ថ្ងៃ​វិល​ចូល​ស្រុក លោក​សម រង្ស៊ី​ថា មិន​ឲ្យ​លោក​ហ៊ុន សែន​ចាប់ខ្លួន​ងាយៗ​ឡើយ​

19-10-2019 12:04 pm 1633

​លោក​សម រង្ស៊ី អតីត​មេដឹកនាំ​បក្សប្រឆាំង ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​១៨ ខែតុលា បានបញ្ជាក់​ថា រូបលោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍ មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​

​ជា​ការកត់សម្គាល់ ក្នុង​កិច្ចសម្ភាសន៍​នេះ បាន​ចោទ​ជា​សំណួរ​ថា "បើសិនជា​លោក​សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​បាន​ហើយ តើ​មាន​វិធីសាស្ត្រ​បែប​ណា​ដើម្បី​កុំឲ្យ​មាន​ការចាប់ខ្លួន​? ហើយ​បើ​ចូល​មិនបាន តើ​មាន​វិធី​បែបណា​ដើម្បី​ចូល​បាន"​?

​លោក​សម រង្ស៊ី បាន​អះអាង​ថា លោក​បាន​រៀបចំ សេណារីយ៉ូ គ្រប់​ជ្រុងជ្រោយ​រួចរាល់​ហើយ ក្នុង​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា ហើយ​រូបលោក មិនឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចាប់ខ្លួន​ងាយៗ​នោះទេ​។ លោក​សម រង្ស៊ី បន្តថា លោក​ត្រូវ​រក្សា​សេរីភាព​របស់​ខ្លួន ដើម្បី​ដឹកនាំ​កម្លាំង​ប្រជារាស្ត្រ ហើយ​បើ​លោក​ត្រូវ​ចាប់ខ្លួន ដូច​លោក​កឹម សុខា​ដែរ​នោះ តើ​វា​មាន​ប្រយោជន៍​អ្វី​ទៅ ខណៈ​ដែល​បំណង​របស់​លោក គឺ​ចង់​រំដោះ​លោក​កឹម សុខា ចេញពី​ពន្ធនាគារ​។​

​អតីត​មេ​ដឹក​នា  នៃ​អតីត​គណបក្សប្រឆាំង​រូបនេះ បាន​អះអាង​បន្តថា ការ​ដែល​មិន​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ចាប់ខ្លួន​លោក​ងាយៗ​នោះ គឺ​ដោយសារ​កម្លាំង​ប្រជាជន​រាប់​ម៉ឺន រាប់សែន​នាក់ អមដំណើរ​ជា​មួយ​លោក ឆ្ពោះទៅ​កាន់​ក្រុង​ភ្នំពេញ ប្រៀប​បី​ដូច​ជា​កម្លាំង​រលក​យក្ស​ស៊ូណាមិ​។ ហើយ​រលក​យក្ស​ស៊ូណាមិ​នេះ គឺ​គ្មាន​នរណា​ម្នាក់​អាច​ចាប់ ឬ​ឃាត់​បាន​នោះទេ​។​

​យ៉ាងណាមិញ រហូតមកដល់​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ លោក សម រង្ស៊ី ដែល​ប្រកាស​ថា នឹង​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា​នោះ នៅ​មិនទាន់​ហ៊ាន​បង្ហាញ​សំបុត្រ​យន្តហោះ និង​តម្រាយ​ផ្លូវ​ថា ខ្លួន​នឹង​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ណា តាម​យន្តហោះ តាម​ជើងគោក ឬ​តាម​ផ្លូវទឹក នៅឡើយ​ទេ​។ ហើយ​ក្នុង​កិច្ចសម្ភាសន៍​ខាងលើនេះ លោក​សម រង្ស៊ី ក៏​មិន​បាន​ប្រាប់​ដែរ បើទោះបីជា​មាន​ការ​ចោទសួរ​យ៉ាងណាក៏ដោយ​។​

​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់បាន​លើកឡើង​ថា ការវិល​ត្រឡប់​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី មិន​បាន​នាំមក​នូវ​សុខ​សន្តិភាព​នោះ​ទេ តែ​ជា​ការ​នាំនូវ​សង្គ្រាម និង​ការបែកបាក់ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍ប្រ​ទេស​ជាតិ​។ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ សម្រាប់​ការចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​លោក​សម រង្ស៊ី ដែល​មានគំនិត​ធ្វើ​រដ្ឋប្រហារ និង​ប្រមាថ​ព្រះមហាក្សត្រ ដែល​មិន​អាច​អត់ឱន​បានឡើយ​៕

ព័ត៌មានផ្សេងទៀត