ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​​ស្បថ​ចូល​​កាន់តំណែង​​ចន្លោះពេល​​ស្ថានការណ៍​​តានតឹង​

20-10-2019 2:24 pm 203
  ស្តាប់
ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូ វីដូដូ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វី​ដូ​ដូនៅ​ថ្ងៃទី​២០​តុលា​នេះ បាន​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​មួយ​អាណត្ដិ​ទៀតជា​អាណត្ដិ​ទីពីរ បន្ទាប់ពី​ឈ្នះឆ្នោត​លើ​គណបក្ស​ជា​គូប្រជែង​។ ប៉ុន្ដែ​ពិធី​ស្បថ​ចូល​កាន់តំណែង​របស់លោក ធ្វើឡើង​ស្របពេល​ឥណ្ឌូនេស៊ី​កំពុងស្ថិត​ក្នុងស្ថានភាព​មិនសូវ​ជា​ល្អ គឺមាន​ការតវ៉ា​កើតឡើង​ព្រមទាំង​មាន​ការវាយប្រហារ ប៉ុនប៉ង​សម្លាប់​មន្ដ្រី​សន្ដិសុខ​ជាន់ខ្ពស់​ឥណ្ឌូនេស៊ី​ផងដែរ​។​

​ដើម្បី​ធានា​ឲ្យ​ពិធី​ប្រព្រឹត្ដទៅដោយ​រលូន​និង​មានសុវត្ថិភាព កងកម្លាំ​សន្ដិសុខជាង​៣​ម៉ឺន​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​រដ្ឋធានី​ចា​កាតា​។ នៅក្នុង​ពិធី​ក៏មាន​ការចូលរួម​ពី​មេដឹកនាំ​អន្ដរជាតិ​ជាច្រើនរូប ដូចជា​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី និង​នាយករដ្ឋមន្ដ្រី​កម្ពុជា​ជាដើម​។ 

​លោក​ចូកូ វី​ដូ​ដូ​មាន​អាយុ​៥៨​ឆ្នាំ បាន​ចូល​កាន់តំណែង​ដំបូង​ក្នុង​ឆ្នាំ​២០១៤ ដែល​លោក​មិនមាន​បទពិសោធន៍​នយោបាយ​ឡើយ ផ្ទុយទៅវិញ​លោក​គឺជា​អ្នករកស៊ី​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ដោយមាន​ការជឿជាក់​លើស​ម​ត្ថភាព​របស់លោក លោក​ក៏​ទទួលជោគជ័យ​ក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៤ និង​ឈ្នះឆ្នោត​ក្នុង​ឆ្នាំ​២០១៩​បន្ដទៀត​។ តាមពិត​ការបោះឆ្នោត​ធ្វើឡើង​តាំងពី​ខែមេសា​ឆ្នាំ​២០១៩​មកម្ល៉េះ ប៉ុន្ដែ​ពិធី​ស្បថ​ចូល​កាន់តំណែង​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​២០​តុលា​។ 

​ទន្ទឹមនឹង​ជ័យជម្នះ​របស់លោក លោក​ក៏មាន​ការរិះគន់​ផងដែរ​ជុំវិញ​បញ្ហា​មួយចំនួន ដូចជា​បញ្ហា​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​ធ្លាក់ចុះ និង​ការបរាជ័យ​ក្នុង​ការទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ជាដើម​។ ទាំងអស់នេះ​ជា​ចំណុចខ្សោយ​ដែល​អ្នកគាំទ្រ​គណបក្សប្រឆាំង យកមក​វាយប្រហា​រលើ​រូបលោក​និង​មាន​ផ្ទុះ​ជាការ​ធ្វើបាតុកម្ម​តវ៉ា​កើតឡើង​នៅ​ឥណ្ឌូនេស៊ី​។ 

​មន្ដ្រី​សន្ដិសុខ​ជាន់ខ្ពស់​របស់លោក​វី​ដូ​ដូ ត្រូវបាន​សមាជិក​ក្រុម​ជ្រុលនិយម​ពីរ​នាក់​ចាក់​នឹង​កាំបិត​របួសធ្ងន់​កាលពី​មួយ​សប្ដាហ៍​មុន​។ ចំណែក​ជនសង្ស័យ​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រាប់សិប​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​បន្ទាប់ពី​ប៉ុនប៉ង​ធ្វើឃាត​អតីត​ឧត្ដមសេនីយ៍​ម្នាក់​។ ជារួម​ពេលនេះ​ឥណ្ឌូនេស៊ី​កំពុង​ជួបប្រទះ​ភាព​តានតឹង ដោយ​ស្ថានភាព​សន្ដិសុខ​ក៏​មិន​ល្អប្រសើ​រដែរ​៕

ព័ត៌មានផ្សេងទៀត