់ថា”រួមគំនិតក្បត់”ទាំងដែលខ្លួនមិនបានធ្វើអ្វីសោះ។ ចំណែកស្ត្រីឈ្មោះសៅ ឧសភា ហៅសភាមយូរ៉ា ក៏បានសរសេរនៅលើហ្វេសប៊ុកដែរ ថា រូបខ្លួនមិនបានធ្វើអ្វីទាល់សោះ បែរត្រូវតុលាការចេញដីកាឲ្យចាប់ខ្លួន និងចោទប្រកាន់ពីបទ”រួមគំនិតក្បត់”។
ទាក់ទងនឹងបញ្ហានេះលោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច បានលើកឡើង ថា ប្រសិនបើសកម្មជនអតីតបក្សប្រឆាំង ទាំងនោះមិនបានធ្វើអ្វីខុសទេ គឺគ្មានការចាប់ខ្លួន ឬចោទប្រកាន់នោះឡើយ។ លោកថា អ្នកដែលត្រូវចាប់ខ្លួន ឬចោទប្រកាន់ទាំងនោះ សុទ្ធតែមានការប្ដេជ្ញាចិត្ត ជាមួយអតីតមេបក្សប្រឆាំង ក្នុងផែនការប៉ុនប៉ង ផ្ដួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកលជា”ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី” នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕