លោក​ថោង​ ខុន​ ស្នើឲ្យ​​​រៀបចំ​ផែនការ​មេ​​​អភិវឌ្ឍន៍​​​តំបន់​​​ទេសចរណ៍​​​នៅ​​ព្រែក​​កំពត​​​

21-10-2019 10:35 am 99
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន បាន​លើកឡើងថា លោក​ជឿជាក់ ថា​តំបន់​ទេសចរណ៍ ធម្មជាតិ​នានា ដែលមាន​នៅតាម​ព្រែក​កំពត ឬ​ព្រែក​កំពង់បាយ នៃ​ស្រុក​ទឹកឈូ​ខេត្តកំពត គឺ​ពិតជា មេដែក​ថ្មី​ដ៏​សំខាន់​មួយ ក្នុង​ការទាក់ទាញ​កំណើន​ភ្ញៀវទេសចរ ឱ្យមក​ទស្សនា​ខេត្តកំពត ខណៈ ខេត្ត​មួយ​នេះ​ក៏មាន​ភ្នំ​បូកគោ និង​រមណីយដ្ឋាន​មួយចំនួនទៀត ជា​មេដែក​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​សំខាន់​ផងដែរ​។​ការលើកឡើង​យ៉ាង​ដូច្នេះ បន្ទាប់ពី​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ នៅ​សាលា​ខេត្តកំពត នា​ថ្ងៃទី​២០ ខែតុលា​។​

​នៅ​ក្នុងឱកាស​នោះដែរ​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្តកំពត ត្រូវ​សិក្សា​រៀបចំ​ឱ្យបាន​នូវ​ផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​តំបន់​ព្រែក​កំពត​នេះ ពិសេស​ត្រូវធ្វើ​ឱ្យបាន​លឿន​បំផុត ដើម្បីឱ្យ​ទាន់សភាពការណ៍​បច្ចុប្បន្ន ដែល​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​នេះ​កំពុងមាន​ការកើនឡើង​ខ្លាំង​។​

​ជាមួយគ្នា​នោះដែរ លោក​បានលើកឡើង​ពី​វិធានការ​ភ្លាមៗ​នៅ​ចំពោះមុខ គឺ​ត្រូវ​ទប់​ច្រាំង​នៅ​កន្លែង​មួយចំនួន នៃ​ដងព្រែក​កំពង់បាយ ដើម្បី​រក្សា​ច្រាំង​ព្រែក​ឱ្យបាន​យូរអង្វែង រាំង​ទប់​អោយបាន​ការ​បូម​ខ្សាច់​ដែរ​អាច​ធ្វើអោយប៉ះពាល់​ដល់​តំបន់​នេះ ពីព្រោះ​កន្លែង​ខ្លះ ដូចជា​ផ្លូវ​ធ្វើដំណើរ​នៅ​ជិត​មាត់​ព្រែក និង ផែ​ទូក​កាណូត​ទេសចរណ៍​តូចៗ ប្រើ​សិន​បើ​ដាច់​ច្រាំង គឺ​ដូចជា​បាត់​ផ្លូវ​ធ្វើដំណើរ និង​មិន​អាចធ្វើ​សកម្មភាព​ទេសចរណ៍​បាន​។​

​លោក​បន្តថា ម្យ៉ាងវិញទៀត តំបន់​ទេសចរណ៍​នៅ​ព្រែក​កំពង់បាយ​នេះ មិនត្រូវ​ឱ្យមាន​ការកាប់​ទន្ទ្រាន​ព្រៃឈើ​នានា ដូចជា​ដើ​មចាក យក​ធ្វើ​ដីចម្ការ​តទៅ​ទៀតឡើយ ព្រោះ​ធនធានធម្មជាតិ​ទាំងនោះ ក៏​ជា​កត្តាចាំបាច់​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ ត្រូវ​រក្សា​ស្ថិរភាព​ទឹកស្អាត​នៅក្នុង​ព្រែក​ឱ្យបាន​ជាប់​ជានិច្ច​។​

​លោក​បានលើកឡើង​ទៀតថា រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ ពិសេស​ត្រូវ​ផលិត​ជា វីដេអូ​ស្ព័ត​អំពី​តំបន់​ទេសចរណ៍​ទាំងនោះ​ឱ្យ​កាន់តែ​ខ្លាំងក្លា ដើម្បីឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ បានដឹង​ពី​សក្ដានុពល​នៃ​តំបន់​នេះ​ឱ្យបាន​សុះសាយ​បន្ថែមទៀត​។​

​លោក​ថោង ខុន បាន​គូស​បញ្ជាក់ដែរថា នៅពេល​ភ្ញៀវទេសចរ​មក​ទស្សនា​ច្រើនឡើង​ហើយ រមណីយដ្ឋាន​នីមួយៗ​ត្រូវ​ចុះ​ពង្រឹងគុណភាព​សេវាកម្ម និង​ត្រូវ​បង្កើន​ការទទួល​បដិ​សណ្ឋារ​ចំពោះ​ភ្ញៀវទេសចរ កុំ​ដំឡើងថ្លៃ​ហួសហេតុ​ពេក កុំ​លក់ទំនិញ​អន់​គុណភាព ត្រូវបាន​បង្កើន​សេវា​ស្នាក់នៅ​បន្ថែមទៀត ពិសេស​ត្រូវ​ពង្រឹង​អនាម័យ​ចំណីអាហារ បញ្ហា​សំរាម បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​កុំ​បង្ហូរទឹក​កខ្វក់​ចូលក្នុង​ព្រែក​៕

ព័ត៌មានផ្សេងទៀត