ក្នុង​ត្រីមាស​ទី​បី​​ឆ្នាំនេះ​​សេដ្ឋកិច្ច​ចិន​​កើនឡើង​​យឺត​​ខុសពី​​ការរំពឹងទុក​

18-10-2019 4:11 pm 156
  ស្តាប់
រូបភាព​កំពង់ផែ​ទំនិញ​ចិន
ស្តាប់ជាសំឡេង

​នៅក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំនេះ​ដែល​រាប់​រយៈពេល​បី​ខែ​ត្រឹម​ខែកញ្ញា សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​យឺតយ៉ាវ​ខុសពី​ការរំពឹងទុក​។ បញ្ហា​នេះ​កើតឡើង​ចន្លោះពេល​ចិន​កំពុង​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក និង​កំពុង​ព្យាយាម​ដោះស្រាយ​ឲ្យ​ល្អប្រសើរ​ឡើងវិញ​ផងដែរ​។ ក្នុង​រយៈពេល​បី​ខែ​នេះ​សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​៦​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន នេះ​បើតាម​តួលេខ​បង្ហាញ​ជា​ផ្លូវការ​។ ប៉ុន្ដែ​ចំនួន​នេះ​បាន​ធ្លាក់ចុះ​ទាប​ជាង​កា​រំពឹងទុក ដែល​ចិន​សង្ឃឹម​អាច​ទទួលបាន​៦.១​ភាគរយ​។​

​ការធ្លាក់ចុះ​ខុសពី​ការរំពឹង​នេះ​ទៀតសោត បាន​កើតឡើង​បើទោះបីជា​រដ្ឋាភិបាល ខិតខំ​គាំទ្រ​សេដ្ឋកិច្ច​មាន​ទាំង​ចាត់វិធានការ​មួយចំនួន​ដូចជា​កាត់​បន្ថយពន្ធ​ជាដើម​។ តួលេខ​ថ្មីៗ​នេះ​បានបង្ហាញ​ពី​ការថយចុះ​នៃ​សន្ទុះ​សេដ្ឋកិច្ច​របស់​ចិន និង​ត្រូវបាន​គេ​មើលឃើញថា ជា​ការរីកលូតលាស់​យឺត​បំផុត​ក្នុង​រយៈពេល​ប្រមាណ​៣​ទសវត្ស​។ ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ចិន​កំពុង​ត្រូវបាន​ឃ្លាំមើល​យ៉ាង​ដិតដល់​បំផុត ព្រោះ​កំណើនសេដ្ឋកិច្ច​ចិន​យឺតយ៉ាវ អាច​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​សេដ្ឋកិច្ចពិភពលោក​។​

​ចិន​បាន​ក្លាយជា​ប្រទេស​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ​ក្នុង​រយៈ​ប៉ុន្មាន​ទសវត្ស​ថ្មីៗ​នេះ ដោយសារតែ​ភាពល្អប្រសើរ​នៃ​ការគាំទ្រ​លើ​ផលិតផល​ចិន​។ នៅក្នុង​នោះ​រាប់​ចាប់តាំងពី​ទំនិញ​រហូតដល់​គ្រឿង​ម៉ាស៊ីន ដែល​ទទួលបាន​ការគាំទ្រ​កើនឡើង​នៅ​ជុំវិញ​ពិភពលោក​។ អ្នកវិភាគ​មួយចំនួន​កំពុង​ព្រួយបារម្ភ​ថា កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ចិន អាច​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក ដែល​កំពុង​ធ្លាក់ចុះ​ស្រាប់​ផង និង​អាច​បង្កើន​ហា​នី​ភ័យ​កាន់តែ​ខ្ពស់​ថែមទៀត​៕

ព័ត៌មានផ្សេងទៀត