ដ្បិត​មិនឲ្យ​ថ្លែង​​ក្នុង​សន្និបាត​IPU​ តែ​តំណាងរាស្ត្រ​​១២​បក្ស ​គាំទ្រ​​មាតុភូមិនិវត្តន៍​​លោក​សម រង្ស៊ី​​

18-10-2019 3:25 pm 2231

​លោក​សម រង្ស៊ី ត្រូវបាន​ដក​ឈ្មោះ​មិនឲ្យ​ថ្លែង​សុន្ទរកថា​ក្នុង​មហា​សន្និបាតសហភា​ព​អន្តរ​សភា​លើក​ទី​១៤១ (IPU) ពី​ថ្ងៃ ១៤ ដល់​ថ្ងៃទី ១៦ តុលា នៅក្នុង​ទីក្រុង​បែ​ល​ក្រា​ដ ប្រទេស ស៊ែ​ប៊ី ដែល​ការដក​នេះ គឺធ្វើឡើង​តាម​សំណើ លោកស្រី​ឃួន សុ​ដា​រី ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា​។​

​លោកស្រី​ឃួន សុ​ដា​រី អនុប្រធាន​ទី ២ នៃ​រដ្ឋសភា​ដែល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​សហភាព​អន្តរ​សភា​នៅ​ប្រទេស​ស៊ែ​ប៊ី​បាន​ផ្ញើលិខិត ២ ច្បាប់​គឺ ១ ច្បាប់​ទៅ​លោកស្រី Maja Gojkovic ប្រធានរដ្ឋសភា​សាធារណ​រដ្ឋ​ស៊ែ​ប៊ី និង ១ ច្បាប់​ទៀត​ទៅ​លោកស្រី Gabriela Cuevas Baron ប្រធាន​សហភាព​អន្តរ​សភា (IPU) ដើម្បី​សុំឱ្យ​ហាម​លោក​សម រង្ស៊ី ថ្លែង​សុន្ទ​ក​ថា ដោយ​លោកស្រី​ឃួន សុ​ដា​រី បញ្ជាក់​ក្នុង​លិខិត​ថា​លោក​សម រង្ស៊ី ត្រូវបាន​កាត់ទោស​ដោយ​តុលាការ​កម្ពុជា​ជាច្រើន​ករណី រួមទាំង​ការប្រមាថ​ព្រះមហាក្សត្រ និង​ការរៀបចំ​ធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​រដ្ឋាភិបាល និង​ថា លោក​សម រង្ស៊ី​នេះ បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​ប៉ះ​បោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់ ដែល​លោកស្រី​អះអាងថា ជា​ការគំរាមកំហែង​ទៅដល់​សន្ដិភាព និង​ស្ថិរភាព​របស់​កម្ពុជា​ដែល​រកបាន​ដោយ​លំបាក​។​

​ឯ​លោក​សម រង្ស៊ី កាលពី​ថ្ងៃ ១៤ តុលា បាន​អះអាង​តាមរយៈ​បណ្តាញ​សង្គម​Facebook​ផ្ទាល់ខ្លួន​ថា លោក​បាន​ជួបប្រជុំ​ជាមួយ​តំណាងរាស្ដ្រ​សេរីនិយម​មកពី​ប្រទេស​មួយចំនួន ក្នុង​ទីក្រុង​បែ​ល​ក្រា​ដ ជា​ទីកន្លែង​នៃ​សន្និសីទ​សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU នេះដែរ​។​

​បើទោះជា​មិនបាន​ថ្លែង​ក្នុង​មហាសន្និបាត​សហភាព​អន្តរ​សភា​លើក​ទី​១៤១(IPU)​ តែគណបក្សនយោបាយ​សេរីនិយម​អន្តជាតិ​ចំនួន ១២ នៃ ចលនា​សេរីនិយម​អន្តរជាតិ ឬ Liberal International បាន​ថ្លែងការណ៍​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី នៅ​ថ្ងៃទី​០៩ វិច្ឆិកា ខាងមុខ​។​នេះ បើ​យោងតាម​សេចក្តីថ្លែងការណ៍ ក្នុង​ទម្រង់​ជា​លិខិត​ចំហ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៧ តុលា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ បណ្តាញ​ពិភពលោក​នៃ​គណបក្ស​សេរីនិយម​ទាំងនេះ បញ្ជាក់ថា ក្នុងនាម​ជា​អ្នក​សេរីនិយម និង​ជា​អ្នកគាំទ្រ​ប្រជាធិបតេយ្យ ពួកគេ​អំពាវនាវ​ឲ្យ​លោក​ហ៊ុន សែន ដែល​ពួកគេ​ហៅថា ជា​មេដឹកនាំ​ផ្តាច់ការ ត្រូវ​ចុះ​ចេញពី​តំណែង និង​ធ្វើយ៉ាងណា​សម្រួល​ឲ្យ​លោក​សម រង្ស៊ី និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត អាច​ធ្វើដំណើរ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​។​

​ជាមួយគ្នានេះដែរ ចលនា​សេរីនិយម​អន្តរជាតិ​នេះ បានបញ្ជាក់​ជំហ​រថា ខ្លួន​នឹង​ជួយ​រក​មេធាវី​អន្តរជាតិ ដើម្បី​ប្តឹង​ករណី​លោក​ហ៊ុន សែន និង​មន្ត្រី​របស់លោក ដែលគំរាមកំហែង​អាយុជីវិត​លោកសម រង្ស៊ី ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​។​

​បន្ថែម​លើ​នេះ គណបក្សនយោបាយ​ទាំងនេះ​ប្តេជ្ញា​ថា នឹង​កៀរគរ​តំណាងរាស្ត្រ និង​រដ្ឋាភិបាល​ប្រទេស​សេរី​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ដាក់​សម្ពាធ​នយោបាយ​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

​សូមបញ្ជាក់ថា គណបក្សនយោបាយ​សេរីនិយម​ទាំង ១២​នោះ មាន​មកពី​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ ស្វ៊ី​ស និង ហុ​ល្លង់​ជាដើម​។​ ចលនា​សេរីនិយម​អន្តរជាតិ ឬ Liberal International ជា​សហព័ន្ធ​ពិភពលោក​នៃ​គណបក្សនយោបាយ​សេរីនិយម និង ប្រជាធិបតេយ្យ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស និង​មាន​សមាជិក ១០៦​ប្រទេស គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៨៕ 

 ពាក្យគន្លឹះ  លោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត