តួ​ក​គី​​ព្រមព្រៀង​​នឹង​អាមេរិក​​ផ្អាក​ប្រយុទ្ធ​​នៅ​ភាគ​ខាងជើង​​ប្រទេស​ស៊ី​រី​០៥​ថ្ងៃ​

18-10-2019 8:02 am 300

​តួ​ក​គី​បានសម្រេច​ឯកភាព​ផ្អាក​ការប្រយុទ្ធ​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ហើយ ដើម្បី​ទុកពេល​ឲ្យ​កងកម្លាំង​ដឹកនាំ​ដោយ​ម​ក្រុមឃឺ​ដ​ភៀសខ្លួន​ចេញ​។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​បន្ទាប់ពី​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃ ផេន និង​ប្រធានាធិបតី​តួ​ក​គី​លោក​រី​សេព​ថា​យ​យី​ព អេដូ​ហ្គេន បាន​ជួប​ពិភាក្សាគ្នា​ក្នុង​ទីក្រុង​អង់កា​រ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ គិត​តាំងពី​ថ្ងៃ​ដែល​តួ​ក​គី​ចាប់ផ្ដើម​វាយលុក​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី រហូតដល់​ព្រមព្រៀង​ផ្អាក​ប្រតិ​បត្ដិកា​រ​ទៅវិញ​គឺមាន​រយៈពេល​៨​ថ្ងៃ​។ 

​ការប្រយុទ្ធ​គ្នា​នឹងត្រូវ​ផ្អាក​រយៈពេល​៥​ថ្ងៃ ហើយ​អាមេរិក​នឹង​ជួយ​គាំទ្រ​ការដក​ទ័ព​របស់​ក្រុមឃឺ​ដ ចេញពី​ទីតាំង​ដែល​តួ​ក​គី​ចាត់ទុកថា​ជា​តំបន់​សុវត្ថិភាព​នៅ​ព្រំដែន​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ផេន បន្ទាប់ពី​បាន​ចរចា​ជាមួយ​ប្រធានាធិបតី​តួ​ក​គី រយៈពេល​បួន​ម៉ោង​នៅ​ទីក្រុង​អង់កា​រ៉ា​។ តែ​យ៉ាងណាមិញ​នៅ​មិនទាន់​ច្បាស់​នោះទេ​ថា ក្រុមឃឺ​ដនឹង​ព្រម​អនុវត្ដតាម​កិច្ចព្រមព្រៀ​ង​ទាំងស្រុង​ឬ​យ៉ាងណា​។ 

​លោក​ផេន​បាន​គូសបញ្ជាក់ផង​ដែ​រ​ថា សហរដ្ឋអាមេរិក​និង​តួ​ក​គី​បាន​ប្ដេជ្ញាចិត្ដ​ក្នុង​ការដោះស្រាយ​ដោយ​សន្ដិវិធី ទៅលើ​ការទាមទារ​បង្កើត​តំបន់​សុវត្ថិភាព​របស់​តួ​ក​គី ដែលមាន​ទីតាំងនៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ជាប់​ព្រំដែន​តួ​ក​គី​។ នេះ​គឺជា​គោលដៅ​មួយ​នៃ​គោលដៅ​ផ្សេងទៀត ដែល​តួ​ក​គី​សម្រេច​បើក​ការវាយប្រហារ​។ ចំពោះ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ លោក​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់​ដែល​សម្រេចបាន ដោយ​សង្កត់ធ្ងន់ថា​មានជីវិត​មនុស្ស​រាប់លាន​នាក់​នឹង​ត្រូវបាន​ជួយសង្គ្រោះ​។​

​សូមបញ្ជាក់ថា បើតាម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ី​រី ការប៉ះទង្គិច​គ្នា​នៅតែ​បន្ដ​កើតឡើង​ដដែល​នៅក្នុង​តំបន់​មួយចំនួន ទោះបី​មាន​ការប្រកាស​ពីបទ​ឈប់​បាញ់​ទៅហើយ​ក្ដី​។ បើ​គិត​តាំងពី​ចាប់ផ្ដើម​ការប្រយុទ្ធ​គ្នា ជន​ស៊ីវិល​៧២​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត និង​មនុស្ស​ជាង​៣០​ម៉ឺន​នាក់​បាន​ជម្លៀស​ខ្លួន​ចេញពី​លំនៅឋាន​។ តួ​ក​គី​ចាប់ផ្ដើម​ប្រតិ​បត្ដិកា​រកា​លពី​ថ្ងៃទី​០៩​ខែតុលា ក្នុង​គោលបំណង​បោសសម្អាត​ក្រុមឃឺ​ដ ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរ​វករ​។ សម្រាប់​គោលបំណង​ធំ​មួយទៀត​គឺ​ដូច​បានបញ្ជាក់​ហើយ​ថា ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព​ធ្វើជា​កន្លែង​ស្នាក់នៅ​របស់​ជនភៀសខ្លួន​ស៊ី​រី​៕

ព័ត៌មានផ្សេងទៀត