នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​ជឿជាក់​​កិច្ចព្រមព្រៀង​ថ្មី​​នឹងមាន​​ការគាំទ្រ​​ក្នុង​សភា​

18-10-2019 9:26 am 164

​មេដឹកនាំ​សហភាព​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស បាន​ឈានដល់​កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្ដីពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។ កិច្ចព្រមព្រៀង​នេះ​កើតឡើង​បន្ទាប់ពី​មាន​ការឯកភាព​រវាង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ដូណាល់ ថាស់ មេដឹកនាំ​សហភាព​អឺរ៉ុប​នៅក្នុង​សន្និសីទកាសែត បន្ទាប់ពី​កិច្ចប្រជុំ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ កិច្ចព្រមព្រៀង​ត្រូវការ​ការអនុម័ត​ដោយ​សភា​អង់គ្លេស​និង​អឺរ៉ុប​បន្ដទៀត មុន​អាច​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​។ ប៉ុន្ដែ​សមាជិកសភា​គណបក្សប្រឆាំង​អង់គ្លេស បាន​រិះគន់​រួចទៅហើយ​ចំពោះ​កិច្ចព្រមព្រៀង​នេះ​។ សភា​អង់គ្លេស​នឹង​បោះឆ្នោត​សម្រេច​លើ​កិច្ចព្រមព្រៀង​ថ្មី​នៅ​ថ្ងៃ​សៅរ៍​។​

​ប៉ុន្ដែ​ទោះបីជា​មាន​ការរិះគន់​ពី​គណបក្សប្រឆាំង​ក៏ដោយ នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន​បានបង្ហាញ​ទំនុកចិត្ដ​ថា សមាជិកសភា​នឹង​បោះឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង​ថ្មី​។ លោក​សង្ឃឹមថា​លោក​នឹង​អាច​ឈ្នះ​នូវ​អ្វីដែល​បាន​គិតទុក ក្នុង​ការបោះឆ្នោត​នៅ​សភា​នា​ថ្ងៃ​សៅរ៍​។ លោក​ចាត់ទុក​វា​ជា​ឱកាស​ដ៏​ល្អ​នៅ​អង់គ្លេស សម្រាប់​ការចាក​ចេញពី​អឺរ៉ុប​ដោយ​ជោគជ័យ គឺអាច​ដើរចេញ​តាម​កំណត់​នៅ​ថ្ងៃទី​៣១​ខែតុលា​នេះ​។ 

​លោក​ច​ន​សុន​បន្ថែមថា កិច្ចព្រមព្រៀង​ថ្មី​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អង់គ្លេស ដែល​អាច​ផ្ដល់ឲ្យ​រដ្ឋាភិបាល​នូវ​អាជ្ញាប័ណ្ណ​ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​ជាច្រើន ដូចជា​បញ្ហា​កម្មករ បរិស្ថាន និង​ការការពារ​អតិថិជន​ជាដើម​។ ថ្លែង​ក្នុង​ទីក្រុង​ព្រុច​សែលលោក​ចន​សុន​បាន​បដិសេធថា លោក​នឹងមិន​ជួប​ជោគវាសនា​ដូច​អ្នក​កាន់តំណែង​អាណត្ដិ​មុន គឺ​អ្នកស្រី​ថេ​រេសា ម៉េ​នោះទេ​។ អ្នកស្រី​បរាជ័យ​ក្នុង​ការទទួលបាន​កិច្ចព្រមព្រៀង​ចេញពី​អឺរ៉ុប​នៅក្នុង​សភា​។ តែ​សម្រាប់​លោក​ច​ន​សុន​ជឿជាក់​យ៉ាងខ្លាំង​ថា សមាជិកសភា​បាន​សិក្សា​ពី​កិច្ចព្រមព្រៀង​នេះ ដូច្នេះ​ពួកគេ​នឹង​ចង់​បោះឆ្នោត​គាំទ្រ​មិនខានឡើយ​។​

​សូម​រម្លឹក​ដែរថា កិច្ចព្រមព្រៀង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ត្រូវបាន​ដាក់​បោះឆ្នោត​ក្នុង​សភា​ជា​ច្រើនលើកច្រើនសារ​មក​ហើយ ប៉ុន្ដែ​មិន​ទទួលជោគជ័យ​ឡើយ​ដោយ​ត្រូវ​សមាជិកសភា​បក្សប្រឆាំង​ជំទាស់​។ អង់គ្លេស​ត្រូវការ​កិច្ចព្រមព្រៀង​ចេញពី​អឺរ៉ុប សម្រាប់​ការពារ​ខ្លួន​ទប់​ទល់នឹង​ហា​នី​ភ័យ​ផ្សេងៗ​ដូចជា បញ្ហា​សេដ្ឋកិច្ច នយោបាយ សង្គម និង​សន្ដិសុខ​ជាតិ​ជាដើម​៕

ព័ត៌មានផ្សេងទៀត