ការ​បង្ហោះ​​ហ្វេ​សប៊ុក​​ធ្វើឲ្យ​ផ្ទុះ​​ការតវ៉ា​​ដោយ​ហិង្សា​​​​​មនុស្ស​​​​ស្លាប់​​​៤នាក់​​នៅ​បង់​ក្លា​ដែស​

21-10-2019 10:23 am 250
រូបភាព​នៃការ​តវ៉ា​របស់​ប្រជាជន​បង់ក្លាដែស

​នាយករដ្ឋមន្ដ្រី​បង់​ក្លា​ដែស​លោកស្រី​សេខ ហា​សី​ណា​(Sheikh Hasina)​កាលពី​ថ្ងៃអាទិត្យ បានចេញ​អំពាវនាវ​ឲ្យមាន​ការអត់ធ្មត់​ខ្ពស់ បន្ទាប់ពី​មាន​មនុស្ស​យ៉ាងតិចណាស់​៤​នាក់​ស្លាប់ ក្រោយពេល​ប៉ូលិស​បាញ់កាំភ្លើង​លើ​ក្រុម​តវ៉ា​រាប់ពាន់នាក់ ដែល​ប្រមូលផ្ដុំ​ប្រឆាំងនឹង​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។ ក្រុម​តវ៉ា​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​នាំគ្នា​ប្រមូលផ្ដុំ ដើម្បី​ប្រឆាំងនឹង​អ្វីដែល​ពួកគេ​ចាត់ទុកថា​ជា​សារ​បង្ហោះ​លើ​ហ្វេ​សប៊ុក ក្នុងន័យ​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះ​របស់​ពួកគេ​។ ដូច្នេះហើយ​ពួកគេ​ទាមទារ​ឲ្យ​ចាប់ខ្លួនអ្នក​បង្ហោះ​សារ​ទៅ​កាត់ទោស ប៉ុន្ដែ​ការតវ៉ា​ក៏​ផ្ទុះ​ជា​អំពើហិង្សា​កើតឡើង​។​

​នាយករដ្ឋមន្ដ្រី​បង់​ក្លា​ដែសបាន​បញ្ជាក់ថា គណនី​ហ្វេ​សប៊ុក​របស់បុរស​ដែល​រង​ការចោទប្រកាន់ ត្រូវបាន​ជន​មូស្លីម​ម្នាក់​លួច​ចូល​ប្រើប្រាស់ និង​បាន​សរសេរ​ពាក្យ​ប៉ះពាល់​ដល់​ព្រះ​នៃ​ក្រុម​មូស្លីម ក្នុងន័យ​ញុះញង់​ឲ្យ​ផ្ទុះ​ភាព​តានតឹង​ខាង​សាសនា​គឺ​រវាង​សាសនា​អ៊ីស្លាម​និង​ហិណ្ឌូ​។ លោកស្រី​នាយករដ្ឋមន្ដ្រី​បញ្ជាក់​បន្ថែមថា សារ​ទាំងនោះ​គឺជា​ពាក្យ​កុហក​ដែល​ត្រូវបាន​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​

​គួរ​បញ្ជាក់ថា​នៅក្នុង​ការតវ៉ា​ក្រៅពី​មនុស្ស​ស្លាប់ មាន​មនុស្ស​របួស​ប្រមាណ​៥០​នាក់​ផ្សេងទៀត ហើយ​ចំនួន​មនុស្ស​ស្លាប់​អាច​កើនឡើង​ដោយសារ​មនុស្ស​ជាង​៤០​នាក់​រងរបួស​ធ្ងន់ធ្ង​រ​។ ប៉ូលិស​បាន​បកស្រាយ​ថា​ពួកគេ​បាញ់ប្រហា​រលើ​ក្រុម​តវ៉ា​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ក្រោយពេល​ក្រុម​តវ៉ា​នាំគ្នា​គប់​ដុំថ្ម​មកលើ​កងកម្លាំង​សន្ដិសុខ​។ ករណី​បង្ហោះ​សារ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត បាន​ក្លាយជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​កងកម្លាំង​សន្ដិសុខ​នៅ​បង់​ក្លា​ដែស ជា​ប្រទេស​មាន​ជន​មូស្លីម​រហូតដល់​៩០​ភាគរយ​នៃ​ប្រជាជន​សរុប​១៦៨​លាន​នាក់​៕

 ពាក្យគន្លឹះ  បង់ក្លាដែសការតវ៉ា

ព័ត៌មានផ្សេងទៀត