ក្រោយ​ចាញ់ឆ្នោត​​ក្នុង​សភា​​នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​ស្នើ​ពន្យារពេល​​ចាកចេញ​ពី​អឺរ៉ុប​

20-10-2019 10:36 am 159
នាយករដ្ឋមន្ដ្រីអង់គ្លេស​លោកBoris Johnson

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន បានដាក់​លិខិត​មួយច្បាប់​ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​ស្នើសុំ​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប ប៉ុន្ដែ​នៅក្នុង​លិខិត​នោះ​ពុំមាន​ហត្ថលេខា​របស់លោក​ទេ​។ សំណើសុំ​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប​របស់​នាយករដ្ឋមន្ដ្រី​អង់គ្លេស ដាក់​ភ្ជាប់​ជាមួយ​លិខិត​មួយច្បាប់​ទៀត ដែលមាន​ចុះហត្ថលេខា​របស់លោក និង​និយាយថា​លោក​ជឿជាក់​ការសុំ​ពន្យារពេល​គឺជា​កំហុស​។ 

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​រូបនេះ​ត្រូវបាន​ទាមទារ​ដោយ​ច្បាប់ ដើម្បី​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប​ពន្យារពេល​ដល់​ការចាកចេញ​របស់​អង់គ្លេស ដែល​កន្លងមក​កំណត់​ត្រឹម​ថ្ងៃទី​៣១​ខែតុលា ក្រោយពេល​លោក​ចាញ់ឆ្នោត​នៅក្នុង​សភា​កាលពី​ថ្ងៃ​សៅរ៍​។ លោក​សម្រេចបាន​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​សហភាព​អឺរ៉ុប ជា​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស​។ កិច្ចព្រមព្រៀង​ត្រូវបញ្ជូន​ឲ្យ​បោះឆ្នោត​ក្នុង​សភា ហើយ​លោក​ច​ន​សុន​ក៏​ធ្លាប់​ប្រកាស​ជឿជាក់ថា​នឹង​ទទួលបាន​ការគាំទ្រ​។ ប៉ុន្ដែ​ជា​លទ្ធផល​លោក​នៅតែ​បរាជ័យ​ដដែល ដូច្នេះហើយ​ទើប​តម្រូវឲ្យ​លោក​សុំ​អឺរ៉ុប​ពន្យារពេលទាំង​ចិត្ដ​មិន​ចង់​។​

​លិខិត​ដែល​ដាក់​ទៅនោះ​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក​ដូណាល់ ថាស់ បានបញ្ជាក់​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រថា​លោក​បានទទួល​ហើយ​។ លោក​នឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អឺរ៉ុប​ផ្សេងទៀត ថា​តើ​ត្រូវ​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការស្នើសុំ​៕

ព័ត៌មានផ្សេងទៀត