ទូត​ថ្មី​របស់​អាមេរិក​ នឹង​ជួប​មន្ត្រី​​រដ្ឋាភិបាល​កម្ពុ​ជា​ ដើម្បី​ពង្រឹង​​មិត្តភាព​​ឡើងវិញ​​

20-10-2019 10:52 am 438

​បន្ទាប់ពី​បាន​អនុញ្ញាតឲ្យ​ចូលគា​ល់​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហមុនី ដើម្បី​បង្ហាញខ្លួន​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ រួចមក លោក Patrick Murphy បាន​សរសេរ​សារ​ខ្លី​នៅ​បណ្តាញ​សង្គម Twitter របស់លោក​ពី​បំណង​បន្ត​ជួប​ជាមួយ​សមាជិក​នានា​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​បន្តទៀត ដើម្បី​ពិភាក្សា​ពី​កិច្ចប្រឹងប្រែង​ធ្វើឲ្យ​ចំណងមិត្តភាពរ​វាង​ប្រទេស​ទាំងពីរ កាន់តែ​ប្រសើរឡើង​។​

​លោក Patrick Murphy ត្រូវបាន​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បានអនុម័ត ឱ្យ​ក្លាយជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ខ្លួន ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៩​។​

​លោក Murphy ជា​អតីត​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការបរទេស ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ជា​សមាជិក​អាជីព​ម្នាក់ នៅក្នុង​កិច្ចការបរទេស​ជាន់ខ្ពស់​។ កន្លងមក​លោក គឺជា​អនុប្រធាន​ទូត និង​ជា​ភារធារី ប្រចាំ​នៃ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៦, នៅ​ប្រទេស Lesotho ពី​ឆ្នាំ​២០០៦ ដល់ ឆ្នាំ​២០០៨ ហើយ​បាន​ធ្វើជា​តំណាង​ស្តីទី​ពិសេស និង​ជា​អ្នកសម្របសម្រួល​គោលនយោបាយ សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៣​។​លោក Murphy បាន​បម្រើ​ការងារ​ក្នុង​វិស័យ​ការទូត​លើស​២៥​ឆ្នាំ ហើយ​លោក​បាន​កាន់តំណែង​ជាន់ខ្ពស់​ជាច្រើន​ផងដែរ​។​

​មន្ត្រី​បក្ស​កាន់អំណាច​នៃ​រដ្ឋាភិបាល​កម្ពុជា សុទ្ធតែ​បានបង្ហាញ​ភាព​សុទិដ្ឋិនិយម​ថា លោក Patrick. Murphy នឹង​ធ្វើឱ្យ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក មាន​ភាពល្អប្រសើរ​ឡើង​វិញ​។​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​សារ​ខ្លី​មួយ​ជូនពរ និង​ស្វាគមន៍ លោក Murphy ។ លោក​ផៃ ស៊ី​ផាន មាន​សុទិដ្ឋិនិយម ពី​សហប្រតិបត្តិការ​ជិតស្និទ្ធ និង​ទំនាក់ទំនង​ល្អប្រសើរ និង​ការគោរព​ផលប្រេយជន៍ ប្រជាជាតិ​គ្នា​ទៅវិញទៅមក ជា​អទិភាព រវាង​អាមេរិក និង​កម្ពុជា​។​

​លោក​សង្ឃឹមថា ប្រមុខ​ទូត​ថ្មី​របស់​អាមេរិក ប្រចាំ​កម្ពុជា ពេលនេះ នឹង​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា បន្តបាន​នូវ​ផល​នៃ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​ជួយ​បន្ថែម បន្ត ពង្រឹង ស្ថានភាព​បវរ​នេះ​ត​ទៅមុខទៀត​។ លោក​ផៃ ស៊ី​ផាន ទទួលស្គាល់ថា អ្វីៗ​ដែល​កម្ពុជា​មាន​សព្វថ្ងៃ ក៏មាន​ចំណែក ចូលរួម របស់​សហរដ្ឋអាមេរិក​ផងដែរ​។ លោក​ថា កម្ពុជា ជា​ប្អូនស្រី​របស់​សហរដ្ឋ​របស់​អាមេរិក​។

ជាការកត់សម្គាល់ នៅរយៈកាលចុងក្រោយនេះ ជាពិសេសក្រោយពីមានការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនលោកកឹម សុខា និងការធ្វើទុកបុកម្នេញជាបន្តបន្ទាប់ ទៅលើសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ឃើញថា ទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកម្ពុជា ហាក់ស្ថិតក្នុងស្ថានភាពល្អក់កករនឹងគ្នា គួរឲ្យកត់សម្គាល់។ មជ្ឈដ្ឋានទូទៅ កំពុងចាំមើលថា វត្តមានលោក Patrick. Murphy នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា អាមេរិក បានប្រសើរជាងមុនឬទេ?

 

ព័ត៌មានផ្សេងទៀត