ជប៉ុន​ផ្តល់​ជាង​៣​លានដុល្លារ​សម្រាប់​​គម្រោង​ផ្តល់​អាហារ​ពេល​ព្រឹក​​នៅថ្នាក់​​បឋម​សិក្សា​​​​​

17-10-2019 7:48 pm 200
  ស្តាប់
ស្តាប់ជាសំឡេង

​រាជរដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ជា​ង​៣​លាន​ដុល្លារ​អាមេរិក តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ​ដល់​កម្ពុជា អនុវត្ត​គម្រោង​ចម្អិន​អាហារ​ពេល​ព្រឹក​ដល់​កុមារ​នៅ​តាម​សាលា​បឋមសិក្សា​ចំនួន​៥ នៅ​កម្ពុជា...

​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ បាន​ចុះហត្ថលេខា​ក្នុង​ការឧបត្ថម្ភ​ជំនួយ​ស្បៀង​អាហារ​ពេល​ព្រឹក​ដល់​កុមារ​នៅ​តាម​សាលាបឋមសិក្សា ដើម្បី​លើកកម្ពស់​សុខភាព ការលូតលាស់​រាងកាយ និង​ខួរក្បាល​កុមារ នៅ​ព្រឹក​ថ្ងៃទី​១៧ តុលា ។​

​តាមរយៈ​ការចុះហត្ថលេខា​នេះ រាជរដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ៣,១៨​លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ក្នុង​គោលបំណង​រួមចំណែក​ដល់​ការអនុវត្ត​កម្មវិធី​ផ្តល់​ស្បៀង​អាហារ​តាម​សាលារៀន ។​

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោកស្រី Francesca Erdelmann នាយក​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា និង​លោក MIKAMI Mashiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ក្រោម​អធិបតីភាព​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន​ណារ៉ុន មានប្រសាសន៍ថា ជំនួយ​នេះ​មាន​សារៈសំខាន់​ណាស់ គឺ​អាច​ជួយ​ឱ្យ​កុមារ​ក្រីក្រ​កម្ពុជា​ក្នុង​គម្រោង​នេះ អាច​ទទួលបាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ពិសេស តាមរយៈ​គម្រោង​នេះ នឹង​អាច​ទាក់ទាញ​កុមារ​ក្រីក្រ​ទាំងនោះ អាច​ចូល​រៀន​ចេះ​ច្រើន ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ឱ្យដឹងថា ជំនួយ​ជាង​៣​លាន​ដុល្លារ​នេះ នឹង​ត្រូវ​ផ្តល់ឱ្យ​សិស្ស​ថ្នាក់​បឋម​សិក្សា​ចំនួន​ជាង ២១៩.០០០​នាក់ ចាប់ពី​បវេសនកាល​ឆ្នាំ​នេះ​តទៅ ។ តាមរយៈ​គម្រោង​នេះ អាហារ​ពេលព្រឹក​ដែល​ត្រូវ​ចម្អិន​ឡើង​សម្រាប់​កុមារ​ម្នាក់ៗ ត្រូវមាន​គ្រឿងផ្សំ​បាយ ត្រីខកំប៉ុង ប្រេង​ឆា អំបិល​អ៊ីយ៉ូត និង​បន្លែ​ដែល​មាន​បរិមាណ ៥៥០​កា​ឡូរី ។​

​គូសបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១១​ដល់​បច្ចុប្បន្ន លើកលែង​តែ​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​ជប៉ុន បាន​វិនិយោគ​គាំទ្រ​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ក្នុង​ដំណើរកា​រលើ​ការ​ផ្តល់​អាហារ​តាម​សាលារៀន ដែល​មាន​អាហារូបត្ថម្ភ​ខ្ពស់​ដល់​កុមារ​កម្ពុជា បាន​ប្រមាណ ៧៧៧.៦២៧​នាក់ ដោយ​កុមារ​ទាំងនោះ ជា​ក្រុម​កុមារ​រៀន​នៅ​កម្រិត​មត្តេយ្យសិក្សា និង​បឋមសិក្សា មក​ពី​គ្រួសារ​ក្រីក្រ អសន្តិសុខ​ស្បៀង និង​សហគមន៍​ងាយ​រងគ្រោះ​បំផុត ៕

ព័ត៌មានផ្សេងទៀត