លោក​ឈាង វុន​៖ លោក​សម រង្ស៊ី​រង​ការ​អាម៉ាស់​បំផុតក្នុង​មហា​សន្និបាតសភា​IPU

19-10-2019 4:30 pm 326

​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ​រដ្ឋសភា បានបញ្ជាក់​ថា លោក សម រង្ស៉ី អតីត​មេដឹកនាំ​បក្សប្រឆាំង ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស បាន​ទទួលរង​នូវ​ភាពអាម៉ាស់​ដ៏​ធំ​បំផុត នៅ​ឯ​មហាសន្និបាត​អន្តរ​សភា (IPU) លើក​ទី​១៤១ ក្នុង​ទីក្រុង​ប៊ែល​ក្រា​ត ប្រទេស​ស៊ែ​ប៊ី​។ រង​ភាពអាម៉ាស់ ដោយសារ​លោក​សម រង្ស៊ី បាន​បន្លំ​ខ្លួន​ចុះឈ្មោះ ធ្វើជា​សមាជិក IPU ដើម្បី​ឡើង​ថ្លែង​សុន្ទរកថា ប៉ុន្តែ​ត្រូវបាន​លុបឈ្មោះ​វិញ បន្ទាប់ពី​មាន​ការតវ៉ា​ពី​សមាជិក​សភា​កម្ពុជា​។​ ​ការបញ្ជាក់​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​លទ្ធផល ក្រោយ​គណៈប្រតិភូ​រដ្ឋសភា នៃ​កម្ពុជា បាន​ចូលរួម​មហាសន្និបាត​អន្តរ​សភា នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ​។​

​លោក​ឈាង វុន បន្តថា ទោះបីជា លោក​សម រង្ស៊ី ត្រូវបាន​លុបឈ្មោះ មិន​ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា ក៏ដោយ អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ នៅ​តែ​ធ្វើ​សកម្មភាព​ផ្តេសផ្តាស នៅតែ​ចង់​បោកប្រាស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​បាន​ទៅ​ថតរូប​ជា​វីដេអូ​ក្លឹប​តូច​មួយ នៅ​ខាងក្រៅ​សាល សន្និបាត​អន្តរ​សភា ពោល​នៅក្នុង​បន្ទប់​គេ​សម្រាប់​ជួបគ្នា ដើម្បី​ជជែក​លេង ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​កម្ពុជា​ថា អន្តរជាតិ​បាន​ស្វាគមន៍​គាត់​។​

​លោកស្រី ឃួន សុ​ដា​រី តំណាង​សភា​កម្ពុជា បាន​ផ្ញើលិខិត​២​ច្បាប់ ទៅ​ប្រធានរដ្ឋសភា​សាធារណរដ្ឋ​ស៊ែ​ប៊ី និង ប្រធាន​សហភាព​អន្តរ​សភា (IPU) ដើម្បី​សុំ​ឲ្យ​ហាម​លោក​សម រង្ស៊ី ថ្លែង​សុន្ទ​ក​ថា ដោយ​លោកស្រី បញ្ជាក់​ក្នុង​លិខិត​ថា លោក​សម រង្ស៊ី ត្រូវបាន​កាត់ទោស​ដោយ​តុលាការ​កម្ពុជា ជាច្រើន​ករណី រួម​ទាំង​ការប្រមាថ​ព្រះមហាក្សត្រ និង​ការរៀបចំ​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ថា លោក​សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​កងកម្លាំង បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់ ដែល​លោកស្រី​អះអាងថា ជា​ការគំរាមកំហែង​ទៅដល់​សន្ដិភាព និង​ស្ថិរភាព​របស់​កម្ពុជា ដែល​រកបាន​ដោយ​លំបាក​។​

​យ៉ាងណាមិញ លោក​សម រង្ស៊ី កាលពី​ថ្ងៃ ១៤ តុលា បាន​អះអាង​តាមរយៈ​បណ្តាញ​សង្គម​Facebook​ថា លោក​បាន​ជួបប្រជុំ ជាមួយ​តំណាងរាស្ដ្រ​សេរីនិយម មកពី​ប្រទេស​មួយចំនួន ក្នុង​ទីក្រុង​បែ​ល​ក្រា​ត ជា​ទី​កន្លែង​នៃ​សន្និសីទ​សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU នេះដែរ​។​

​បើ​ទោះ​ជា​មិន​បាន​ថ្លែង ក្នុង​មហាសន្និបាត​សហភាព​អន្តរ​សភា​លើក​ទី​១៤១(IPU) តែ​គណបក្ស​នយោបាយ​សេរីនិយម​អន្តជាតិ​ចំនួន​១២ នៃ ចលនា​សេរីនិយម​អន្តរជាតិ ឬ Liberal International បាន​ថ្លែងការណ៍​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាងមុខ​។​នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍ ក្នុង​ទម្រង់​ជា​លិខិត​ចំហ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៧ តុលា​៕

ព័ត៌មានផ្សេងទៀត