ព្រឹទ្ធសភា ពិនិត្យនិង​ឯកភាព​ទាំងស្រុង​លើ​ច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម​

18-10-2019 4:36 pm 308
​នៅ​ទីបំផុត សេចក្តីព្រាងច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម ត្រូវ​បាន​ព្រឹទ្ធសភា ប​ពិនិត្យ និង​ឲ្យយោបល់​ឯកភាព​ទាំងស្រុង ដោយ​ឥត​កែប្រែ​ចំនួន ៥៦​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា​នេះ​។   

​បើ​តាម​សេចក្តីប្រកាស ស្តីពី​លទ្ធផល បានបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ តាក់តែង​ឡើង​មាន​គោលបំណង​បង្កើត ឲ្យមាន​របប​សន្តិសុខ​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​គោលការណ៍​សាមគ្គី​ធម៌ និង​សមធម៌​សង្គម ដែល​រួមមាន​៤​ផ្នែក គឺ​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិតក្រោម​ច្បាប់​ស្តីពី ការងារ រួម​ទាំង​បុគ្គលិក​ផ្លូវអាកាស នាវា​សមុទ្រ និង​អ្នកបម្រើ​ក្នុងផ្ទះ ព្រមទាំង​បុគ្គល​ស្វ័យ​និយោជន៍​។​

​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់​នូវ​ផល​វិជ្ជមាន​សម្រាប់​កិច្ច​គាំពារ​សង្គម​ដូចជា​៖  

- បង្ការ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បុគ្គល​នៃ​វិស័យ​សាធារណៈ​អ តីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន និង​ប្រជាជន​ទាំងអស់ ដែល​មាន​ការងារ​ធ្វើ​ក្នុង​ការទទួល​បាន​រប​ប​សន្តិសុខ​សង្គម​ 

- កាត់បន្ថយ​បន្ទុក​ចំណាយ និង​បង្កើន​ចំណូល​រដ្ឋ​សម្រាប់​ជំនួយ​សង្គម​

 - រួមចំណែក​កសាង​សង្គម​ប្រកប​ដោយ​សុខភាព​ល្អ​ជា​សាកល ដែល​ជា​ចំណុច​ដៅ​នៃ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​

 - ​កាត់បន្ថយ​វិសមភាព​ក្នុងសង្គម និង​ផ្តល់​ការ​គាំពារ​ប្រកប​ដោយ​សាមគ្គីធម៌ និង​សមធម៌​សង្គម​។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែង​ឡើង​មាន ១១​ជំពូក និង​ចែក​ចេញ ១០៧​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១០៥​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦៕ ​

ព័ត៌មានផ្សេងទៀត