តួ​ក​គី​​ព្រមាន​​បើ​ក្រុមឃឺ​ដ​​មិន​ដកទ័ព​​តាមកិច្ច​ព្រមព្រៀង​ទេ​​ពួកគេ​​នឹង​ត្រូវកម្ទេច​

20-10-2019 9:42 am 315

​ប្រធានាធិបតី​តួ​ក​គី​លោក​រី​សេព​ថា​យ​យី​ព អេដូ​ហ្គេន បាន​និយាយថា​តួ​ក​គី​នឹង​កម្ទេច​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ ប្រសិនបើ​ពួកគេ​មិន​ដកទ័ព​ចេញពី​ទីតាំង​គ្រោង​បង្កើតជា​តំបន់​សុវត្ថិភាព​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ តួ​ក​គី​បាន​យល់ព្រម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ផ្អាក​ការប្រយុទ្ធ​រយៈពេល​៥​ថ្ងៃជា​មួយ​ក្រុមឃឺ​ដ​នៅ​ស៊ី​រី ទុកពេល​ឲ្យ​ពួកគេ​ដក​កម្លាំង​ចេញ​។ ប៉ុន្ដែ​កាលពី​ថ្ងៃ​សៅរ៍​ភាគី​ទាំងពីរ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ថា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​។ 

​ទីក្រុង​អង់កា​រ៉ា​ចាត់ទុក​ក្រុមឃឺ​ដ​ដូចជា​ក្រុមភេ​រវករ ហើយ​ចង់​បង្កើត​តំបន់​សុវត្ថិភាព​មួយ​នៅក្នុង​ប្រទេស​ស៊ី​រី​។ ក្រោយពី​ការប្រយុទ្ធ​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​០៩​តុលា ទីបំផុត​តួ​ក​គី​សម្រេច​ឯកភាព​ជាមួយ​អាមេរិក​ដែលជា​អ្នកសម្របសម្រួល បង្កើត​បទ​ឈប់​បាញ់​រយៈពេល​៥​ថ្ងៃ ទុកពេល​ឲ្យ​ក្រុមឃឺ​ដ​ដកទ័ព​និង​ប្រជាជន​ជម្លៀស​ខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ ប៉ុន្ដែ​ទោះបីជា​មាន​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន អំពើហិង្សា​នៅតែ​កើតឡើង​ក្នុង​តំបន់​មួយចំនួន​ដដែល​។​

​ជុំវិញ​បញ្ហា​នេះ​ប្រធានាធិបតី​តួ​ក​គី​បាន​លើកឡើងថា ប្រិន​បើ​ក្រុមឃឺ​ដ​មិន​ដកទ័ព​ចេញ​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ ទៅតាម​អ្វីដែល​ព្រមព្រៀង​ក្នុង​បទ​ឈប់​បាញ់​ទេ តួ​ក​គី​នឹង​បន្ដ​យុទ្ធនាការ​កម្ទេច​ក្រុម​ភេរ​វករ​។ លោក​ប្រធានាធិបតី​តួ​ក​គី​នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ដ​ស៊ីរី​ក្នុងពេ​លឆាប់ៗ ហើយ​ប្រសិនបើ​កិច្ចពិភាក្សា​មិនអាច​រកឃើញ​វិធីសាស្ដ្រ​ដោះស្រាយ​បញ្ហា តួ​ក​គី​នឹង​ធ្វើតាម​ផែនការ​របស់ខ្លួន​។​

​ក្រសួងការពារជាតិ​តួ​ក​គី​ដំបូង​ឡើយ​បាន​ចោទប្រកាន់​ក្រុមឃឺ​ដ​ថា បើក​ការវាយប្រហារ​១៤​លើក​ក្នុង​រយៈពេល​៣៦​ម៉ោង​ចុងក្រោយ ប៉ុន្ដែ​ខាង​តួ​ក​គី​មិន​វាយបក​វិញ​ទេ​គឺ​បន្ដ​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​។ ផ្ទុយ​ពីនេះ​ក្រុមឃឺ​ដដែល​ដឹកនាំ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​វិញ បាន​ចោទ​ទៅ​តួ​ក​គី​ថា​ជា​អ្នក​បំពាន​លើ​បទ​ឈប់​បាញ់​។ ពួកគេ​ថា​កងទ័ព​តួ​ក​គី​បរាជ័យ​ក្នុង​ការបង្កើត​ច្រករបៀង​សម្រាប់​ការជម្លៀស​ប្រជាជន​ចេញ និង​ធ្វើឲ្យ​ប្រជាជន​នៅក្នុង​ទីក្រុង​ឡោមព័ទ្ធ​រងរបួ​ស​ថែមទៀត​។ 

​បើតាម​ការបញ្ជាក់​ពី​ក្រុម​តាមដាន​សិទ្ធិមនុស្ស​មាន​មូលដ្ឋាន​នៅ​ស៊ី​រី​បានឲ្យដឹងថា ចំនួន​ជន​ស៊ីវិល​ដែល​ស្លាប់​តាំងពី​ចាប់ផ្ដើម​ប្រតិ​ប​ត្ដិ​ការដំបូង កើនឡើង​ដល់​៨៦​នាក់​ហើយ​។ ក្រៅពីនេះ​ប្រជាជន​ជម្លៀស​ខ្លួន​មាន​ចន្លោះ​ពី​១៦​ទៅ​៣០​ម៉ឺន​នាក់ តាំងពី​មាន​ការប្រយុទ្ធ​ក្នុង​រយៈពេល​១០​ថ្ងៃ​កន្លងមក​៕

ព័ត៌មានផ្សេងទៀត