តុលាការ​ផ្តន្ទាទោស​​លោក​សម រង្ស៊ី ​និង​សហការី ​ពីបទ​ប្រមាថ​ និង​ញុះញង់​​

18-10-2019 4:49 pm 726

​នៅ​រសៀល​ថ្ងៃទី​១៨ តុលា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​សម រង្ស៉ី និង​សហការី​របស់លោក​២​រូប​ទៀត គឺ​លោក​ហូ វ៉ាន់ និង​លោក​កាក់ កុម្ភា​រ ដាក់ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ ៨​ខែ ពីបទ​ផ្តើមគំនិត​ប្រមាថ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​២៨ មាត្រា​៤៩៥ និង​មាត្រា​៥០២ នៃ​ក្រមព្រហ្មទណ្ឌ​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ តុលាការ​ក៏​បានប្រកាស​សាលក្រម​ដាច់ដោយឡែក​មួ​យ​ទៀត ដោយ​ផ្តន្ទាទោស​ឈ្មោះ គង់ ម៉ាស់ និង​ឈ្មោះ វឿន គឹម​លន់ ដាក់ពន្ធនាគារ​ម្នាក់ៗ ១​ឆ្នាំ ៦​ខែ ផងដែរ ពីបទ​ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញតិ្ត​មាត្រា ៤៩៥ និង​មាត្រា ៥០២ នៃ​ក្រមព្រហ្មទណ្ឌ ដូចគ្នា​។ 

​ប៉ុន្តែ​ក្នុងចំណោម​ជន​ទាំងនោះ​មានតែ​ឈ្មោះ គង់ មាស់ ជា​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្តស្វាយរៀង ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។​លោក​គង់ ម៉ាស់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​ការចោទប្រកាន់​ពីបទ​ប្រមាថ និង​បទ​ញុះញង់​ឲ្យ​បង្ក​ចលាចល​៕

 ពាក្យគន្លឹះ  លោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត