អាជ្ញាធរ​​ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា​​ជន​ជាតិចិន​មួយកន្លែង​​ក្នុង​ខណ្ឌដូនពេញ​​

19-10-2019 11:39 am 428

ហាង​ម៉ាស្សា​ស្ទីម​-​សូ​ណា​របស់​ជន​ជាតិចិន​មួយកន្លែង ដែលមាន​យីហោ ឡុង​ពាន អ៊ី​ឡុង​វ័ន ងូតទឹក មាន​ទីតាំង​ផ្ទះ​លេខ​៧Eo ផ្លូវ​លេខ​១៧២ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ត្រូវបាន​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ អភិបាល​ខណ្ឌដូនពេញ ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​បង្ក្រាប​ជាបន្ទាន់ នៅ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ក្រោយ​សង្ស័យ​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ។​

​ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញថា ទីតាំង​ខាងលើ​បាន​ត្រៀម​បើក​ប្រកប​អាជីវកម្ម ម៉ាស្សា ស្ទី​ម​-​សូ​ណា ដែល និង​មាន​បង្ហាញ​នូវ​ផ្ទាំង​រូបភាព​អាសអាភាស​ជាច្រើន​ផ្ទាំង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌​ជាតិ តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ រួមទាំង​មាន​ស្រោមអនាម័យ មិនទាន់​ប្រើ​មួយចំនួនធំ ។​

​គណៈកម្មការ​បានសម្រេច​ដកហូត​រូបភាព​អាសអាភាស​ទាំងអស់​ដែល​បាន​ដាក់តាំង​បង្ហាញ​នៅលើ​ជញ្ជាំង និង​ធ្វើ​ការផ្អាក​អាជីវកម្ម​នេះ​បណ្តោះអាសន្ន រង់ចាំ​បំពេញបែបបទ និង​ច្បាប់​អាជីវកម្ម​ត្រឹមត្រូវ រួមទាំង​មិន​អនុញ្ញាឱ្យ​ដាក់តាំង​រូប​ភាពអាស​អា​ភាស ឬ​ខ្លឹមសារ​ផ្សេងៗ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម និង​ហាម​ដាច់ខាត​ធ្វើ​អាជីវកម្ម​បម្រើសេវា​ផ្លូវភេទ ការប្រើប្រាស់​គ្រឿងញៀន ឬ​យក​ទីតាំង​អាជីវកម្ម​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ។ ក្រៅពី​សម្ភារៈ​ខាងលើ ក្រុមការងារ​ពុំបាន​ដកហូត​សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​មិន​ពាក់ព័ន្ធ​ឡើយ និង​បានឱ្យ​ម្ចាស់​ទីតាំង​ផ្តិតមេដៃ​លើ​កំណត់ហេតុ ៕

 

ព័ត៌មានផ្សេងទៀត