មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា វាយប្រហារ​គោលនយោបាយ​លោក​ត្រាំ​នៅ​ប្រទេស​ស៊ី​រី​

19-10-2019 5:20 pm 202
  ស្តាប់
ស្តាប់ជាសំឡេង

​បញ្ហា​កើតឡើង​ប្រកៀក​ប្រកិត​គ្នា​នៅក្នុង​កន្លែង​តែមួយ គឺ​ការដក​ទ័ព​របស់​អាមេរិក និង​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​កងទ័ព​តួ​ក​គី​និង​ក្រុម Kurdish គឺជា​ការបង្កើត​យុទ្ធសាស្ត្រ​នៃ​សុបិន​អាក្រក់​មួយ សម្រាប់​ប្រទេស​។ បើទោះបីជា​មាន​បទ​ឈប់​បាញ់​ក្តី ប៉ុន្តែ​ការវាយប្រហារ​របស់​តួ​ក​គី ​និង​ការដក​ទ័ព​របស់​អាមេរិក បានកំណត់​ឡើងវិញ នូវ​ការប្រយុទ្ធប្រឆាំង​របស់​អាមេរិក​ទល់នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។ នេះ​ជា​ការរិះគន់​របស់លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា នៃ​គណបក្ស​សាធារណរដ្ឋ​របស់លោក​ដូណាល់ ត្រាំ នៅក្នុង​កាសែត Washington Post​។​

​លោក Mitch McConnell  បានលើកឡើង​ទៀតថា ការដកថយ​នឹង​អនុញ្ញាតឲ្យ​ប្រទេ​សពីរ គឺ​រុស្ស៊ី​និង​អ៊ីរ៉ង់ មាន​ឥទ្ធិពល​នៅក្នុង​តំបន់​។ យ៉ាងណាក៏ដោយ សមាជិក​ព្រឹទ្ធសភា​ជាន់ខ្ពស់ ក្នុង​ជួរ​គណបក្ស​ដែល​កំពុង​ដឹកនាំ​ប្រទេស​រូបនេះ មិនបាន​និយាយ​ចំឈ្មោះ​លោក​ដូណាល់ ត្រាំ​ប្រធានា​ធិប​អាមេរិក​ នៅក្នុង​ការរិះគន់​នោះឡើុយ​។ លោក Mitch McConnell បាន​ស្នើឲ្យ​ប្រើប្រាស់​នយោបា​យ​ពីរ គឺ «​ការ៉ុត​និង​ដំបង » ដើម្បី​នាំ​តួ​ក​គី​ត្រឡប់មកវិញ​។ នយោបាយ​«​ការ៉ុត​និង​ដំបង » អាច​ចង់​សំដៅ​ទៅលើ​នយោបាយ​ប្រើប្រាស់​ការទូត​ផង និង​កម្លាំង​ផង នៅក្នុងពេល​តែមួយ រួមមាន​ការចរចា និង​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាដើម​។ 

​លោក Mitch McConnell ជា​អ្នក​នយោបាយ​មកពី​គណបក្ស​សាធារណរដ្ឋ​ចុងក្រោយ ដែល​រិះគន់​ប្រធានាធិបតី​អាមេរិក លើ​គោលនយោបាយ​​អនុវត្ដ​ក្នុងប្រទេស​ស៊ី​រី​។ ពោល សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក Lindsey Graham ក៏បាន​ប្រឆាំង​យ៉ាងខ្លាំង ចំពោះ​ការដក​កងទ័ព​របស់​រដ្ឋបាល​អាមេរិក​ដែរ​។​

​កងទ័ព​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ស៊ី​រី បានចាប់ផ្ដើម​ដកចេញ​ពី​តំបន់​ព្រំដែន​ជាមួយ​តួ​ក​គី​នៅ​ថ្ងៃទី​៧​តុលា​។ ព្រោះ​ទ័ព​អាមេរិក​បានធ្វើឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចុះ​ចាញ់ហើយ​។ ហេតុនេះ​ កងទ័ព​អាមេរិក​គ្មាន​ការងារ​ត្រូវ​ស្ថិតនៅក្នុង​តំបន់​នោះ​ទៀត​ទេ​។ តែ​ក្រោយ​ដកទ័ព​ចេញ បាន​ផ្តល់ឱកាស​ឲ្យ​តួ​ក​គី​ លើក​កម្លាំង​ចូល​វាយលុក​ក្រុមឃឺ​ដ ដែល​ខ្លួន​ចាត់ទុកជា​អ្នកគាំទ្រ​ក្រុម​ឧទ្ទាម អុកឡុក​ក្នុងប្រទេស​តួ​ក​គី​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​យុទ្ធនាការ​យោធា មាន​មនុស្ស​ជិត​៥០០​នាក់​ត្រូវ​បានសម្លាប់ នៅក្នុង​នោះ​មាន​ជន​ស៊ីវិល​៧២​នាក់ មុនពេល​តួ​ក​គី​យល់ព្រម​ផ្អាក​ការប្រយុទ្ធ នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី រយៈពេល​៥​ថ្ងៃ ដើម្បីទុកពេល​ឲ្យ​ក្រុមឃឺ​ដ​ដកទ័ព​ចេញ​៕

 ពាក្យគន្លឹះ  អាមេរិករុស្ស៊ីតួកគី

ព័ត៌មានផ្សេងទៀត