លោកសុខ ឥសាន៖ ស្វាគមន៍បងប្អូននៅអតីតបក្សប្រឆាំងចូលមកCPPជានិច្ច

17-10-2019 3:25 pm 1085

គណបក្សប្រជាជនកម្ពុជា ស្វាគមន៍បងប្អូននៅក្នុងជួរអតីតបក្សប្រឆាំងជានិច្ច និងគ្រប់ពេលក្នុងការមកចូលរួមក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាមជ្ឈមណ្ឌលនៃសុខដុមនីយកម្មសង្គម​កម្ពុ​ជា។ នេះជាសារនយោបាយខ្លីមួយ របស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានសរសេរនៅក្នុងបណ្ដាញសង្គមតេលេក្រាម នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ។ ការប្រកាសស្វាគមន៍នេះ ត្រូវបានគេមើលឃើញ ថា បន្ទាប់ពីមានអតីត​មន្ត្រី​ជាន់ខ្ពស់ និងអតីតសកម្មជនអតីតបក្សប្រឆាំងមួយចំនួន បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា។

ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ លោកគង់ បូរ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ និងលោកដន វ៉ាន់ឌី សមាជិកអតីតគណបក្ស​សង្រ្គោះជាតិខេត្ត​ព្រៃ​វែង ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ចំណែកនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក៏មានអតីតសកម្មជន អតីតបក្សសង្រ្គោះជាតិ ប្រចាំស្រុកសំឡូត ខេត្តបាត់ដំបងចំនួន២នាក់ទៀត ក៏បានយល់​ព្រម​ចុះចូល ជាមួយគណបក្សកាន់អំណាចផងដែរ។

លោកគង់ បូរ៉ា អតីតសមាជិកអតីតបក្សប្រឆាំង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោក ថា រូបលោកមិនចង់មានឈ្មោះ ដិតដាម ជាអតីតសមាសភាព អតីតគណបក្សសង្រ្គោះ​ជាតិ​នោះទេ គឺមានតែការចូលជាសមាជិក គណបក្សប្រជាជនកម្ពុជាទេ ពោលគឺឈរខាងការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលស្មើនឹងការពាររដ្ឋធម្មនុញ្ញ ការពារសមិទ្ធផល កិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

ព័ត៌មានផ្សេងទៀត