មេដឹកនាំ​ហុងកុង​​ត្រូវ​សមាជិក​សភា​បក្ស​ប្រឆាំង​​ស្រែក​​សម្លុត​ខ្លាំងៗ​​ក្នុង​អង្គប្រជុំ​

17-10-2019 5:14 pm 458
រូបភាព​សមាជិកសភាដែលប្រតិកម្ម​នឹងលោកស្រីខារី ឡាម

​ភាពចលាចល​បាន​ផ្ទុះឡើង​ជាថ្មី​នៅក្នុង​កិច្ចប្រជុំសភា​ហុងកុង គឺ​សមាជិកសភា​គណបក្សប្រឆាំង នាំគ្នា​តវ៉ា​ប្រឆាំង​និង​ស្រែក​សម្លុត​ខ្លាំងៗ​ដាក់​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​។ កាលពី​ថ្ងៃទី​១៦​តុលា​ជា​ថ្ងៃ​ចាប់ផ្ដើម​សម័យប្រជុំ​សភា​ជាថ្មី សមាជិកសភា​បក្សប្រឆាំង​ហុងកុង​បាន​រំខាន​លោកស្រី​ខា​រី ឡា​ម មិនឲ្យ​ថ្លែង​សុន្ទរកថា​ស្ដីពី​គោលនយោបាយ​រដ្ឋនៅក្នុង​សភា​នោះទេ​។ នៅ​ទីបំផុត​លោកស្រី​សម្រេច​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​នោះ តាមរយៈ​ការថត​ជា​វីដេអូ​ជំនួស​វិញ​។​

​នៅ​ថ្ងៃទី​១៧​តុលា​នេះ​លោកស្រី​បាន​ត្រឡប់​ចូលរួម​កិច្ចប្រជុំសភា​ម្ដងទៀត ដើម្បី​ឆ្លើយ​នឹង​សំណួរ​របស់​សមាជិកសភា ទាក់ទង​នឹង​មាតិកា​នៃ​គោលនយោបាយ​ដែល​លោកស្រី​បានបង្ហាញ ប៉ុន្ដែ​ត្រូវបាន​សមាជិកសភា​នាំគ្នា​ប្រឆាំង​បន្ដទៀត ហើយ​ពួកគេ​បាន​លើក​បដា​និង​កាន់​ផ្កា​ពណ៌​ស ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​មនុស្ស​រងរបួស​ក្នុង​អំឡុងពេល​ធ្វើបាតុកម្ម​។ ពួកគេ​បាន​ស្រែក​ខ្លាំងៗ​ដាក់​លោកស្រី​ខា​រី ឡា​ម ហើយ​ចុងក្រោយ​សមាជិកសភា​ចំនួន​១១​រូប ត្រូវបាន​សន្ដិសុខ​បណ្ដេញចេញ​ពី​បន្ទប់​ប្រជុំ​សភា​។ នៅពេល​ចាកចេញ​ពួកគេ​ស្រែក​លឺៗ​ថា “​ខា​រី ឡា​ម អ្នក​មិនគួរ​នៅ​បន្ដ​ជា​អ្នកដឹកនាំ​របស់​ហុងកុង​ទៀតឡើយ​។ អ្នក​គ្មាន​សមត្ថភាព​ទេ​។​”

​ចំពោះ​ការរិះគន់​លើ​លោកស្រី​នៅក្នុង​កិច្ចប្រជុំសភា​ដូច្នេះ មាន​ការចោទប្រកាន់ថា​លោកស្រី​មិន​បានបង្ហាញ​ពី​ចេតនា ចង់​ដោះស្រាយ​វិបត្ដិនយោបាយ​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំសភា​ថ្ងៃ​ដំបូង​។ ប៉ុន្ដែ​លោកស្រី​បាន​ច្រានចោល​ការចោទប្រកាន់​នេះ និង​ទទូចថា​គោលនយោបាយ​របស់លោក​ស្រី ពិតជា​មានចែង​ពី​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ហុងកុង​។​

​សូម​រម្លឹកថា ការតវ៉ា​នៅ​ហុងកុង​បានអូសបន្លាយ​ពេល​ជាង​៤​ខែ​មកហើយ នៅ​មិនទាន់​រក​ដំណោះស្រាយ​បញ្ចប់​បាន​នៅឡើយ ខណៈ​ការតវ៉ា​ផ្ទុះ​ជា​អំពើហិង្សា​កាន់តែខ្លាំង​ឡើងៗ​។ មនុស្ស​ជាច្រើន​នាក់​ត្រូវ​រងរបួស និង​រាប់រយ​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​។ ដើមហេតុ​ដំបូង​នៃ​ការតវ៉ា​ដោយសារ​ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ មិន​ពេញចិត្ដ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ពួកគេ​ថា​សេចក្ដីព្រាងច្បាប់ មាន​គោលដៅ​រឹតបន្ដឹង​សិទ្ធិសេរីភាព​ពួកគេ​។ ក្រោយមក​រដ្ឋាភិបា​ល​ហុងកុង​បានសម្រេច​លុបចោល​វិញ ប៉ុន្ដែ​ក្រុម​តវ៉ា​នៅ​ទាមទារ​ចង់បាន​ការដោះដូរ​ជាច្រើន​ទៀត ដែល​រហូតដល់​បច្ចុប្បន្ន​ពុំទាន់​មាន​ការឆ្លើយតប​តាម​សំណើ​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត